ជាតិ
សុវត្តិភាព ចរាចរណ៍
ប៉ូលិសចរាចរណ៍៤រូប ត្រូវបានដកសក្តិមួយកម្រិត និងបញ្ឈរជើង៣ខែ ក្រោយពិន័យអ្នកបើកបរគ្មានកំហុស
25, Oct 2022 , 11:16 am        
រូបភាព
 មន្ត្រីចរាចរណ៍៤រូប ត្រូវបានដកឋានន្តរសក្តិមួយកម្រិត ( ដកមួយសក្តិ ) និងបញ្ឈរជើង ៣ខែនៅការិយាល័យបុគ្គលិក ដោយសារប្រព្រឹត្តកំហុស លើករណីផាកពិន័យពលរដ្ឋ ដោយមិនត្រឹមត្រូវ។ មន្ត្រីទាំង៤រូប បានប្រព្រឹត្តខុស នៅគោលដៅស្តុបទន្លេបាសាក់ ផ្លូវម៉ៅសេទុង កាលពីថ្ងៃទី២១ តុលា។
 
ស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា មន្ត្រីទាំង៤រូបនេះ បានសារភាពកំហុស ដែលបានឃាត់រថយន្តពលរដ្ឋបើកបរត្រឹមត្រូវ ហើយផាកពិន័យ ដោយមិនចេញវិក្កយបត្រពិតមែន។ 
 
«ដោយទទួលបានបទបញ្ជា និងការឯកភាពពីឯកឧត្តមស្នងការ ផ្នែកវិន័យ នៃការិយាល័យបុគ្គលិក បានសម្រេចដកមន្ត្រីទាំង៤រូបនេះ មកបញ្ឈរជើងរយៈពេល៣ខែ បង្ហាញមុខជាប្រចាំរាល់ម៉ោងធ្វើការ នៅការិយាល័យបុគ្គលិក ធ្វើកិច្ចសន្យា ជាពិសេស មន្ត្រីដែលប្រព្រឹត្តកំហុសត្រូវបានដកឋានន្តរសក្តិមួយកម្រិត ( ដកមួយសក្តិ ) ដើម្បីជាការព្រមានចំពោះការប្រព្រឹត្តកំហុសនេះ»។ នេះបើតាមស្នងការនគរបាលរាជធានីភ្នំពេញ។
 
កាលពីព្រឹកថ្ងៃទី២១ ខែតុលា នៅចំណុចគោលដៅស្តុបទន្លេបាសាក់ តាមបណ្តោយមហាវិថីម៉ៅសេទុង មានករណីផាកពិន័យពុំត្រឹមត្រូវ និងមិនចេញវិក្កយបត្រ ទៅលើរថយន្តមួយគ្រឿងម៉ាក ISUZU ពណ៌ទឹកប្រាក់ ខណៈពេលអ្នកបើកបរពុំបានប្រព្រឹត្តល្មើសភ្លើងសញ្ញាចរាចរណ៍ឡើយ (ភ្លើងពណ៌បៃតង) ដោយមានភស្តុតាងថតតាមកាមេរ៉ាជាជាវីដេអូ ដែលបំពាក់ភ្ជាប់នៅក្នុងរថយន្ត ពេលកំពុងបើកបរឆ្លងស្តុប ។
 
ក្រោយមកម្ចាស់រថយន្ត បានបង្ហោះវីដេអូនោះ លើបណ្ដាញសង្គមហ្វេសប៊ុក ពីសកម្មភាពមន្ត្រីនគរបាលនៅគោលដៅស្ដុបទន្លេបាសាក់ ផ្លូវម៉ៅសេទុង នោះ ដែលនាំឱ្យមានការរិះគន់លើនគរបាលចរាចរណ៍។ ទន្ទឹមនឹងការរិះគន់នេះ ស្រាប់តែមានបែកសារជាសំឡេងបែបធ្លាយ ពីការទទួលស្គាល់កំហុសខ្លួន របស់លោកអនុសេនីយ៍ទោ ព្រំ ចាន់ដារ៉ា ដែលបានយកគណនីហ្វេសប៊ុករបស់លោកអនុសេនីយ៍ឯក ថាច ប៊ុនធឿន ផ្ញើសារទៅកាន់ម្ចាស់រថយន្ត ដើម្បីផ្ទេរប្រាក់ជូនវិញ និងស្នើសុំលុបវីដេអូដែលបានបង្ហោះក្នុងបណ្តាញសង្គម កាលពីថ្ងៃទី២២ តុលា។ ប៉ុន្តែម្ចាស់រថយន្តបដិសេធការអង្វររបស់មន្ត្រីនគរបាលចរាចរណ៍នោះ ។ នេះបើតាមការរៀបរាប់របស់ស្នងការនគរបាលរាជធានីភ្នំពេញ។
 
 
«ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រីករាយក្នុងការទទួលព័ត៌មានពីបងប្អូនប្រជាពលរដ្ឋ ក្នុងករណីមានមន្ត្រីរូបណាដែលអនុវត្តខុសពីការណែនាំ ឬផ្ទុយពីច្បាប់ដែលបានកំណត់ »។ នេះបើតាមស្នងការក្រុង។
 
 
 
 

Tag:
 ចរាចរណ៍
  នគរបាល
© រក្សាសិទ្ធិដោយ thmeythmey.com