អន្តរជាតិ
រុស្សី មិនសង្ឃឹមទំនាក់ទំនងជាមួយអង់គ្លេសប្រសើរឡើងទេក្រោមការដឹកនាំរបស់លោក Sunak
26, Oct 2022 , 10:59 am        
រូបភាព
អ្នកនាំពាក្យវិមានក្រេមឡាំង Dmitry Peskov ។ រូបថត AFP
អ្នកនាំពាក្យវិមានក្រេមឡាំង Dmitry Peskov ។ រូបថត AFP
ដោយ៖ ហ៊ួយ ស៊ីវលី
 
អ្នកនាំពាក្យរបស់វិមានក្រេមឡាំងនៅថ្ងៃទី២៥ ខែតុលា និយាយថា រុស្សីមិនមានហេតុផលត្រូវរំពឹងទំនាក់ទំនងជាមួយអង់គ្លេសនឹងប្រសើរឡើងនោះឡើយ បន្ទាប់ពីនាយករដ្ឋមន្ត្រីអង់គ្លេសថ្មី Rishi Sunak ឡើងកាន់តំណែង។​
 
លោក Rishi Sunak ត្រូវបានមហាក្សត្រឆាលស៍ទី៣ តែងតាំងជានាយករដ្ឋមន្ត្រីអង់គ្លេសថ្មីនៅថ្ងៃទី២៥ ខែតុលា។ 
 
ជុំវិញការឡើងតំណែងរបស់នាយករដ្ឋមន្រ្តីអង់គ្លេសថ្មី អ្នកនាំពាក្យវិមានក្រេមឡាំងលោក Dmitry Peskov បញ្ជាក់ថា មិនថាអ្នកណាធ្វើជានាយករដ្ឋមន្ត្រីអង់គ្លេសថ្មីនោះទេ ក៏រុស្សីមិនឃើញមានឱកាសណាមួយ ដែលអាចធ្វើឱ្យទំនាក់ទំនងប្រទេសទាំងពីរប្រសើរឡើងនោះឡើយ។ នេះបើតាមទីភ្នាក់ងារពត៌មាន ​Reuters។
 
«នៅពេលនេះ យើងមើលមិនឃើញមានហេតុផលណាមួយសម្រាប់ជាក្តីសង្ឃឹមថា នឹងមានការផ្លាស់ប្តូរវិជ្ជមានជាមួយអង់គ្លេសនាពេលអនាគតដ៏ខ្លីខាងមុខនោះទេ។ រុស្ស៊ី​នៅ​តែ​បើក​ចំហ និង​ត្រៀម​ខ្លួន​ជា​ស្រេច​ដើម្បី​ពិភាក្សា​បញ្ហានានា ដែល​លំបាក​បំផុត​នៅ​តុ​ចរចា។ ប៉ុន្តែ​ យើងមិនពិភាក្សាលើរឿង ដែល​ធ្វើ​ឲ្យ​ខូច​ប្រយោជន៍​ជាតិយើង​ទេ។» លោក Dmitry Peskov និយាយបែបនេះ។ 
 
ចាប់តាំងពីសង្គ្រាមរុស្សីអ៊ុយក្រែនផ្ទុះឡើង ទំនាក់ទំនងរវាងរុស្សី និងអង់គ្លេសមានភាពល្អក់កករ ដោយសារតែអង់គ្លេសបានបង្ហាញជំហរគាំទ្រអ៊ុយក្រែន និងសម្តែងការមិនពេញចិត្តយ៉ាងខ្លាំងលើភាគីរុស្សី ដែលជាអ្នកចាប់ផ្តើមសង្គ្រាមមួយនេះ៕
 

Tag:
 រុស្ស៊ី
  អង់គ្លេស
© រក្សាសិទ្ធិដោយ thmeythmey.com