អន្តរជាតិ
សិង្ហបុរីចង់​ទាញ​យក​អ៊ីដ្រូសែនមកប្រើ ​ដើម្បី​ឆាប់សម្រេច​បាន​គោលដៅ​អាកាសធាតុ​​នៅឆ្នាំ២០៥០
26, Oct 2022 , 8:29 am        
រូបភាព
រូបថត Xinhua
រូបថត Xinhua
សិង្ហបុរីកំពុងសម្លឹងមើលការទាញយកអ៊ីដ្រូសែនមកប្រើប្រាស់ក្នុងដំណើរផលិតថាមពលរបស់ខ្លួន ដើម្បីជំរុញកិច្ចប្រឹងប្រែងកាត់បន្ថយការបំភាយកាបូន ខណៈបុរីរដ្ឋមួយនេះឆ្ពោះទៅរកគោលដៅការបំភាយឧស្ម័នសូន្យរបស់ខ្លួននៅឆ្នាំ២០៥០។


ក្នុងកិច្ចប្រជុំថាមពលប្រចាំឆ្នាំសិង្ហបុរី ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីហិរញ្ញវត្ថុ លោក Lawrence Wong នៅថ្ងៃទី២៥ ខែតុលា ប្រកាសថា សិង្ហបុរីនឹងជំរុញគោលដៅអាកាសធាតុរបស់ខ្លួនដើម្បីឆាប់សម្រេចបានគោលដៅបំភាយឧស្ម័នសូន្យត្រឹមឆ្នាំ២០៥០។ សិង្ហបុរី ក៏ដាក់គោលដៅថ្មីដោយកាត់បន្ថយការបំភាយឧស្ម័នកាបូនឌីអុកស៊ីតមកនៅត្រឹម៦០លានតោនក្នុងឆ្នាំ២០៣០ ខណៈកន្លងមកប្រទេសនេះដាក់គោលដៅបំភាយឧស្ម័ន៦៥លានតោននៅឆ្នាំដដែល។ 
 
គោលដៅអាកាសធាតុថ្មីអាចសម្រេចទៅបានត្រូវពឹងផ្អែកលើភាពជឿនលឿននៃបច្ចេកវិទ្យា ក៏ដូចជាលទ្ធភាពនៃបច្ចេកទេសគាំទ្រកាបូនទាប រួមមានបច្ចេកវិទ្យាទាញយកអ៊ីដ្រូសែន ការចាប់យកកាបូន ការប្រើប្រាស់ និងការផ្ទុកកាបូន។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរួមរបស់លេខាធិការដ្ឋានបម្រែបម្រួលអាកាសធាតុជាតិ និងក្រសួងនិរន្តរភាព និងបរិស្ថាន នាថ្ងៃទី២៥ ខែតុលា។
 
លោក Wong ពន្យល់ថា ដើម្បីចាប់ផ្តើមគម្រោងប្រើប្រាស់អ៊ីដ្រូសែន រដ្ឋាភិបាលនឹងជំរុញអាជីវកម្មខ្នាតតូចប្រើប្រាស់អាម៉ូញ៉ាក់សម្រាប់ផលិតថាមពលអគ្គិសនី ព្រោះអាម៉ូញ៉ាក់ផ្សំឡើងពីអ៊ីដ្រូសែន។ បន្ទាប់មក ប្រជាជនសិង្ហបុរីនឹងមានថាមពលអគ្គិសនីប្រើផលិតចេញពីអ៊ីដ្រូសែន។ បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មសិង្ហបុរី អ៊ីដ្រូសែនអាចផ្គត់ផ្គង់តម្រូវការប្រជាជនដល់ទៅពាក់កណ្ដាប្រទេសនៅឆ្នាំ២០៥០។ 
 
ជាមួយគ្នា សិង្ហបុរីនឹងបញ្ចេញថវិកាជាង៩០លានដុល្លារ សម្រាប់គម្រោងស្រាវជ្រាវលើការផលិតថាមពលបំភាយកាបូនទាប។ សិង្ហបុរីក៏ដាក់ចេញផែនការនាំចូល ការគ្រប់គ្រង ប្រើប្រាស់ និងការរក្សាទុកអ៊ីដ្រូសែនប្រកបដោយសុវត្ថិភាពផងដែរ។ គម្រោងប្រើប្រាស់អ៊ីដ្រូសែននេះ នឹងបង្កើតឱកាសសេដ្ឋកិច្ចថ្មីសម្រាប់សិង្ហបុរី។ 
 
គួរបញ្ជាក់ថា ការ​កែប្រែគោលដៅអាកាសធាតុថ្មីដោយប្រើអ៊ីដ្រូសែនរបស់សិង្ហបុរីធ្វើឡើង​មុន​កិច្ច​ប្រជុំ​កំពូល​អាកាសធាតុ​អង្គការ​សហ​ប្រជាជាតិ​ឆ្នាំ​២០២២ (COP27) ក្នុងខែវិច្ឆិកា នៅអេហ្ស៊ីប។ រហូតមកដល់ពេលនេះ ប្រទេសមួយចំនួន រួមទាំងអាម៉េរិក អូស្ត្រាលី និងកាណាដា បានធ្វើបច្ចុប្បន្នភាពគោលដៅអាកាសធាតុរបស់ខ្លួនដែរ៕
 
 
 

Tag:
 សិង្ហបុរី
© រក្សាសិទ្ធិដោយ thmeythmey.com