អន្តរជាតិ
លោក Rishi Sunak នាយករដ្ឋមន្រ្តីថ្មីអង់គ្លេសដែលមានទ្រព្យសម្បត្តិច្រើន
26, Oct 2022 , 8:29 pm        
រូបភាព
លោក Rishi Sunak នាយករដ្ឋមន្រ្តីអង់គ្លេសថ្មី។ រូបភាព៖ AFP
លោក Rishi Sunak នាយករដ្ឋមន្រ្តីអង់គ្លេសថ្មី។ រូបភាព៖ AFP
លោក Rishi Sunak នៅថ្ងៃទី២៥ ខែតុលា បានក្លាយជានាយករដ្ឋមន្រ្តីអង់គ្លេសជាផ្លូវការ ក្រោយជាប់ឆ្នោតជាប្រធានបក្សអភិរក្សនិយម។ យ៉ាងណាមិញ មេដឹកនាំអង់គ្លេស ដែលក្មេងជាងគេបំផុតចាប់តាំងពីឆ្នាំ១៨១២ រូបនេះ ជាមួយនឹងភរិយា ត្រូវបានគេដឹងថាមានទ្រព្យសម្បត្តិរហូតដល់ជាង ៨០០លានដុល្លារឯណោះ។ តើពិតទេ ដែលនាយករដ្ឋមន្រ្តីអង់គ្លេសថ្មីរូបនេះ មានទ្រព្យសម្បត្តិច្រើនជាងស្តេចអង់គ្លេស Charles ទី៣?


 
តាមបញ្ជី Sunday Times Rich List លោក Rishi Sunak នាយករដ្ឋមន្រ្តីអង់គ្លេស និងភរិយា Akshata Murthy ជាអ្នកមានលំដាប់ទី២២២ នៅអង់គ្លេស និងមានទ្រព្យសម្បត្តិប្រមាណ ៨២៤លានដុល្លារ។ លោកស្រី Murthy ជាកូនស្រីរបស់មហាសេដ្ឋី Narayana Murthy ដែលជាសហស្ថាបនិកក្រុមហ៊ុនបច្ចេកវិទ្យាព័ត៌មានវិទ្យា Infosys។ 
 
ទ្រព្យសម្បត្តិនេះ គឺច្រើនណាស់ បើធៀបនឹងខ្សែរាជវង្សរបស់អង់គ្លេស។ បើតាមបញ្ជីដដែល ទ្រព្យសម្បត្តិរបស់មហាក្សត្រីអង់គ្លេស Elizabeth ទីពីរ​ មុនពេលចូលទិវង្គត មានទំហំប្រមាណ ៤២៤លានដុល្លារ។ 
 
ដោយឡែក ទ្រព្យសម្បត្តិរបស់ស្តេច Charles ទីបី និងមហាក្សត្រិយានី Camilla មានទ្រព្យសម្បត្តិនៅចន្លោះពី ៣៤៣លានដុល្លារ ទៅ ៤០០លានដុល្លារ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The Guardian។ 
 
ប្រវត្តិរបស់លោក Sunak នាយករដ្ឋមន្រ្តីអង់គ្លេសថ្មី
 
មេដឹកនាំអង់គ្លេសវ័យ ៤២ឆ្នាំរូបនេះ បានកើតនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ១៩៨០។ ជីដូនជីតារបស់លោក Sunak ជាជនអន្តោប្រវេសន៍ប្រវេសន៍ពីរដ្ឋ  Punjab របស់ឥណ្ឌា ទៅតំបន់អាហ្រ្វិកខាងកើត។ នៅក្នុងឆ្នាំ១៩៦០ ឪពុកម្តាយរបស់លោក Sunak បានប្តូរទីលំនៅមកអង់គ្លេស។ ដោយមានការខិតខំពីសំណាក់ម្តាយឪពុក លោកSunak អាចចូលរៀននៅសាលាឯកជន  Winchester College។ 
 
ក្រោយមក លោកបានរៀនទស្សនវិជ្ជា នយោបាយ និងសេដ្ឋកិច្ច នៅមហាវិទ្យាល័យ Lincoln College នៃសកលវិទ្យា Oxford។ ស្របពេលកំពុងសិក្សានៅក្នុងសកលវិទ្យាល័យនោះ លោក Sunak ក៏បានចូលហាត់ការនៅស្នាក់ការកណ្តាលរបស់បក្សអភិរក្សនិយមផង។ 
 
នៅក្នុងឆ្នាំ២០០១ បុរសរូបនេះ បានបញ្ចប់ការសិក្សានៅ Oxford ហើយបានក្លាយជាអ្នកវិភាគមួយរូបនៅក្រុមហ៊ុន វិនិយោគ Goldman Sachs ដល់ឆ្នាំ២០០៤។
 
នៅឆ្នាំ២០១០ លោក Sunak បានចូលបម្រើការនៅក្នុងបក្សអភិរក្សនិយម។ ក្នុងពេលនោះ លោក Sunak បានចូលរួមសកម្មភាពជាច្រើនរបស់បក្ស។ នៅក្នុងខែកុម្ភៈ ឆ្នាំ២០២០ ត្រឹមវ័យ ៣៩ឆ្នាំប៉ុណ្ណោះ លោក Sunak ត្រូវបានលោកបូរីស ចនសុន នាយករដ្ឋមន្រ្តីអង់គ្លេសកាលនេះ តែងតាំងជារដ្ឋមន្រ្តីហិរញ្ញវត្ថុ ស្របពេលសេដ្ឋកិច្ចអង់គ្លេស កំពុងរងគ្រោះដោយសារជំងឺកូវីដ-១៩។ 
 
នៅក្នុងខែសីហា ឆ្នាំ២០២២ លោក Sunak បានលាលែងពីតំណែង ស្របពេលលោកចនសុន មានរឿងអាស្រូវជាច្រើនជុំវិញ ការជួបជុំក្នុងពេលមានការឹតត្បិតដោយសារជំងឺកូវីដ-១៩ និងការតែងតាំងតំណាងរាស្រ្ត​ម្នាក់ដែលមានពាក់ព័ន្ធរឿង​អាស្រូវ​ផ្លូវភេទ។ 
 
ក្រោយលោកចនសុន ចុះចេញពីតំណែងពីប្រធានបក្ស លោកSunak ក៏បានចូលរួមក្នុងការបោះឆ្នោតរើសប្រធានបក្សអភិរក្សនិយមដែរ ប៉ុន្តែត្រូវចាញ់លោកស្រី Liz Truss។ បន្ទាប់ពីកាន់តំណែងជានាយករដ្ឋមន្រ្តីបានជាង ៤០ថ្ងៃ លោកស្រី Truss ក៏បានប្រកាសលាលែងពីតំណែងប្រធានបក្សអភិរក្សនិយម។ 
 
លោក Sunak ក៏បានចូលរួមម្តងទៀត និងក្លាយជាប្រធានបក្សអភិរក្សនិយម មុននឹងក្លាយជានាយករដ្ឋមន្រ្តីអង់គ្លេស ដែលមានវ័យក្មេងជាងគេបំផុត បើគិតចាប់ផតាំងពីឆ្នាំ១៨១២ និងជានាយករដ្ឋមន្រ្តីអង់គ្លេសដំបូង ដែលមានដើមកំណើតជាជនជាតិអាស៊ី៕ 
 

Tag:
 អង់គ្លេស
© រក្សាសិទ្ធិដោយ thmeythmey.com