កីឡាអន្តរជាតិ
អន្តរជាតិ
លោក Keisuke Honda សរសើរ Nick Tylor ជាកីឡាករល្អបំផុតសម្រាប់កម្ពុជា
26, Oct 2022 , 5:29 pm        
រូបភាព
លោក Keisuke Honda អ្នកចាត់ការទូទៅក្រុមកីឡាបាល់ទាត់ជម្រើសជាតិកម្ពុជា លើកសរសើរកីឡាករខ្មែរ-អាម៉េរិក Nick Taylor ថាជាកីឡាករល្អបំផុតសម្រាប់ក្រុមជម្រើសជាតិកម្ពុជា។ ទោះទើបបង្ហាញខ្លួនបានមួយប្រកួតឱ្យកម្ពុជា ប៉ុន្តែលោក Honda មើលឃើញពី​ការហ្វឹកហាត់ដ៏ល្អរបស់ Taylor តាមកម្រិតស្តង់ដានៅលីគអាម៉េរិក។

នៅក្នុងកម្មវិធីឆ្លើយសំនួរជុំវិញការដឹកនាំរបស់លោក Honda រយៈពេលជិត៤ឆ្នាំ នៅលេផេកហ្វេសប៊ុកផ្លូវការបស់លីគកំពូលកម្ពុជា Cambodian Premier League នៅថ្ងៃទី២៦ ខែតុលា អ្នកចាត់ការសញ្ជាតិជប៉ុនរូបនេះបាននិយាយច្រើនអំពីកីឡាករ និងស្ថានភាពក្រុមជម្រើសជាតិកម្ពុជាសព្វថ្ងៃ។ ក្នុងនោះដែរលោក Honda បានមើលឃើញពីសមត្ថភាពកីឡាករ Nick Taylor ថាជាខ្សែប្រយុទ្ធមានគុណភាពសម្រាប់កម្ពុជានាពេលអានាគត។
 
អតីតកីឡាករជម្រើសជាតិជប៉ុន សរសើរកីឡាករខ្មែរ-អាម៉េរិករូបនេះ មានមូលដ្ឋានគ្រិះល្អ និងមានកាយសម្បទាគ្រប់គ្រាន់ ដោយសាររូបគេបានហ្វឹកហាត់នៅក្នុងបរិយាកាសល្អនៅទឹកដីអាម៉េរិក ទោះនៅលីគកម្រិតទី២ក្តី។
 
Taylor ត្រូវបានលោក Honda កោះហៅចូលក្រុមគោព្រៃកម្ពុជាជាលើកដំបូងក្នុងជំនួបមិត្តភាពអន្តរជាតិជាមួយក្រុមបង់ក្លាដែសកាលខែកញ្ញាកន្លងទៅ។
Taylor ដែលសព្វថ្ងៃប្រកបអាជីពជាមួយក្រុម Olando City នៃលីគកម្រិតទី២របស់សហរដ្ឋអាម៉េរិក បង្ហាញខ្លួនឱ្យកម្ពុជាតែជាង២០នាទីប៉ុណ្ណោះ ប៉ុន្តែរូបគេស្ទើតែរកឱកាសសម្រេចទីបាន១គ្រាប់ផងដែរ ក្នុងជំនួបដែលគោព្រៃចាញ់បង់ក្លាដែស ១-០។
 
មិនត្រឹមតែជាកីឡាករល្អប៉ុណ្ណោះទេ លោក Honda បានមើលឃើញភាពវិជ្ជមានអំពីបុគ្គលិកលក្ខណរបស់ Taylor និងថែមទាំងសរសើរខ្សែប្រយុទ្ធវ័យក្មេងរូបនេះមានទំនាក់ទំនងល្អ និងងាយស្រួលប្រាស្រ័យទាក់ទងជាមួយផង បើទោះនៅឆ្ងាយគ្នាក្តី៕
 

Tag:
 Keisuke Honda
  Nick Taylor
© រក្សាសិទ្ធិដោយ thmeythmey.com