អន្តរជាតិ
ចំខួបបង្កើតអង្គការសហប្រជាជាតិ ចិនអំពាវនាវឱ្យអនុវត្តពហុប៉ូលនិយម និងការពារប្រព័ន្ធអន្តរជាតិ
25, Oct 2022 , 1:59 pm        
រូបភាព
លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិន។ រូបភាព៖ Global Times
លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិន។ រូបភាព៖ Global Times
អ្នកនាំពាក្យក្រសួងការបរទេសចិន លោកWang Wenbin នៅថ្ងៃទី២៤ ខែតុលា បានអំពាវនាវឱ្យប្រទេសទាំងអស់អនុវត្តប្រព័ន្ធពហុប៉ូលពិតប្រាកដ និងការពារប្រព័ន្ធអន្តរជាតិ ដោយមានអង្គការសហប្រជាជាតិ (UN)ជាស្នូល។ មិនតែប៉ុណ្ណោះ លោក Wang ក៏បានប្តេជ្ញាការពារសន្តិភាព និងកសាងសហគមន៍ជាមួយអនាគតរួមគ្នាសម្រាប់មនុស្សជាតិផង។
 
ថ្ងៃទី២៤ ខែតុលា ជាខួបនៃការបង្កើតអង្គការសហប្រជាជាតិរយៈពេល ៧៧ឆ្នាំ ក្រោយសង្រ្គាមលោកលើកទីពីរត្រូវបានបញ្ចប់។ ស្របពេលនេះ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បានលើកឡើងថា ចិនមានឆន្ទៈ ក្នុងការបំពេញតួនាទីប្រកបដោយភាពវិជ្ជមានក្នុងការលើកតម្កើងតួនាទីរបស់អង្គការសហប្រជាជាតិ ដើម្បីពង្រឹងសន្តិភាព និងការអភិវឌ្ឍរបស់មនុស្សជាតិ។ 
 
មិនតែប៉ុណ្ណោះ មន្រ្តីក្រសួងការបរទេសចិនរូបនេះ បានអំពាវនាវប្រទេសទាំងអស់ឱ្យអនុវត្តប្រព័ន្ធពហុប៉ូល និងការពារប្រព័ន្ធអន្តរជាតិ។ នេះមិនមែនជាលើកទីមួយឡើយសម្រាប់ចិន ដែលជំរុញឱ្យមានការអនុវត្តបែបនេះ ដោយសារចិន តែងមានភាពតានតឹងជាមួយអាម៉េរិក និងប្រទេសសម្ព័ន្ធមិត្ត។ 
 
«យើងបានត្រៀមខ្លួនជាស្រេចក្នុងការពារសន្តិភាព រួមចំណែកការអភិវឌ្ឍសកល និងកសាងសហគមន៍ជាមួយអនាគតរួមគ្នាសម្រាប់មនុស្សជាតិ»។ លោក Wang បានបន្ថែមបែបនេះ ដោយបន្តថា ចិនតែងការពារគោលបំណង និងគោលការណ៍របស់ធម្មនុញ្ញអង្គការសហប្រជាជាតិ រួមទាំងតួនាទីស្នូលរបស់អង្គការសហប្រជាជាតិក្នុងកិច្ចការអន្តរជាតិ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន CGTN។ 
 
បន្ថែមពីនេះ អ្នកនាំពាក្យក្រសួងការបរទេសចិន ក៏បានរំឭកពីតួនាទីចិន ក្នុងការស្នើឱ្យមានគំនិតផ្តួចផ្តើមសន្តិសុខសកល, ការបញ្ជូនទាហានចំនួន ៥ម៉ឺននាក់ទៅចូលរួមក្នុងប្រតិបត្តិការថែរក្សាសន្តិភាព, ចូលរួមក្នុងកិច្ចការគ្រប់គ្រងអាវុធអន្តរជាតិ រួមទាំងដំណើរការមិនរីកសាយ និងការកាត់បន្ថយអាវុធ៕
 
 
 

Tag:
 ចិន
  UN
© រក្សាសិទ្ធិដោយ thmeythmey.com