ជាតិ
ខ្លាត្រីមួយ​ក្បាល​ ត្រូវ​បាន​ឧទ្យានុរក្សថតជាប់លើក​ដំបូង​នៅ​តំបន់រ៉ាមសារបឹងទន្លេឆ្មារ
27, Oct 2022 , 10:29 pm        
រូបភាព
ឧទ្យានុរក្សតំបន់រ៉ាមសារបឹងទន្លេឆ្មារថតបានរូបភាពខ្លាត្រីលើកទីមួយនៅខែតុលា ឆ្នាំ២០២២
ឧទ្យានុរក្សតំបន់រ៉ាមសារបឹងទន្លេឆ្មារថតបានរូបភាពខ្លាត្រីលើកទីមួយនៅខែតុលា ឆ្នាំ២០២២
ដោយ:
ភ្នំពេញ៖ ក្រុមមន្រ្ដីឧទ្យានុរក្សតំបន់រ៉ាមសារបឹងទន្លេឆ្មារ ថតបានរូបភាពខ្លាត្រី ជាលើកដំបូងអំឡុងពេលចុះល្បាតនៅខែតុលា ឆ្នាំ២០២២។ មំសាសីប្រភេទនេះ កម្របង្ហាញវត្តមានឱ្យមនុស្សថតបានណាស់​ ខណៈ​ចំនួនរបស់វានេះ មានកាន់តែតិចទៅៗនៅក្នុងធម្មជាតិ ដែលត្រូវការការពារ​ និងអភិរក្សពីគ្រប់ភាគី។


ខ្លាត្រី គឺជាប្រភេទសត្វកំពុងរងគ្រោះក្នុងបញ្ជីក្រហមរបស់អង្គការ IUCN អាស្រ័យដោយចំនួនរបស់វាបាននឹងកំពុងបន្តថយចុះ។ នៅ​ក្នុង​ខែ​តុលានេះ ក្រុម​មន្រ្តី​ឧទ្យានុរក្ស​តំបន់​រ៉ាម​សារ​បឹង​ទន្លេឆ្មារ បាន​ថត​ជាប់​សត្វ​ខ្លាត្រី មួយ​ក្បាល​ កំពុង​សម្ងំ​លើ​ដើម​ឈើ។


   រូបខ្លាត្រី នៅតំបន់រ៉ាមសារបឹងទន្លេឆ្មារ ។ រូបភាពដោយ អង្គការ ។NatureLife Cambodia Organization
 
លោក ប៊ូ វរសក្ស ​នាយកកម្មវិធីអភិរក្សរបស់អង្គការជីវិតសត្វស្លាប បានប្រាប់សារព័ត៌មាន ThmeyThmey25 ថា រូបភាពសត្វខ្លាត្រី ដែលក្រុមឧទ្យានុរក្សថតបាននៅតំបន់រ៉ាមសារបឹងទន្លេឆ្មារក្នុងខែតុលានេះ​ ជារូបភាពដំបូងបង្អស់ បន្ទាប់ពីអង្កេតតាមដានអស់រយៈពេលយូរ។ បើតាម​លោក ប៊ូ វរសក្ស កន្លងមកប្រជាពលរដ្ឋបានរាយការណ៍ថា ឧស្សាហ៍បានឃើញ ប៉ុន្ដែគ្មានជារូបភាព ឬជាវីដេអូឡើយ ទើបនឹងថ្មីៗនេះ ក្រុមមន្ត្រីឧទ្យានុរក្សថតបាន និងអាចកំណត់សម្គាល់ពីប្រភេទបានជាក់លាក់។
 
លោក ពន្យល់ដូច្នេះ៖« សត្វនេះកម្របង្ហាញខ្លួនឱ្យយើងឃើញណាស់ ទើបលើកនេះឧទ្យានុរក្សអាចថតបាន។ ពីមុនពលរដ្ឋតែងប្រាប់ហូរហែ ប៉ុន្ដែយើងខ្លាចច្រឡំជាមួយវត្តមានសត្វខ្លាពពក ព្រោះសណ្ឋានសត្វទាំងពីនេះ ប្រហែលគ្នា។ តែពេលនេះច្បាស់ហើយពិតជាខ្លាត្រីពិតប្រាកដ»។
 
ចំពោះវត្តមានរបស់សត្វប្រភេទនេះ ត្រូវបានកត់​ត្រាទុក និងក្លាយជាដំណឹងដ៏រីករាយ សម្រាប់អ្នកអភិរក្ស​និងក្រុមអ្នកសិក្សាស្រាវជ្រាវនៃគម្រោងខ្លាត្រីកម្ពុជា។ រហូតមកដល់ពេលនេះ ក្រុមអ្នកជំនាញមិនអាចកំណត់ថា ខ្លាត្រីនេះក្នុងតំបន់រ៉ាមសារបឹងទន្លេឆ្មារនេះ មានប៉ុន្មានក្បាលនៅឡើយទេ។
 
«ជាចំនួនជាក់លាក់ខ្ញុំមិនមានទេ ដោយសារអង្គការយើងធ្វើការតែទៅលើទីតាំងចំនួនពីរប៉ុណ្ណោះ គឺរ៉ាមសារស្ទឹងសែន និងរ៉ាមសារបឹងទន្លេឆ្មារ។ ប៉ុន្ដែអ្វីដែលខ្ញុំដឹងច្បាស់ បន្ទាប់ពីទទួលបានគម្រោងនៅតំបន់រ៉ាមសារទាំងពីរ នេះជាលើកដំបូងហើយដែលថតបានរូបសត្វខ្លាត្រីនៅតំបន់»។ នេះជាការលើកឡើងរបស់លោក វរសក្ស។
 
ទន្ទឹមនឹងការបង្ហាញវត្តមានរបស់សត្វប្រភេទនេះ ប្រធានអង្គការខាងលើ បានបញ្ជាក់ថា​ បច្ចុប្បន្នផលប៉ះពាល់នៅតែបន្តកើតសម្រាប់សត្វ ​និងជីវៈចម្រុះនៅក្នុងតំបន់រ៉ាមសារ ក្នុងនោះរួមមាន ការបាត់បង់ជម្រក ការនេសាទខុសច្បាប់ និងការបំពុលដោយប្រយោលជាដើម​។
 
សូមរំលឹកថា តំបន់រ៉ាមសារបឹងទន្លេឆ្មារ ស្ថិតក្នុងខេត្តកំពង់ធំ និងខេត្តសៀមរាប មានផ្ទៃដីសរុបចំនួន ២៨ម៉ឺនហិកតា និងត្រូវបានចុះបញ្ជីលេខ ៩៩៧ នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៩៩។  តំបន់រ៉ាមសារទន្លេឆ្មារ នេះ សម្បូរដោយរុក្ខជាតិ មច្ឆាប្រភេទកម្រ ក្នុងនោះដូចជាត្រីរាជ ត្រីគល់រាំង។ ចំពោះថនិកសត្វ មានដូចជា ភេខ្លួនរលោង ខ្លាត្រី និងពពួកសត្វស្លាបទឹក។  សត្វទាំងនោះភាគច្រើន ជាប្រភេទសត្វជិតផុតពូជ និងរងគ្រោះថ្នាក់លើពិភពលោក ដូចជារនាលស រនាលពណ៌ ទុងប្រផេះ ពពួលទឹក  ស្មោញ ត្រដក់តូច និងត្រដក់ធំ។ ជាពិសេសតំបន់នេះមានព្រៃលិចទឹក សត្វស្លាបទឹក និងភូមិអណ្ដែតទឹកដែលអំណោយផលដល់អេកូទេសចរណ៍បែបធម្មជាតិ៕
 
 
 

Tag:
 កំពង់ធំ
  តំបន់រ៉ាមសារ
  ខ្លាត្រី
© រក្សាសិទ្ធិដោយ thmeythmey.com