អន្តរជាតិ
ធនាគារពិភពលោក ព្រមានកោះសូឡូម៉ុនជុំវិញបញ្ហាបំណុលគ្មាននិរន្តរភាព
26, Oct 2022 , 9:29 pm        
រូបភាព
នាយករដ្ឋមន្រ្តីកោះសូឡូម៉ុន Manasseh Sogavare។ រូបថត AFP
នាយករដ្ឋមន្រ្តីកោះសូឡូម៉ុន Manasseh Sogavare។ រូបថត AFP
ធនាគារពិភពលោក នៅថ្ងៃទី២៦ ខែតុលា បានចេញរបាយការណ៍មួយដោយព្រមានកោះសូឡូម៉ុនឱ្យធ្វើកំណែទម្រង់សារពើពន្ធដូចជាការកែប្រែប្រព័ន្ធប្រមូលពន្ធដារ និងការចំណាយសាធារណៈឱ្យមានប្រសិទ្ធភាពជាងមុន មុននឹងប្រទេសធ្លាក់ក្នុងបញ្ហាបំណុលគ្មាននិរន្តភាព។


កោះសូឡូម៉ុន នឹងប្រឈមវិបត្តិបំណុលគ្មាននិរន្តរភាព ខណៈប្រទេសកោះនេះបានធ្វើគម្រោងវិនិយោគសាធារណៈដ៏ធំមួយ ហើយកំពុងប្រឈមមុខនឹងការធ្លាក់ចុះប្រាក់ចំណូលពីការកាប់ឈើ។ ដោយហេតុនេះ កោះសូឡុម៉ុននាត្រូវការកំណែទម្រង់សារពើពន្ធជាចាំបាច់ ដូចជាការកែប្រែប្រព័ន្ធប្រមូលពន្ធដារ និងការចំណាយសាធារណៈឱ្យមានប្រសិទ្ធភាពជាងមុន ដើម្បីគ្រប់គ្រងកម្រិតបំណុល និងធានាឱ្យមានការកើនឡើងនៃការអភិវឌ្ឍក្នុងប្រទេស។ 
 
«បើគ្មានកំណែទម្រង់សារពើពន្ធ បំណុលរបស់កោះសូឡូម៉ុនប្រហែលត្រូវក្លាយជាបំណុលគ្មាននិរន្តរភាព»។ ធនាគារពិភពលោកបានព្រមានបែបនេះក្នុងរបាយការណ៍ថ្ងៃទី២៦ ខែតុលា មុនបន្ថែមថា បើគ្មានការផ្លាស់ប្ដូរទេនោះ បំណុលសាធារណៈកោះសូឡូម៉ុននឹងឡើងដល់៣៥ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP) នៅដើមឆ្នាំ២០២៦។
 
កន្លង រដ្ឋាភិបាលនៃប្រទេសកោះប៉ាស៊ីហ្វិកមួយនេះ បានធ្វើគម្រោងហេដ្ឋារចនាសម្ព័ន្ធដោយទទួលលុយជំនួយខាងក្រៅជាច្រើន រួមទាំងកិច្ចការដឹកជញ្ជូន និងសម្ភារកីឡាសម្រាប់ការប្រកួតកីឡាប៉ាស៊ីហ្វិកឆ្នាំ២០២៣។ លើសពីនេះ ការចំណាយលើវិស័យថាមពលកកើតឡើងវិញ ទូរគមនាគមន៍ ធនធានទឹក និងសុខាភិបាលក៏សុទ្ធតែជាបន្ទុកនៃបំណុលសាធារណៈ។ កិច្ចប្រឹងប្រែងទាំង​នេះ​មាន​គោល​បំណង​ដោះស្រាយ​បញ្ហា​ប្រឈមដើម្បីការ​អភិវឌ្ឍ ប៉ុន្តែលុយជា​ផ្នែក​មួយ​នៃ​កម្ចី​សម្បទាន​ដែលបានបន្ថែម​បន្ទុក​បំណុលដែរ។
 
បើតាមទីភ្នាក់ងារព័ត៌មាន Reuters ធនាគារពិភពលោកក៏បានសង្កត់ធ្ងន់ផងដែរថា កោះសូឡូម៉ុន ចាំបាច់ត្រូវដឹងពីទំហំការចំណាយលើការថែរក្សានិងជួសជុលគម្រោងហេដ្ឋារចនាសម្ព័ន្ធថ្មីរបស់ខ្លួន ហើយគួរតែដាក់បញ្ចូលទៅក្នុងផែនការចំណាយ។ 
 
ទាក់ទងរឿងនេះ លេខាធិការអចិន្ត្រៃយ៍នៃក្រសួងហិរញ្ញវត្ថុសូឡូម៉ុន លោក McKinnie Dentana លើកឡើងក្នុងសេចក្តីថ្លែងការណ៍មួយថា រដ្ឋាភិបាលបានធ្វើការយ៉ាងជិតស្និទ្ធជាមួយធនាគារពិភពលោកក្នុងការរៀបចំរបាយការណ៍ និងទទួលការណែនាំដ៏មានប្រយោជន៍។ លោក Dentana បញ្ជាក់ថា សូឡូមុនដឹងយ៉ាងច្បាស់ពីលទ្ធភាពជួបវិបត្តិធ្លាក់ចុះប្រាក់ចំណូលពីការកាប់ឈើ ហើយរដ្ឋាភិបាលកំពុងយកចិត្តទុកដាក់ការកំណត់វិធីសាស្ត្រដើម្បីបង្កើនប្រាក់ចំណូលប្រទេស៕ 
 
 

Tag:
 កោះសូឡូម៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com