អន្តរជាតិ
បុរសអ៊ីរ៉ង់​ដែល «​កខ្វក់ជាងគេលើលោក» ស្លាប់ក្នុងអាយុ​៩៤​ឆ្នាំ ប៉ុន្មានខែក្រោយងូតទឹក​លើក​ដំបូង
28, Oct 2022 , 8:29 am        
រូបភាព
ដោយ: ធីតា
 តាបស​ជន​ជាតិ​អ៊ីរ៉ង់​ម្នាក់ដែលត្រូវបណ្តាញផ្សព្វផ្សាយ​ហៅថាជា​បុរស​ដែល​កខ្វក់ជាងគេ​លើពិភពលោក (The World’s Dirtiest Man) បាន​ស្លាប់​ក្នុង​អាយុ​៩៤​ឆ្នាំ ពោល​គឺ​ត្រឹមតែប៉ុន្មាន​ខែ​ប៉ុណ្ណោះ បន្ទាប់ពី​គាត់​បាន​សម្អាត​ខ្លួន​លើក​ដំបូង​ក្នុង​រយៈពេលជា​ច្រើនទសវត្សរ៍។
 
យោងតាម​ការផ្សាយ​របស់ទីភ្នាក់ងារព័ត៌មានរដ្ឋអ៊ីរ៉ង់ Irna លោកតា Amou Haji បាន​ទទួល​មរណភាព​កាលពីថ្ងៃអាទិត្យ ទី​២៣ ខែ​តុលា នៅ​ភូមិ Dezhgah នៅភាគ​ខាងត្បូងនៃ​ខេត្ត Fars។
 
លោកតា Haji ដែលមាន​រូប​រាងកាយដ៏គគ្រិច​ រស់នៅ​ក្នុង​ខ្ទមឥដ្ឋមួយដែលអ្នកភូមិ​បាន​នាំ​គ្នា​សាងសង់ជូន​គាត់។ សារព័ត៌មាន​ក្នុងស្រុក​បាន​បញ្ជាក់ថា គាត់​មិន​បាន​ងូត​ទឹក ដុស​ខ្លួន​អស់រយៈពេល​ជាង​៦០​ឆ្នាំមក​ហើយ។ អ្នកភូមិ​បានអះអាងថា គាត់មាន​បញ្ហា​ផ្លូវអារម្មណ៍​តាំងពីក្មេង ដោយមិនព្រម​លាងសម្អាត​ខ្លួន និង​ភ័យ​ខ្លាច​ឈឺពេល​ត្រូវ​ទឹក។
 
កាលពី​ឆ្នាំ​២០១៤ Tehran Times បាន​រាយការណ៍ថា លោក Haji បរិភោគ​អាហារមិន​រើសមុខ ជាពិសេសអាហារដែលមាន​សាច់​រលួយ និងទឹក​គ្មានអនាម័យ​ដែល​សល់ពីកំប៉ុង​ប្រេងចាស់ៗ។ បន្ថែម​ពី​លើនេះ លោក​​ចូល​ចិត្ត​ជក់​បារី ផ្សំ​លាយជាមួយលាមក​សត្វ ហើយជក់បារីជាច្រើន​ដើម​ក្នុងពេល​តែមួយ។
 
ក្រោយ​លោក Haji ទទួលមរណភាព កំណត់​ត្រាមិន​ផ្លូវការមួយ​ទំនង​ជាត្រូវ​បាន​លើ​បុរស​ឥណ្ឌា​ម្នាក់​ក្នុងនាមជា «មនុស្ស​កខ្វក់ជាងគេលើពិភពលោក»។ កាលពី​ឆ្នាំ២០០៩ កាសែត Hindustan Times បាន​រាយការណ៍ថា លោក Kailash “Kalau” Singh ដែលនៅ​ភូមិនៃក្រុង Varanasi មិន​បាន​ងូតទឹក​ជាង​៣០​ឆ្នាំ។ ការធ្វើបែបនេះ ដោយសារលោកមានជំនឿថា ជាការ​រួមចំណែក​បញ្ចប់​បញ្ហាប្រឈមនានា​របស់​ជាតិ។
 
លោក Kalau បដិសេធការងូតទឹក ប៉ុន្តែ​ពេញចិត្តនូវអ្វីដែល​លោក​ហៅថា «អាងភ្លើង»។ យោងតាម​កាសែត​ដដែល រាល់ល្ងាច​លោក Kalau បាន​ដុតភ្នក់​ភ្លើង  ហើយ​ជក់​កញ្ឆា និងឈរ​ជើងមួយ​ដើម្បីអធិស្ឋាន​ដល់​ព្រះសិវៈ។ លោក​ចាត់ទុក​សកម្មភាព​បែបនេះថា ជាការ​ងូតទឹក​សម្អាត និងកម្ចាត់​មេរោគផ្សេងៗក្នុងខ្លួន៕
 

© រក្សាសិទ្ធិដោយ thmeythmey.com