កីឡាអន្តរជាតិ
ស៊ីហ្គេម២០២៣
អន្តរជាតិ
Barcelona ធ្លាក់ចេញពី UCL ត្រឹមវគ្គចែកពូលជាមួយ AT-Madrid និង Seviilaពីរឆ្នាំជាប់គ្នា
27, Oct 2022 , 10:59 am        
រូបភាព
Champions League
Champions League
Barcelona ធ្លាក់ចេញពីការប្រកួត UEFA Champions League ត្រឹមវគ្គសន្សំពីន្ទុតាមពូល ក្រោយបន្តចាញ់ Bayern Munich ក្នុងលទ្ធផល ៣-០។ នេះជាលើកទី២សម្រាប់ក្រុមយក្សអេស្ប៉ាញ ដែលមិនអាចឆ្លងផុតទៅវគ្គខ្វែង បន្ទាប់ពីខកខាននៅរដូវកាលមុន។ ក្រុមអេស្ប៉ាញពីរទៀត AT-Madrid និង Seviila សុទ្ធសឹងធ្លាក់ត្រឹមវគ្គចែកពូលនេះ។


Barcelona នៅសល់កៅអីលេង Europa League ក្រោយទទួលបានចំណាត់ថ្នាក់ទី៣ក្នុងពូល C ដោយស្វ័យប្រវត្តិបើទោះនៅសល់១ប្រកួតទៀតក្តី។ បន្ទាប់ពីចាញ់ក្រុមកំពូលតារាង Bayern Munich ក្នុងជំនួបទី៥​ នៅរាត្រីថ្ងៃទី២៦ ខែតុលា ក្រុមដែលដឹកនាំដោយអ្នកចាត់ការលោក Xavi Hernandez រកបាន៤ពិន្ទុប៉ុណ្ណោះ តាមពីក្រោយក្រុមលេខ២ Inter Milan ៦ពិន្ទុ និង  Bayern Munich ១១ពិន្ទុ។ Viktoria Plzen ដែលបន្តចាញ់ Inter Milan ៤-០ នៅបាតតារាងគ្មានពិន្ទុរាប់។
 
ពូល A ក្រុម Napoli និង Liverpool ចាប់ដៃ ឡើងទៅកាន់វគ្គ១៦ក្រុមចុងក្រោយ បន្ទាប់ពីរកបានជ័យជម្នះរៀងខ្លួននៅជំនួបលើកទី៥។ Napoli មិនដែលចាញ់ និងឈ្នះទាំង៥ប្រកួតឈរកំពូលតារាង ឯ Livepool នៅលេខ២មាន១២ពិន្ទុ ក្រោយឈ្នះ Ajax ៣-០។ Ajax ដែលរកបាន៣ពិន្ទុ នៅសល់ការប្រជែងកៅអី Europa League ជាមួយក្រុមបាតតារាង Rangers ដែលមិនមានពិន្ទុសោះ នៅជំនួបចុងក្រោយ។
 
FC Porto បានកៅអីឡើងទៅវគ្គខ្វែង ក្រោយឈ្នះ Club Bruges ជាមួយក្រុមកំពូលតារាង ពូល B ក្នុងលទ្ធផល ៤-០។  AT-Madrid និង Bayern Leverkusen នៅសល់ឱកាសប្រជែងកៅអី Europa League ក្រោយក្រុមទាំងពីរប្រកួតស្មើគ្នា ២-២ ក្នុងជំនួបទី៥។ Club Bruges ដែលបានកៅអីទៅវគ្គ១៦ក្រុមតាំងពីជំនួបមុន រកបាន១០ពិន្ទុ តាមពីក្រោយដោយ FC Porto មាន៩ពិន្ទុ នាំមុខដាច់ AT-Madrid ដែលមាន៥ពិន្ទុ និង Leverkusen មាន៤ពិន្ទុ ខណៈការប្រកួតនៅសល់១លើកទៀត។
 
ដោយឡែកពូល D ជាពូលតឹងតែងជាងគេក្នុងការប្រកួតវគ្គសន្សំពិន្ទុរដូវកាលនេះ និងសុទ្ធសឹងនៅឱកាសប្រជែងកៅអីទៅវគ្គខ្វែងរៀងខ្លួន។ ទាំង៤ក្រុម Tottenham Hotspur, Sporting, Frankfurt និង Marseille កំពុងប្រទាញប្រទង់គ្នានៅឡើយបើទោះឆ្លងកាត់ប្រកួត៥លើកហើយក្តី ដោយក្រុមកំពូលតារាង នាំមុខក្រុមបាតតារាងតែ២ពិន្ទុប៉ុណ្ណោះ។ 
 
Spurs ឈរកំពូលតារាងបណ្តោះអាសន្នមាន៨ពិន្ទុ នាំមុខក្រុមលេខ២ Sporting និងក្រុមលេខ៣ Frankfurt ចំនួន១ពិន្ទុដូចគ្នា​ និងនាំមុខក្រុមបាតតារាង Marseille ២ពិន្ទុ។ ក្រុមទាំង៤ ត្រូវប្រជែងគ្នានៅជំនួបចុងក្រោយតាមពូល ដើម្បីរកបាន២ក្រុមទៅវគ្គ១៦ក្រុមចុងក្រោយ និងមួយក្រុមទៅ Europa League។ ជំនួបចុងក្រោយ Spurs ប៉ះ Marseille ឯ Sporting ជួប Frankfurt។
 
ក្រោយឆ្លងកាត់ការប្រកួត៥លើករួចមក គេរកឃើញក្រុមចំនួន១២ហើយ ដែលបានកក់កៅអីទៅកាន់វគ្គ១៦ក្រុម។ ក្នុងនោះមាន Man City, Bayern Munich, Chelsea, Dortmund, Inter Milan, Real Madrid, PSG, Napoli, Club Brugge, Benfica, Liverpool និង FC Porto៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com