អន្តរជាតិ
ប្រធានាធិបតីរុស្ស៊ី ត្រួតពិនិត្យមើលសមយុទ្ធយោធាប្រឆាំងនុយក្លេអ៊ែរយុទ្ធសាស្រ្ត
27, Oct 2022 , 9:59 am        
រូបភាព
លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី។ រូបភាពយកពីវិមានក្រេមឡាំង
លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី។ រូបភាពយកពីវិមានក្រេមឡាំង
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានត្រួតពិនិត្យមើលសមយុទ្ធហ្វឹកហ្វឺនរបស់កម្លាំងប្រឆាំងនុយក្លេអ៊ែរយុទ្ធសាស្រ្ត នៅថ្ងៃទី២៦ ខែតុលា។ វិមានក្រេមឡាំង បានបញ្ជាក់បែបនេះ នៅក្នុងសេចក្តីថ្លែងការណ៍មួយ។
 
សមយុទ្ធហ្វឹកហ្វឺនរបស់កម្លាំងប្រឆាំងនុយក្លេអ៊ែរជាយុទ្ធសាស្រ្តតែងធ្វើឡើងជារៀងរាល់ឆ្នាំ ហើយនេះជាសមយុទ្ធលើកទីពីររបស់រុស្ស៊ី ក្នុងឆ្នាំ២០២២។ សមយុទ្ធប្រភេទនេះ ត្រូវបានរុស្ស៊ីធ្វើឡើងម្តងមុនពេលឈ្លានពានអ៊ុយក្រែនប៉ុន្មានថ្ងៃ។ 
 
«ក្រោមភាពដឹកនាំរបស់អគ្គមេបញ្ជាការកំពូលនៃកម្លាំងប្រដាប់អាវុធ លោកវ្ល៉ាឌីមៀ ពូទីន សមយុទ្ធហឹកហាត់ ត្រូវបានធ្វើឡើងជាមួយកម្លាំងប្រឆាំងជាយុទ្ធសាស្រ្តនៅលើដី សមុទ្រ និងអាកាស ដោយមានការអនុវត្តបាញ់មីស៊ីលបាលីស្ទីក និងមីស៊ីលប្រដេញ»។ វិមានក្រេមឡាំងបានបញ្ជាក់បែបនេះ នៅក្នុងសេចក្តីថ្លែងការណ៍មួយចេញនៅថ្ងៃទី២៦ ខែតុលា។ 
 
តាមការចាក់ផ្សាយរបស់ទូរទស្សន៍រដ្ឋ លោកពូទីនបានពិនិត្យមើលសមយុទ្ធយោធា ដែលធ្វើឡើងនៅសមុទ្រ Barents ក្នុងមហាសមុទ្រអាក់ទិក និងឧបទ្វីប Kamchatka ដែលស្ថិតនៅភាគខាងកើតរុស្ស៊ី ពីបន្ទប់គ្រប់គ្រងមួយ។ ស្របគ្នានេះ រដ្ឋមន្រ្តីការពារជាតិរុស្ស៊ី លោក Sergei Shoigu បានប្រាប់លោកពូទីនថា សមយុទ្ធខាងលើ បានបង្ហាញពីការវាយប្រហារនុយក្លេអ៊ែរដ៏ខ្លាំងក្លា ដើម្បីឆ្លើយតបនឹងការវាយប្រហារនុយក្លេអ៊ែររបស់សត្រូវ។ 
 
ទីភ្នាក់ងារព័ត៌មានរុស្ស៊ី RIA Novosti បានចុះផ្សាយថា រុស្ស៊ីបានបាញ់សាកល្បងមីស៊ីល ដែលអាចបំពាក់នុយក្លេអ៊ែរពីរប្រភេទគឺ មីស៊ីលប៉ាលីស្ទិកអន្តរទ្វីប Yars និងមីស៊ីលប៉ាលីស្ទិក Sineva។ បន្ថែមពីនេះ យុទ្ធហោះយោធាប្រភេទ Tu-95 ក៏បានចូលរួមផងដែរ។ វិមានក្រេមឡាំង បានបញ្ជាក់ថា កងកម្លាំងប្រឆាំងនុយក្លេអ៊ែរបានបញ្ចប់កិច្ចការទាំងអស់ ហើយមីស៊ីលប៉ាលីស្ទិក ក៏បាញ់ត្រូវគោលដៅផង។
 
ស្របពេលមានភាពតានតឹងដោយសារសង្រ្គាមនៅអ៊ុយក្រែន ភាគីអាម៉េរិក បានអះអាងថា ក្រុងមូស្គូ បានជូនដំណឹងមកខ្លួនជាមុនហើយ ជុំវិញសមយុទ្ធកម្លាំងប្រឆាំងនុយក្លេអ៊ែរជាយុទ្ធសាស្រ្តនេះ។ 
 
សូមបញ្ជាក់ថា សមយុទ្ធខាងលើ ធ្វើឡើងស្របពេលក្រុងមូស្គូ បានចោទក្រុងកៀវថា កំពុងរៀបចំសកម្មភាពបង្ករឿង ប្រឆាំងរុស្ស៊ី តាមរយៈប្រើប្រាស់គ្រាប់បែកមានផ្ទុកសារធាតុអ៊ុយរ៉ាញ៉ូម។ យ៉ាងណាមិញ ការចោទប្រកាន់នេះ ត្រូវបានអ៊ុយក្រែនបដិសេធ៕ 
 

Tag:
 រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com