កីឡាអន្តរជាតិ
អន្តរជាតិ
អ្នកគាំទ្រអាហ្សង់ទីនម្នាក់ទៅដល់កាតា ៦ខែមុន World Cup មកដល់ 26, Oct 2022 , 9:59 am

×![]()
លោក Marcelo Martinez អ្នកគាំទ្រក្រុមកីឡាបាល់ទាត់ជម្រើសជាតិអាហ្សង់ទីនដំបូងបំផុត បានធ្វើដំណើរទៅដល់ប្រទេសកាតា ៦ខែមុនព្រឹត្តិការណ៍ FIFA World Cup ចាប់ផ្តើម។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃទី២៤ ខែតុលា។
Martinez អ្នកគាំទ្រក្រុមអាហ្សង់ទីនដំបូងគេបង្អស់រូបនេះ បានទៅដល់ទីក្រុងដូហារ កាលពីថ្ងៃទី៣ ខែឧសភា មកម៉្លេះ ជាមួយនឹងការតែងខ្លួនដែលមានសក់ពណ៍ខៀវ និង ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងលើបណ្តាញអ៊ិនធឺណិត។
អ្នកគាំទ្រវ័យ ៥២ឆ្នាំរូបនេះបានបង្ហាញក្តីរំពឹងរបស់លោកថា តារាបាល់ទាត់ឆ្នើម Messi នឹងអាចលើកពានរង្វាន់លំដាប់ពិភពលោក ដូចក្តីស្រម៉ៃរបស់គេផ្ទាល់។ Messi នឹងបង្ហាញខ្លួនលើកទី៥ របស់គេ និងជាការប្រកួត World Cup ចុងក្រោយផងដែរ។ អាហ្សង់ទីនធ្វើដំណើរទៅកាន់ World Cup ជាមួយកំណត់ត្រាក្រុមមិនស្គាល់បរាជ័យម្តងឡើយ ក្រោយឆ្លងកាត់ ៣៥ប្រកួតរួចមក។
«រឿងរ៉ាវអស្ចារ្យជាច្រើនបានកើតឡើងនៅទីនេះ ពួកគេទាំងអស់នៅទីនេះពិតជាស្រលាញ់ Messi និងអាហ្សង់ទីន។ ខ្ញុំបានស្នាក់នៅក្នុងសណ្ឋាគារង់ចាំពួកគេ ជាមួយទង់ជាតិអាហ្សង់ទីន និងសក់ពណ៍របស់ខ្ញុំ ពេលនោះមានមនុស្សម្នាក់បានដើរមក និងបានសួរខ្ញុំថា កំពុងតែធ្វើអ្វី ខ្ញុំបានឆ្លើយតប រួចហើយគេបានយកលេខទូរស័ព្ទខ្ញុំ ហើយបានស្នើផ្តល់ផ្ទះរបស់គេដល់ខ្ញុំស្នាក់នៅសម្រាប់រយៈពេល ២ ឬ៣ខែអំឡុងពេលព្រឹត្តិការណ៍។»។ លោក Martinez បាននិយាយប្រាប់អ្នកកាសែតបែបនេះ។
មិនត្រឹមតែប៉ុណ្ណោះ ក្លិបក្នុងទីក្រុងដូហារមួយចំនួនបានទាក់ទង់ទៅលោក Martinez ដើម្បីអញ្ជើញលោកទៅទស្សនាការប្រកួតរបស់ពួកគេផងដែរ។ ការប្រកួតរបស់ក្រុមស្ថិតក្នុងប្រទេសកាតាមួយ គឺក្រុម Al-Sailiya លោក Martinez ដែលបានអញ្ជើញទៅទស្សនាការប្រកួត ទទួលបានអាវក្រុមពីកីឡាករ Sergio Javier Vittor ដែលមានសញ្ជាតិអាហ្សង់ទីនដូចគ្នា។
សូមជម្រាបថា អាហ្សង់ទីន នឹងត្រូវចាប់ផ្តើមការប្រកួត World Cup របស់ខ្លួនដោយជំនួបដំបូងត្រូវជួបក្រុមអារ៉ាប៊ីសាអូឌីត ថ្ងៃទី២២ ខែវិច្ឆិកា មុនប៉ះម៉ិកស៊ិក នៅ ៥ថ្ងៃបន្ទាប់ និងជួបប៉ូឡូញនៅថ្ងៃទី១ ខែធ្នូ៕
© រក្សាសិទ្ធិដោយ thmeythmey.com