អន្តរជាតិ
មេដឹកនាំឥណ្ឌូណេស៊ីប្រាប់មន្ត្រីប៉ូលិស៖ កុំក្អេងក្អាង កុំបង្ហាញឡានម៉ូតូថ្លៃៗ ជីវិតហ៊ឺហា
26, Oct 2022 , 4:29 pm        
រូបភាព
ប្រធានាធិបតីឥណ្ឌូណេស៊ី ចូកូ វីដូដូ។ រូបថត AFP
ប្រធានាធិបតីឥណ្ឌូណេស៊ី ចូកូ វីដូដូ។ រូបថត AFP
ប្រធានាធិបតីឥណ្ឌូណេស៊ី លោក ចូកូ វីដូដូ កាលពីថ្ងៃទី១៤ ខែតុលា បានកោះហៅមេប៉ូលិសប្រចាំតំបន់ និងមន្ត្រីជាន់ខ្ពស់រាប់រយនាក់ទៅកាន់វិមានប្រធានាធិបតី។ មេដឹកនាំរូបនេះព្រមានបណ្ដាមន្ត្រីប៉ូលិសមិនឱ្យបង្ហាញជិវិតរស់នៅបែបប្រណីត និងស្នើឱ្យយកចិត្តទុកដាក់លើការងារបម្រើប្រជាជន។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន CNA នៅថ្ងៃទី២៦ ខែតុលា។


ប្រធានាធិបតីឥណ្ឌូណេស៊ី ចូកូ វីដូដូ បានបើកកិច្ចប្រជុំជាមួយបណ្ដាមេប៉ូលិសប្រចាំតំបន់ និងមន្ត្រីជាន់ខ្ពស់ឥណ្ឌូណេស៊ីរាប់រយនាក់ស្ដីពីការធ្លាក់ចុះទំនុកប្រជាជនមកលើមន្ត្រីប៉ូលិស បន្ទាប់ពីហេតុការណ៍នៅក្នុងកីឡដ្ឋានឥណ្ឌូណេស៊ីនាដើមខែតុលា និងរឿងអាស្រូវជាច្រើនដែលជាប់ទាក់ទងមន្ត្រីប៉ូលិស។ 
 
ហេតុការណ៍នៅកីឡដ្ឋាន Kanjuruhan បានបង្កឱ្យមានអ្នកស្លាប់ជាង១៣០នាក់ ដោយសារប៉ូលិសបាញ់ឧស្ម័នបង្ហូរទឹកភ្នែកបំបែកហ្វូងអ្នកគាំទ្រ ដែលបង្កការភ្ញាក់ផ្អើល​ហើយ​នាំ​ឱ្យ​មាន​ការ​រត់​ជាន់​គ្នា។ មកដល់ពេលនេះ ប៉ូលិស៣នាក់ត្រូវបានជាប់ចោទ ពីបទធ្វេសប្រហែសបណ្តាលឲ្យមានអ្នកស្លាប់។
 
«កុំធ្វើជាអ្នកផ្តាច់ការ ចៀសវាងវិធីសាស្រ្តគាបសង្កត់»។ លោក ចូកូ វីដូដូ ប្រាប់ដូច្នេះទៅកាន់មន្ត្រីក្នុងកិច្ចប្រជុំវិមានប្រធានាធិបតីនាថ្ងៃទី១៤ ខែតុលា។ មេដឹកនាំរូបនេះ ថែមទាំងបានព្រមានមន្ត្រីប៉ូលិសឥណ្ឌូណេស៊ីទាំង​អស់​ឲ្យចៀស​វាង​ការបង្ហាញជីវិត​រស់​នៅបែប​ប្រណីត ស៊ីវិល័យ ​កុំ​បង្ហាញ​រថយន្ត​ថ្លៃៗ ឬ​ម៉ូតូ​ទំនើបៗ​ កុំក្អេងក្អាង និងស្នើឱ្យយកចិត្តទុកដាក់ខិតខំធ្វើការបម្រើប្រជាជន។ 
 
ការរត់ជាន់គ្នានៅកីឡដ្ឋានមិនមែនជាហេតុផលតែមួយទេដែលធ្វើឱ្យលោក ចូកូ វីដូដូ កោះហៅប្រជុំជុំវិញបញ្ហាធ្លាក់ទំនុកចិត្ត។ មូលហេតុមួយទៀតនាំឱ្យមានការ​ធ្លាក់​ចុះ​​ទំនុក​ចិត្ត​ប្រជាជនលើប៉ូលិស បណ្ដាលមកពី​ករណីអតីតឧត្តមសេនីយ៍ផ្កាយពីរ​​លោក Ferdy Sambo ​ដែល​ត្រូវចោទប្រកាន់ពីបទឃាតកម្មដោយចេតនាលើអង្គរក្សរបស់លោក។ បច្ចុប្បន្ន លោក Sambo កំពុងស្ថិតក្រោមការកាត់ក្ដី ដែល​អាច​ប្រឈម​នឹង​ទោស​ប្រហារ​ជីវិត។
 
កាលពីចុងឆ្នាំ២០២១ ទំនុកចិត្តសាធារណៈចំពោះប៉ូលិសមានអត្រាខ្ពស់ខ្លាំងដល់ជាង៨០ភាគរយ ដោយសារការខិតខំប្រឹងប្រែងរបស់ប៉ូលិសក្នុងពេលប្រទេសជួបវិបត្តិកូវីដ-១៩។ ប៉ុន្តែនៅក្នុងខែសីហាឆ្នាំ ២០២២ ក្រោយករណីលោក Sambo កើតឡើង អត្រាទំនុកចិត្តរបស់ប្រជាជនធ្លាក់សល់ ៥៤ភាគរយប៉ុណ្ណោះ។ នេះជាការលើកឡើងរបស់ប្រធានាធិបតីឥណ្ឌូណេស៊ី។ 
ក្រៅពីនេះ ប្រទេសនេះក៏មានករណីប៉ូលិសប្រព្រឹត្តបទល្មើសគ្រឿងញៀន ល្បែងស៊ីសងតាមអនឡាញ និងករណីជីករ៉ែខុសច្បាប់ជាដើម៕ 
 

Tag:
 ឥណ្ឌូណេស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com