ភ្នំពេញ៖ ចាប់តាំងពីការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ (អ.ប.វ.) មានវត្តមាននៅខេត្តស្ទឹងត្រែងមក បានផ្តល់ឱកាសដល់យុវជនងាយរងគ្រោះជាច្រើនរូបទទួលបានចំណេះដឹង និងជំនាញបច្ចេកទេសជាក់លាក់ ដែលជួយឱ្យពួកគេមានការងារ និងផ្គត់ផ្គង់ជីវភាពរស់នៅសមរម្យ។ អ.ប.វ. ក៏បានចូលរួមចំណែកកាត់បន្ថយភាពក្រីក្រ ការធ្វើចំណាកស្រុក និងការបំផ្លាញធនធានធម្មជាតិ (ព្រៃឈើ ត្រី សត្វព្រៃ។ល។)ផងដែរ។
អ.ប.វ. គឺជាការបណ្ដុះបណ្ដាលដែលផ្ដល់នូវជំនាញបច្ចេកទេសដល់យុវជនងាយរងគ្រោះឱ្យទទួលបានជំនាញច្បាស់លាស់ និងមានឱកាសរកការងារសមរម្យ ដែលទទួលបានប្រាក់ចំណូលកើនឡើង។ ចាប់តាំងពីឆ្នាំ២០១៧ មក ខេត្តស្ទឹងត្រែងបានជំរុញការអប់រំបណ្ដុះបណ្ដាល អ.ប.វ. ក្រោមការគាំទ្រពីកម្មវិធីអភិវឌ្ឍន៍ជំនាញ (SDP) ដែលជាគម្រោងរបស់ទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ ដែលបានអនុវត្តរយៈពេល៤ឆ្នាំ នៅខេត្តចំនួន៥ រួមមាន ខេត្តក្រចេះ ស្ទឹងត្រែង ព្រះវិហារ រតនគិរី និងមណ្ឌលគិរី។
ក្រោយបញ្ចប់ដំណាក់កាលទី១ ពីឆ្នាំ២០១៧-២០២០ ខេត្តស្ទឹងត្រែង នៅតែមានឱកាសបន្តអនុវត្តគម្រោង កម្មវិធីអភិវឌ្ឍន៍ជំនាញ (SDP) រយៈពេល៤ឆ្នាំបន្ថែមទៀត គឺពីឆ្នាំ២០២០-២០២៤។ តាមរយៈភាពវិជ្ជមានរបស់គម្រោងកម្មវិធីអភិវឌ្ឍន៍ជំនាញ (SDP) នេះ បានធ្វើឱ្យខេត្តស្ទឹងត្រែង មានការរីកចម្រើន ដែលអាចផ្ដល់ជំនាញបច្ចេកទេស និងវិជ្ជាជីវៈដល់យុវជនដែលបោះបង់ការសិក្សា គ្មានការងារធ្វើ ជាពិសេសជនជាតិដើមភាគតិច។
លោក ញ៉ែម សារី អភិបាលរងខេត្តស្ទឹងត្រែង បានលើកឡើងថា ការជំរុញការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈនៅក្នុងខេត្តស្ទឹងត្រែង បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយគាំទ្រកំណើនសេដ្ឋកិច្ចដល់ប្រទេសកម្ពុជាប្រកបដោយនិរន្តរភាព តាមរយៈការអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាព។ ឯកឧត្តមក៏បានបញ្ជាក់ផងដែរ ថា អ.ប.វ. ក៏បានជួយបង្កើតការងារដល់ប្រជាពលរដ្ឋ ទទួលបានប្រាក់ចំណូល សមរម្យ និងស្ថិតស្ថេរ ចូលរួមកាត់បន្ថយភាពក្រីក្រ កាត់បន្ថយចំណាកស្រុកទាំងប្រថុយប្រថាន កាត់បន្ថយអំពើ ចោរកម្ម ការជួបជុំផឹកស៊ី និងប្រព្រឹត្តិល្បែងស៊ីសង។ល។ ដែលចូលរួមចំណែកយ៉ាងសំខាន់ដល់ការអនុវត្តគោលនយោបាយភូមិឃុំមាន សុវត្ថិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា។
«មនុស្សម្នាក់ ត្រូវមានជំនាញមួយឡើងទៅ។ ពីមុនមកប្រជាពលរដ្ឋនៅក្នុងខេត្តស្ទឹងត្រែង គាត់រស់នៅដោយអាស្រ័យផលវិស័យកសិកម្ម រស់ដោយការបរបាញ់ ដាក់អន្ទាក់ចាប់សត្វ ការនេសាទខុសច្បាប់ និងការរកអនុផលព្រៃឈើផ្សេងៗ។ ពេលដែលគាត់មិនមានជំនាញវិជ្ជាជីវៈច្បាស់លាស់ គឺគាត់រកមុខរបរទាំងអស់នេះ ប៉ុន្តែពេលគាត់បានចូលរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ គាត់មានជំនាញនៅក្នុងខ្លួន ហើយទទួលបានសញ្ញាបត្រទៀត»។ នេះជាការរៀបរាប់របស់លោក ញ៉ែម សារី អភិបាលរងខេត្តស្ទឹងត្រែង ពីភាពប្រសើរឡើងរបស់ពលរដ្ឋក្នុងខេត្តស្ទឹងត្រែង។
ទោះស្ថិតនៅភូមិភាគឦសាន ឆ្ងាយពីភ្នំពេញយ៉ាងណាក៏ដោយ តែអាជ្ញាធរខេត្តស្ទឹងត្រែង តែងជំរុញការផ្សព្វផ្សាយ អំពីការអប់រំបណ្ដុះបណ្ដាល បច្ចេកទេស និងវិជ្ជាជីវៈ តាមរយៈការបណ្ដុះបណ្ដាល សិក្ខាសាលា និងការប្រជុំនានា ដើម្បីបង្កើនការយល់ដឹងដល់មន្ទីរ អាជ្ញាធរពាក់ព័ន្ធ និងប្រជាពលរដ្ឋអំពីសារៈសំខាន់នៃការអប់រំបណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈ។
អភិបាលរងខេត្តរូបនេះ បញ្ជាក់ដូច្នេះ៖ «ខ្ញុំតែងបញ្រ្ជាបកិច្ចការ អ.ប.វ. នេះ ដល់ស្រទាប់ពលរដ្ឋដែលមានកូនចៅបោះបង់ការសិក្សា ពុំទាន់មានជំនាញវិជ្ជាជីវៈច្បាស់លាស់ ឱ្យមកចុះឈ្មោះចូលរៀនជំនាញ វិជ្ជាជីវៈណាមួយដែលពួកគាត់ចូលចិត្ត នៅមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជជីវៈ មន្ទីរទេសចរណ៍ ឬមជ្ឈមណ្ឌល អភិវឌ្ឍស្រ្តីនៃមន្ទីរកិច្ចការនារី ឬអ្នកដែលគ្មានការងារធ្វើឱ្យមកចុះឈ្មោះស្វែងរកការងារនៅមជ្ឈមណ្ឌលការងារ ខេត្តស្ទឹងត្រែង នៃទីភ្នាក់ងារជាតិមុខរបរ និងការងារដើម្បីទទួលបានឱកាសការងារ និងប្រាក់ចំណូលសមរម្យ និងចៀសវាងការចំណាកស្រុកទាំងប្រថុយប្រថាន និងការប្រព្រឹត្តបទល្មើសលើធនធានធម្មជាតិ ដូចជាការកាប់ បំផ្លាញព្រៃឈើ ការនេសាទខុសច្បាប់ ឬការបរបាញ់សត្វព្រៃជាដើម។
ពិតណាស់ អ.ប.វ. បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍ខេត្តនៅតំបន់ភូមិភាគឦសានមួយនេះឱ្យមានភាពប្រសើរឡើង តាមរយៈការបណ្ដុះបណ្ដាល ដោយធានាថាយុវជនងាយរងគ្រោះ និងពលរដ្ឋមានឱកាសរៀន សូត្រជំនាញបច្ចេកទេស និងវិជ្ជាជីវៈច្បាស់លាស់។ ក្រោយបញ្ចប់ការសិក្សាយុវជន ឬពលរដ្ឋ ដែលជាសិក្ខាកាម តែងមានឱកាសចូលរួមហាត់ការក្នុងរយៈពេលខ្លីជាមួយក្រុមហ៊ុន ឬសហគ្រាស នៅក្នុងខេត្តស្ទឹងត្រែង ឬក្រៅខេត្ត ដើម្បីទទួលបានបទពិសោធន៍លើការអនុវត្តជាក់ស្ដែង។ លើសពីនេះ សិក្ខាកាម ក៏មានឱកាសអាចក្លាយជាបុគ្គលិកនៅតាមទីតាំងដែលពួកគេហាត់ការផងដែរ។
សម្រាប់ខេត្តស្ទឹងត្រែង កម្មវិធីអភិវឌ្ឍន៍ជំនាញ បានផ្តល់ការគាំទ្រយ៉ាងច្រើនទាំងថវិកា និងធនធានមនុស្សដល់ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ។ លោក ញ៉ែម សារី បរិយាយបែបនេះ៖ «មិនត្រឹមតែផ្ដល់ថវិកាប៉ុណ្ណោះទេ តែSDP បានផ្ដល់នូវធនធានមនុស្ស ព្រមទាំងសម្ភារៈថែមទៀតផង។ តាមរយៈការគាំទ្រពីគម្រោង មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តបានចុះអនុស្សារណៈយោគយល់ជាមួយវិទ្យាស្ថានមួយចំនួននៅក្រៅខេត្ត ដូចជានៅក្នុងខេត្តសៀមរាប និងខេត្តស្វាយរៀង និងមានទំនាក់ទំនងជាមួយវិទ្យាស្ថានមួយចំនួននៅទីក្រុងភ្នំពេញ ដែលបង្កើនឱកាសឱ្យយុវជន ឬសិក្ខាកាមនៅក្នុងខេត្តស្ទឹងត្រែង មានឱកាសសិក្សា ឬបន្តការសិក្សានៅទីនោះ»។
បើតាមលោក ញ៉ែម សារី ចាប់ពីឆ្នាំ២០១៧មក មានសិក្ខាកាម ២ ៦២៦នាក់ បានចូលរួមការបណ្ដុះបណ្ដាលអ.ប.វ. ដោយក្នុងនោះ មានស្រ្តីចំនួន ១ ៤៨៤នាក់ និងជនជាតិដើមភាគតិចចំនួន ២នាក់។ ក្នុងចំណោមសិក្ខាកាមខាងលើ មានសិក្ខាកាមចំនួន ៤៦១នាក់ ទទួលបានការងារធ្វើ ក្នុងនោះ ស្រ្តីមានចំនួន ៣៦៤នាក់។
តាមរយៈការចូលរួមរបស់សិក្ខាកាមខាងលើ ឯកឧត្តមអភិបាលរងខេត្ត គិតថាទទួលបានជោគជ័យច្រើន។ លោក អះអាងដូច្នេះ៖ «ខ្ញុំកត់សម្គាល់ថា អាណាព្យាបាលសិស្ស និងយុវជន មានការចាប់អារម្មណ៍ច្រើន ក្នុងការសាកសួរព័ត៌មានអំពីវគ្គបណ្ដុះបណ្ដាល និងចុះឈ្មោះចូលរៀន។ ចំណែកអាជ្ញាធរខេត្ត ស្រុក ភូមិ ឃុំ ក៏ចាប់ផ្ដើមយល់អំពីតម្លៃនៃ អ.ប.វ. ដោយបានចូលរួមសកម្មជាងមុនក្នុងការផ្សព្វផ្សាយអំពីសារៈសំខាន់ អ.ប.វ. ផងដែរ»។
ទម្រាំខេត្តស្ទឹងត្រែង ទទួលបានផលវិជ្ជមានក្នុងគម្រោងការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈដូចបច្ចុប្បន្ននេះ មិនមែនជាការងាយស្រួលឡើយ ពោលគឺមានផលលំបាកក្នុងពេលចាប់ផ្ដើមដំបូង។ ឯកឧត្តមអភិបាលរងខេត្ត បានឱ្យដឹងថា ក្នុងជំហានដំបូង គឺត្រូវប្រជុំ និងផ្សព្វផ្សាយដល់អ្នកពាក់ព័ន្ធ ក្នុងមន្ទីរ ស្ថាប័ន ក្រុង-ស្រុក-ឃុំ-សង្កាត់ ឱ្យយល់ពីតម្លៃនៃការអប់រំបណ្ដុះបណ្ដាលជំនាញ និងវិជ្ជាជីវៈជាមុនសិន ទើបបន្តការផ្សព្វផ្សាយទៅដល់យុវជន និងពលរដ្ឋ។
ភាពប្រសើរឡើងរបស់គម្រោងការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈនៅក្នុងខេត្តស្ទឹងត្រែង បានធ្វើឱ្យឯកឧត្តមអភិបាលរងខេត្តស្ទឹងត្រែង សប្បាយរីករាយចំពោះលទ្ធផលវិជ្ជមាននេះ។ «ខ្ញុំមានការសប្បាយចិត្ត រីករាយយ៉ាងខ្លាំង និងសំដែងការអរគុណជាអនេកដល់អង្គការស្វីសខន់ថាក់ ដែលបានគាំទ្រនៅខេត្តភូមិភាគឦសាន ពិសេសខេត្តស្ទឹងត្រែង តាំងពីឆ្នាំ២០១៧រហូតដល់បច្ចុប្បន្ន និងបន្តដល់ឆ្នាំ២០២៤ ដែលជាការជោគជ័យមួយ ក្នុងការចូលរួមកាត់បន្ថយភាពក្រីក្រ»។
អភិបាលរងខេត្ត អំពាវនាវដល់យុវជនដែលមិនទាន់មានជំនាញវិជ្ជាជីវៈច្បាស់លាស់ និងមិនទាន់មានការងារធ្វើ ឱ្យមកទំនាក់ទំនងជាមួយមជ្ឈមណ្ឌលវិជ្ជាជីវៈខេត្ត ដើម្បីទទួលបានឱកាស និងការបណ្ដុះបណ្ដាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈពិតប្រាកដ ពិសេសសិក្សាដោយឥតបង់ថ្លៃ។ អភិបាលរងខេត្តរូបនេះ ក៏បានអំពាវនាវដល់អាជ្ញាធរមូលដ្ឋាន និងស្ថាប័នពាក់ព័ន្ធបន្តចូលរួមយ៉ាងសកម្មក្នុងការផ្សព្វផ្សាយដល់ក្រុមគោលដៅពីសារៈសំខាន់នៃការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ឱកាសទទួលបានការអប់រំបណ្ដុះបណ្ដាលដល់យុវជន និងឱ្យមកចុះឈ្មោះស្វែងរកការងារនៅមជ្ឈមណ្ឌលការងារខេត្តស្ទឹងត្រែងនៃទីភ្នាក់ងារជាតិមុខរបរ និងការងារដើម្បី ទទួលបានឱកាសការងារ និងប្រាក់ចំណូលសមរម្យ ។
កម្មវិធីអភិវឌ្ឍន៍ជំនាញ (SDP) គឺជាគម្រោងរបស់ទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ (SDC)។ កម្មវិធី SDP ដំណាក់កាលទី២ (២០២០ - ២០២៤) ត្រូវបានអនុវត្តដោយ ស្វីសខន់ថាក់ (Swisscontact) និងសម្ព័ន្ធជាមួយ INBAS ដោយសហការជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងទេសចរណ៍។ កម្មវិធីអនុវត្តសកម្មភាពដោយមានកិច្ចសហការយ៉ាងជិតស្និទជាមួយរដ្ឋបាលទាំងថ្នាក់ ជាតិ និងថ្នាក់ក្រោមជាតិ ទីភ្នាក់ងារជាតិមុខរបរ និងការងារ គ្រឹះស្ថានផ្តល់សេវាបណ្តុះបណ្តាលទាំងរដ្ឋ និងឯកជន ក៏ដូចជាក្រុមហ៊ុន និងសហគ្រាសធុនតូចក្នុងវិស័យ បដិសណ្ឋារកិច្ច និងវិស័យផ្សេងទៀត៕