អន្តរជាតិ
នយោបាយអន្តរជាតិ
ធនាគារពិភពលោកបន្ថែមជំនួយជាង៥០០លានដុល្លារដល់អ៊ុយក្រែន 25, Oct 2022 , 3:59 pm

អាគារបែកបាក់ក្នុងទីក្រុង Mariupol របស់អ៊ុយក្រែន។ រូបថត Xinhua
×![]()
ធនាគារពិភពលោក នៅថ្ងៃទី២៤ ខែតុលា ប្រកាសថា ខ្លួនផ្ដល់ជំនួយបន្ថែមជាង ៥០០លានដុល្លារដើម្បីឱ្យអ៊ុយក្រែនយកទៅដោះស្រាយការចំណាយបន្ទាន់ផ្សេងៗដែលកើតឡើងដោយសារការឈ្លានពានរបស់រុស្ស៊ីចាប់តាំងពីខែកុម្ភៈរហូតមក។
កន្លងមក ធនាគារពិភពលោគ្រោងផ្ដល់ជំនួយឱ្យអ៊ុយក្រែនសម្រាប់កសាងប្រទេស និងបំពេញតម្រូវការចាំបាច់បន្ទាន់ផ្សេងៗចំនួន១៣ពាន់លានដុល្លារ ដែលបានតាមការប្រមូលពីបណ្ដាប្រទេសនានា។ មកទល់ពេលនេះ លុយជំនួយដែលបានដល់ដៃអ៊ុយក្រែនសរុបមាន១១ពាន់លានរួចទៅហើយ។ គម្រោងប្រមូលជំនួយមនុស្សធម៌ធ្វើឡើងដើម្បីជួយអ៊ុយក្រែនដោះស្រាយការចំណាយសាធារណៈបន្ទាន់ក្នុងសង្គមដូចជាវិស័យសុខាភិបាល ការអប់រំ និងការការពារសង្គម។
ធនាគារពិភពលោក នៅថ្ងៃ២៤ ខែតុលា បានប្រកាសជាថ្មីថាខ្លួនបានផ្ដល់ជំនួយបន្ថែមជាង ៥០០លានដុល្លារទៅឱ្យអ៊ុយក្រែន។ ការផ្ដល់ជំនួយនេះធ្វើឡើងមុនថ្ងៃសន្និសីទទីក្រុងបែរឡាំងមួយថ្ងៃ ដែលមេដឹកនាំតាមបណ្ដាប្រទេស និងក្រុមអ្នកជំនាញផ្នែកអភិវឌ្ឍន៍ ជួបជុំពិភាក្សាអំពីវិធីកសាងអ៊ុយក្រែនឡើងវិញបន្ទាប់ពីការលុកលុយរបស់រុស្ស៊ី។
ប្រធានធនាគារពិភពលោក លោក David Malpass លើកឡើងថា ការឈ្លានពានរបស់រុស្ស៊ីនៅតែបន្តបង្កឱ្យមានការបំផ្លិចបំផ្លាញយ៉ាងច្រើនលើហេដ្ឋារចនាសម្ព័ន្ធរបស់អ៊ុយក្រែន រួមទាំងបណ្តាញទឹក អនាម័យ និងបណ្តាញអគ្គិសនី ខណៈដែលរដូវរងាកំពុងខិតជិតមកដល់ផង កាន់តែធ្វើឱ្យមានគ្រោះថ្នាក់ដល់ប្រជាជនអ៊ុយក្រែនបន្ថែមទៀត។
«កញ្ចប់លុយជំនួយថ្មីដែលបញ្ចេញនៅថ្ងៃនេះនឹងត្រូវប្រើដើម្បីរក្សាសេវាសំខាន់ៗរបស់រដ្ឋាភិបាល។ យើងឈរយ៉ាងរឹងមាំគាំទ្រប្រជាជនអ៊ុយក្រែន ស្របពេលពួកគេប្រឈមមុខនឹងវិបត្តិដែលគ្មានអ្វីប្រៀបបាននេះ»។ លោក Malpass ថ្លែងបែបនេះនៅក្នុងសេចក្តីថ្លែងការណ៍មួយ។
ធនាគារពិភពលោក រួមទាំងរដ្ឋាភិបាលអ៊ុយក្រែន និងគណៈកម្មាធិការអឺរ៉ុបបានលើកឡើងក្នុងរបាយការណ៍មួយដែលបានចេញផ្សាយកាលពីខែកញ្ញាថា ការឈ្លានពានរបស់រុស្ស៊ីបានបណ្តាលឱ្យខូចខាតទ្រព្យសម្បត្តិជាតិអ៊ុយក្រែនមានតម្លៃស្មើនឹង៩៧ពាន់លានដុល្លារ ហើយការកសាងឡើងវិញនឹងអាចចំណាយប្រាក់ជិត៣៥០ពាន់លានដុល្លារឯណោះ៕
© រក្សាសិទ្ធិដោយ thmeythmey.com