អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ក្លាយជានាយករដ្ឋមន្រ្តីអង់គ្លេសភ្លាម លោក Sunak ជជែកជាមួយលោក បៃដិន ពីការរាំងខ្ទប់ចិននិងរុស្ស៊ី
26, Oct 2022 , 2:29 pm        
រូបភាព
នាយករដ្ឋមន្រ្តីអង់គ្លេស Rishi Sunak ។ រូបថត AFP
នាយករដ្ឋមន្រ្តីអង់គ្លេស Rishi Sunak ។ រូបថត AFP
ដោយ:
ពិភាក្សាគ្នាលើកដំបូងតាមទូរស័ព្ទថ្ងៃទី២៥ ខែតុលា នាយករដ្ឋមន្រ្តីអង់គ្លេសថ្មី Rishi Sunak និងប្រធានាធិបតីអាម៉េរិក ចូ បៃដិន ព្រមព្រៀងពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែជិតស្និទ្ធ ក៏ដូចជារួមគ្នាទប់ទល់ឥទ្ធិពលចិន ហើយឱ្យរុស្ស៊ីទទួលខុសត្រូវលើសង្រ្គាមនៅអ៊ុយក្រែន។ នេះបើតាមព័ត៌មានដែលចេញផ្សាយដោយការិយាល័យមេដឹកនាំប្រទេសទាំងពីរ។
 
ប៉ុន្មានម៉ោងក្រោយលោក Rishi Sunak ត្រូវបានតែងតាំងជានាយករដ្ឋមន្រ្តីអង់គ្លេសនៅថ្ងៃទី២៥ ខែតុលា ប្រធានាធិបតីអាម៉េរិក ចូ បៃដិន បានជជែកជាមួយនាយករដ្ឋមន្រ្តីអង់គ្លេសថ្មីរូបនេះជាលើកដំបូងតាមទូរស័ព្ទ។ ទន្ទឹមនឹងអបអរសាទរលោក Sunak ប្រធានាធិបតី លោក បៃដិន លើកឡើងថា អង់គ្លេសនៅតែជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធបំផុតរបស់អាម៉េរិក។ 
 
បន្ថែមពីលើនេះ មេដឹកនាំទាំងពីរបានបញ្ជាក់ជាថ្មីពីទំនាក់ទំនងដ៏ពិសេសរវាងអង់គ្លេស និងអាម៉េរិក ព្រមទាំងអះអាងថា នឹងធ្វើការជាមួយគ្នាដើម្បីលើកស្ទួយសន្តិសុខ និងវិបុលភាពពិភពលោក។ 
 
«មេដឹកនាំព្រមព្រៀងគ្នាលើសារសំខាន់នៃការធ្វើការជាមួយគ្នាគាំទ្រអ៊ុយក្រែន និងនាំឱ្យរុស្ស៊ីទទួលខុសត្រូវលើការឈ្លានពានរបស់ខ្លួន»។ សេចក្តីប្រកាសព័ត៌មានរបស់សេតវិមានចេញផ្សាយបែបនេះដោយបញ្ជាក់ថា លោក បៃដិន និងលោក Sunak ក៏បានព្រមព្រៀងដោះស្រាយបញ្ហាប្រឈមដែលបង្កដោយភាគីចិនផងដែរ។ 
 
បើតាមសេចក្តីប្រកាសព័ត៌មានរបស់ការិយាល័យនាយករដ្ឋមន្រ្តីអង់គ្លេស Downing Street វិញ មេដឹកនាំទាំងពីរពិភាក្សាពីការពង្រីកកិច្ចសហប្រតិបត្តិការអង់គ្លេស-អាម៉េរិកទាំងទ្វេភាគី​ និងក្នុងតំបន់ដូចជាតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ព្រមទាំងបញ្ហានៅអៀរឡង់ខាងជើងផងដែរ។
 
មេដឹកនាំទាំងពីររំពឹងថានឹងជួបគ្នាដោយផ្ទាល់នៅពាក់កណ្តាលខែវិច្ឆិកានាកិច្ចប្រជុំកំពូលក្រុមប្រទេសមានសេដ្ឋកិច្ចជឿនលឿនទាំង២០ (G20)នៅឥណ្ឌូណេស៊ី៕
 

Tag:
 ចិន
  អាម៉េរិក
  អង់គ្លេស
© រក្សាសិទ្ធិដោយ thmeythmey.com