អន្តរជាតិ
ព្យុះស៊ីក្លូននៅបង់ក្លាដែសសម្លាប់មនុស្ស២៨នាក់ ឯរាប់លាននាក់ទៀតគ្មានអគ្គិសនីប្រើប្រាស់ 26, Oct 2022 , 6:29 pm
ការបំផ្លិចបំផ្លាញដោយព្យុះស៊ីត្រាងនៅបង់ក្លាដែស។ រូបថត AFP
× ក្រោយក្រុមអ្នកជួយសង្រ្គោះរកឃើញសាកសពអ្នកបើកកប៉ាល់៤នាក់ អ្នកស្លាប់ដោយសារព្យុះស៊ីក្លូនស៊ីត្រាងនៅបង់ក្លាដែសកើនដល់២៨នាក់ហើយ ខណៈប្រជាជនរាប់លាននាក់នៅតែគ្មានអគ្គិសនីប្រើប្រាស់។ នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃទី២៦ ខែតុលា។
ព្យុះស៊ីក្លូនស៊ីត្រាង (Cyclone Sitrang) ចាប់ផ្តើមបោកបក់នៅភាគខាងត្បូងបង់ក្លាដែសកាលពីល្ងាចថ្ងៃទី២៤ ខែតុលា មុនបន្តទៅភាគនិរតីដែលបណ្តាលឱ្យមនុស្សរាប់សិននាក់បាត់បង់ជីវិត ហើយផ្ទះជិតមួយម៉ឺនខ្នងត្រូវបានបំផ្លិចបំផ្លាញ។
«យើងរកឃើញសាកសពម្នាក់នៅយប់ថ្ងៃទី២៥ ខែតុលា ហើយបីនាក់ទៀតនៅព្រឹកនេះ។ អ្នកបើកកប៉ាល់បួននាក់ទៀតនៅតែមិនទាន់រកឃើញនៅឡើយ»។ នេះបើតាមព័ត៌មានដែលទីភ្នាក់ងារព័ត៌មាន AFP ទទួលបានពីនាយកដ្ឋានពន្លត់អគ្គិភ័យនៅថ្ងៃទី២៦ ខែតុលា។
ជាមួយសាកសពអ្នកបើកកប៉ាល់៤នាក់ដែលត្រូវបានរកឃើញនេះ ចំនួនអ្នកស្លាប់កើនដល់២៨នាក់ហើយ។ ទោះមានកម្លាំងខ្យល់៨០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រជាជនបង់ក្លាដែសប្រមាណមួយលាននាក់ត្រូវបានអាជ្ញាធរជម្លៀសចេញពីតំបន់ឆ្នេរសមុទ្រទៅកន្លែងសុវត្ថិភាព។
បន្ថែមពីលើនេះ បើតាមមន្រ្តីក្រុមប្រឹក្សាភិបាលអគ្គិសនីជនបទ លោក Debashish Chakrabarty ប្រាប់ទីភ្នាក់ងារព័ត៌មានដដែល ព្យុះស៊ីក្លូននេះបង្កឱ្យភ្លើងដាច់ ហើយប្រជាជន៥លាននាក់គ្មានអគ្គិសនីប្រើប្រាស់។ ព្យុះស៊ីក្លូននេះដែរបង្កឱ្យមានភ្លៀងធ្លាក់យ៉ាងខ្លាំងស្ទើពេញផ្ទៃប្រទេសដែលជន់លិចទីក្រុង Dhaka, Khulna និងBarisal ជាមួយកម្ពស់ទឹកភ្លៀង ៣២៤មីលីម៉ែត្រកាលពីថ្ងៃទី២៤ ខែតុលា៕
© រក្សាសិទ្ធិដោយ thmeythmey.com