អន្តរជាតិ
អាម៉េរិក ជប៉ុន កូរ៉េ​ខាង​ត្បូងប្តេជ្ញាឆ្លើយតបចំណាត់ការមិនធ្លាប់មាន បើកូរ៉េខាងជើងហ៊ានសាកល្បងនុយក្លេអ៊ែរ
26, Oct 2022 , 9:50 pm        
រូបភាព
អាម៉េរិក ជប៉ុន និងកូរ៉េ​ខាង​ត្បូង នៅថ្ងៃទី២៦ ខែតុលា បានព្រមានចំៗថា ការសាកល្បងនុយក្លេអ៊ែររបស់កូរ៉េខាងជើងប្រាកដណាស់នឹងធ្វើឱ្យមានឆ្លើយតបដ៏ខ្លាំងក្លាដែលមិនធ្លាប់មានពីមុនមក។ ការព្រមានពីសម្ព័ន្ធមិត្តទាំង៣នេះ ធ្វើឡើងស្របពេលមានការបារម្ភថា ក្រុងព្យុងយ៉ាងអាចសាកល្បងនុយក្លេអ៊ែរក្រោមដីជាថ្មី។
 
 
បន្ទាប់ពីកិច្ចពិភាក្សានៅទីក្រុងតូក្យូ អនុរដ្ឋមន្ត្រីការបរទេសនៃប្រទេសសម្ព័ន្ធទាំង៣គឺអាម៉េរិក ជប៉ុននិងកូរ៉េ​ខាង​ត្បូង បានបញ្ជាក់ថាប្រទេសទាំង៣នឹងបង្កើនកម្លាំងការពារនិងរារាំងកាន់តែខ្លាំងនៅក្នុងតំបន់ ខណៈ​កូរ៉េ​ខាង​ជើងជារឿយៗតែបង្កបញ្ហា។ 
 
«យើងបានយល់ព្រមពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត ដើម្បីឱ្យកូរ៉េខាងជើងអាចបញ្ឈប់សកម្មភាពខុសច្បាប់របស់ខ្លួនភ្លាមៗ ហើយត្រលប់ទៅរកការចរចារលុបបំបាត់នុយក្លេអ៊ែរវិញ»។ លោក Cho Hyun-dongអនុរដ្ឋមន្ត្រីក្រសួងការបរទេសកូរ៉េខាងត្បូងបាននិយាយបែបនេះ នៅថ្ងៃទី២៦ ខែតុលា។ 
 
លោកក៏បានបន្តប្រាប់អ្នកកាសែតថា ប្រទេសទាំងបីបានយល់ព្រមលើចំណាត់ការសម្រាប់ការឆ្លើយតបខ្លាំងដែលមិនធ្លាប់មានពីមុនមក ប្រសិនបើកូរ៉េខាងជើងបន្តការសាកល្បងនុយក្លេអ៊ែរលើកទីប្រាំពីររបស់ខ្លួន។ 
 
កន្លងមក ទីក្រុងសេអ៊ូល និងវ៉ាស៊ីនតោនបានព្រមានម្តងហើយម្តងទៀតថា ទីក្រុងព្យុងយ៉ាងអាចនឹងការសាកល្បង​អាវុធនុយក្លេអ៊ែរជាថ្មី ក្រោយអាក់ខានចាប់តាំងពីឆ្នាំ ២០១៧ មក។ កាលពីខែមុន មីស៊ីលមួយគ្រាប់ត្រូវបានជប៉ុនអះអាងថាហោះពីលើប្រទេសខ្លួន។
 
ទាក់ទងនឹងបញ្ហានេះ ឧបការីរដ្ឋមន្ត្រីការបរទេសអាម៉េរិកលោកស្រី Wendy Sherman បានរិះគន់សកម្មភាពរបស់កូរ៉េខាងជើងថាជាសកម្មភាពធ្វើឱ្យមានអស្ថិរភាព និងបានជំរុញឱ្យកូរ៉េខាងជើងបញ្ឈប់សកម្មភាពបង្ករឿងផង។ លើសពីនេះ អនុរដ្ឋមន្ត្រីការបរទេសជប៉ុនលោក Takeo Mori​ បានសង្កត់ធ្ងន់ថា សកម្មភាពនុយក្លេអ៊ែរ និងមីស៊ីល របស់កូរ៉េខាងជើងកាន់តែមានភាពខ្លាំងក្លា ដែលនេះគឺជាបញ្ហាប្រឈមច្បាស់លាស់ និងធ្ងន់ធ្ងរចំពោះសហគមន៍អន្តរជាតិ។ 
 
គួរបញ្ជាក់ថា ក្រៅតែពីបញ្ហាកូរ៉េខាងជើង ភាគីទាំង៣ ក៏បានពិភាក្សាគ្នាអំពីបញ្ហាជាច្រើនផ្សេងទៀត រួមមានសង្រ្គាមនៅអ៊ុយក្រែន ចិន និងតៃវ៉ាន់ជាដើម៕
 

© រក្សាសិទ្ធិដោយ thmeythmey.com