អន្តរជាតិ
ថៃ ចូលជាសមាជិកវិទ្យាស្ថានវ៉ាក់សាំងអន្តរជាតិដើម្បីផលិតវ៉ាក់សាំងសម្រាប់ពិភពលោក
26, Oct 2022 , 7:29 pm        
រូបភាព
រដ្ឋមន្រ្តីសុខាភិបាលថៃ Anutin Charnvitrakul បង្ហូតទង់ជាតិថៃនៅទីស្នាក់ការវិទ្យាសា្ថនវ៉ាក់សាំងអន្តរជាតិនៅកូរ៉េខាងត្បូង។ រូបថត IVI
រដ្ឋមន្រ្តីសុខាភិបាលថៃ Anutin Charnvitrakul បង្ហូតទង់ជាតិថៃនៅទីស្នាក់ការវិទ្យាសា្ថនវ៉ាក់សាំងអន្តរជាតិនៅកូរ៉េខាងត្បូង។ រូបថត IVI
រដ្ឋាភិបាលថៃ នៅថ្ងៃទី២៥ ខែតុលា ចុះហត្ថលេខាក្នុងការចូលរួមជាសមាជិកវិទ្យាស្ថានវ៉ាក់សាំង អន្តរជាតិ (IVI) ដែលនឹងជំរុញឱ្យប្រទេសមួយនេះបង្កើនសមត្ថភាព និងចំណេះដឹងក្នុងការអភិវឌ្ឍ និងផលិតវ៉ាក់សាំង។
 
ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសុខាភិបាលថៃ លោក Anutin Charnvirakul តំណាង​ឱ្យ​រដ្ឋាភិបាលក្រុងបាងកក បានចុះហត្ថលេខាដើម្បីចូលជាសមាជិកវិទ្យាស្ថាន IVI អំឡុង​កិច្ចប្រជុំ​កំពូល​ជីវវិទ្យាពិភពលោកឆ្នាំ២០២២​ដែលរៀបចំឡើងដោយ IVI និងអង្គការសុខភាពពិភពលោក (WHO)។ កិច្ចប្រជុំចាប់ផ្ដើមនៅថ្ងៃទី២៥ ខែតុលា​ ហើយនឹងបញ្ចប់នៅថ្ងៃទី២៦ ខែតុលា​នៅទឹកដីកូរ៉េខាងត្បូង។
 
លោក Anutin លើកឡើងថា សមាជិកភាព IVI នឹងបើកផ្លូវសម្រាប់ថៃដើម្បីពង្រីកកិច្ចសហប្រតិ​បត្តិ​ការ​ជាមួយប្រទេសផ្សេងៗទៀតក្នុងការអភិវឌ្ឍវ៉ាក់សាំង និងបង្កើនធនធានមនុស្សក្នុងវិស័យ​មួយនេះ។ លើសពីនេះ ថៃរីករាយសម្រាប់ការចូលជាសមាជិក ដោយសារខ្លួនជាមូលដ្ឋាន​ដ៏​សំខាន់​មួយ​របស់​ពិភព​លោកសម្រាប់ការផលិតវ៉ាក់សាំងផងដែរ។
 
រដ្ឋមន្ត្រីក្រសួងសុខាភិបាលថៃរូបនេះក៏បានសង្កត់ធ្ងន់ថា គោលបំណងរបស់ថៃគឺដើម្បីផលិតវ៉ាក់សាំង​ប្រឆាំងនឹងជំងឺកាចសាហាវក្លាំងឱ្យមានគ្រប់គ្រាន់ និងរួចស្រេចសម្រាប់ផ្ដល់ឱ្យសាធារណជន។ កិច្ច​សហប្រតិបត្តិការជាមួយ IVI ដែលមានមូលដ្ឋាននៅកូរ៉េខាងត្បូងនឹងជួយឱ្យក្រុងបាងកក​សម្រេច​គោលបំណងមួយនេះ។
 
គួរបញ្ជាក់ថា IVI ជាស្ថាប័នផ្គត់ផ្គង់វ៉ាក់សាំងសម្រាប់ការប្រើប្រាស់ជាសកលក្នុង តម្លៃសមរម្យ​ដែល​ទ្រ​ទ្រង់ដល់វិស័យសុខភាពសាធារណរបស់ពិភពលោក។ វិទ្យាស្ថាននេះ មានប្រទេសសមាជិកចំនួន ៣៩ ហើយធ្វើការជាមួយ WHO ដើម្បីផ្តល់វ៉ាក់សាំងប្រយុទ្ធប្រឆាំងនឹងជំងឺតំបន់ត្រូពិច ហើយ​ផ្តល់​ជូន​វ៉ាក់សាំងទាំងនោះដល់ប្រជាជនដែលងាយរងគ្រោះនៅក្នុងប្រទេសកំពុងអភិវឌ្ឍ។
 
កិច្ចប្រជុំកំពូលខាងលើមានការចូលរួមពីថ្នាក់ដឹកនាំ តំណាងក្រុមហ៊ុនវ៉ាក់សាំង អង្គការសប្បុរសធម៌​ឯកជន និងអ្នកជំនាញនានា។ របៀបវារៈនៃកិច្ចប្រជុំរួមមានការផ្លាស់ប្តូរបទ ពិសោធរបស់​ប្រទេស​ផ្សេង​ៗក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-១៩ជាដើម៕
 
 
 
 
 

Tag:
 ថៃ
© រក្សាសិទ្ធិដោយ thmeythmey.com