កីឡាអន្តរជាតិ
អន្តរជាតិ
UCL ៖ Chelsea ប៉ះ Salzburg ដើម្បីឈរកំពូលតារាង ខណៈ Sevilla ជួប Copenhagen សម្រាប់ក្តីសង្ឃឹមតិចតួច
25, Oct 2022 , 9:29 pm        
រូបភាព
ការប្រកួតព្រឹត្តិការណ៍ UEFA Champions League ប្រកួតទី៥​ ក្នុងវគ្គជម្រុះតាមពូល នាថ្ងៃទី២៥ ខែតុលានេះ ដោយChelsea ត្រូវទទួលក្រុម FC Salzburg ប្រជែងកៅអីវគ្គ ១៦ក្រុមស្វ័យប្រវត្តិ ។ ចំណែក ​Sevilla ទទួល FC Copenhagen ដែលជាក្រុមមាន២ពិន្ទុដូចគ្នា នឹងត្រូវការឈ្នះរៀងខ្លួន ដើម្បីអាចបន្តលេងក្នុងពានអឺរ៉ុបទៀត។


​តោខៀវដឹកនាំដោយគ្រូបង្វឹកអង់គ្លេស​​ Graham Potter បច្ចុប្បន្ន មាន ៧ពិន្ទុ ខណៈ Salzburg ឈរលេខ២ មាន ៦ពិន្ទុ ក៏ជាក្រុមដែលមិនបណ្តែតបណ្តោយឱ្យ Chelsea ដណ្តើមបានពិន្ទុដ៏ងាយប៉ុន្មានឡើយ នាការប្រកួតក្នុងទឹកដីកីឡដ្ឋាន ​Red Bull Arena របស់ពួកគេ។ មុនពេលឈានដល់ជំនួបនេះក្រុមទាំងពីរឆ្លងកាត់ការប្រកួតក្នុងលីគរាងខ្លួន មានលទ្ធផលស្មើដូចគ្នា។
 
ទោះជាយ៉ាងណា ​Salzburg គឺជាក្រុមកំពូលតារាងនៃលីគកំពូលអូទ្រីស ហើយត្រូវទទួល​ Chelsea ជាក្រុមលេខ ៥នៅ Premier League របស់អង់គ្លេស អាចក្លាយជាផលលំបាក សម្រាប់ Chelsea ដើម្បីអាចធ្វើដំណើរទៅវគ្គ ១៦ក្រុម ។ ក្រៅពីក្រុមទាំងពីរនេះ ក៏មានក្រុម AC Milan ស្ថិតនៅចំណាត់ថ្នាក់លេខ៣ និង Dinamo Zagreb លេខ៤​ ដែលមាន៤ពិន្ទុស្មើគ្នា ក៏ស្ថិតនៅពូល E នេះដែរ។ ក្រុមទាំងអស់ ក្នុងពូលនេះ មិនទាន់មានពិន្ទុដាច់គ្នាខ្លាំងនៅឡើយទេ។ 
 
ទៅកាន់ទឹកដីអេស្ប៉ាញវិញ Sevilla ដែលចាប់ផ្តើមរដូវកាលថ្មីមិនសូវទទួលបានលទ្ធផលគាប់ប្រសើរ ត្រូវប្រជែងជាមួយ FC Copenhagen ដែលមាន ២ពិន្ទុដូចគ្នាក្នុងពូល G រាត្រីនេះវេលាម៉ោង ១១:៤៥ យប់។ ជាក្រុមមានសង្ឃឹមតិចដូចគ្នាដើម្បីបន្តដំណើរនៅ Champions League វគ្គ ១៦ក្រុម ប៉ុន្តែទាំងក្រុមមកពីអេស្ប៉ាញ និងក្រុមមកដាណឺម៉ាក់ នៅមានសង្ឃឹមខ្ពស់ប្រជែងលេខ៣ បន្តដំណើរក្នុងការប្រកួតពានរង្វាន់ទីពីរអឺរ៉ុប Europa League។ 
 
បើទោះបី Borussia Dortmund ត្រូវជួប Manchester City ក្រុមខ្លាំងក្នុងពូលក្នុងសប្តាហ៍នេះក្តី ប៉ុន្តែគេហាក់មិនសូវបារម្ភឡើយ ដោយសារមានពិន្ទុឃ្លាតពីក្រុមលេខ៣ និងលេខ៤ រហូតដល់៥ពិន្ទុ។ ជំនួបចុងក្រោយរបស់ក្រុម Dortmund នឹងត្រូវជួប Copenhagen ខណៈ Sevilla ដ៏ជួប Man City ជំនួបចុងក្រោយ។ រាត្រីនេះរវាងក្រុមទាំងពីរ ម្នាក់ណាទទួលបានជ័យជម្នះនោះ នឹងជាក្រុមមានក្តីសង្ឃឹមខ្ពស់បន្តដំណើរក្នុងពានរង្វាន់អឺរ៉ុបបន្ត។ វេលាម៉ោង ២រាត្រីនេះ Man City ប៉ះ Dortmund ជាការប្រកួតដែល Haaland ត្រូវជួបក្រុមចាស់ជាលើកទីពីរក្រោយផ្ទេរចេញក្នុងរដូវកាលនេះ។
 
ខាងក្រោមនេះជាការប្រកួតក្រុមដទៃទៀតនៃ Champions League វេលាម៉ោង ២យប់៖
 
Dinamo Zagreb ទទួល AC Milan ជំនួបពូល E 
Celtic ទទួល Shakhtar Donetsk ខណៈ RB Leipzig ស្វាគមន៍ Real Madrid ជំនួបពូល F 
Borussia Dortmund ទទួល Manchester City ជំនួបពូល G 
Benfica ទទួល Juventus ខណៈ Paris Saint Germain ស្វាគមន៍ Maccabi Haifa៕
 
 
 
 

Tag:
 UEFA Champions League
© រក្សាសិទ្ធិដោយ thmeythmey.com