កីឡាអន្តរជាតិ
រថយន្ត
អន្តរជាតិ
Verstappen បំបែកកំណត់ត្រា Schumacher និង Vettel ក្រោយឈ្នះលើកទី១៤ រដូវកាលនេះ
31, Oct 2022 , 7:29 pm        
រូបភាព
Max Verstappen បំបែកកំណត់ត្រាឈ្នះការប្រណាំងទី១៤ នៅព្រឹត្តិការណ៍ Formula One ឆ្នាំ២០២២នេះ​ ក្រោយឈ្នះនៅ Mexico City Grand Prix ប្រទេសម៉ិកស៊ិក។ Verstappen ដែលក្លាយជាជើងឯករដូវកាលនេះរួចទៅហើយនោះ ឈ្នះការប្រណាំង៩លើកចុងក្រោយជាប់ៗគ្នា។


Verstappen ដែលបើកបរឱ្យក្រុម Red Bull បន្តរកបានជ័យជម្នះនៅទីលានប្រណាំងទី២០ ក្នុងកម្មវិធី Mexico City Grand Prix នៅថ្ងៃទី៣០ ខែតុលា។ អ្នកប្រណាំងសញ្ជាតិហូឡង់ដែលក្លាយជាជើងឯក F1 តាំងពីការប្រណាំងនៅទីលានទី១៨ក្នុងប្រទេសជប៉ុននោះ ប្រើពេលត្រឹម ១ម៉ោង ៣៨នាទី និង៣៦វិនាទី ដើម្បីទៅដល់ទីមុនគូប្រជែង Lewis Hamilton របស់ Mercedes។ កីឡាករ Sergio Perez របស់ Red Bull ទទួលបានចំណាត់ថ្នាក់លេខ៣ ខណៈ George Russell របស់ Mercedes បានលេខ៤។
 
ឈ្នះជាលើកទី១៤ នៅទីលានក្នុងប្រទេសម៉ិកស៊ិកក្នុងការប្រណាំងរដូវកាលឆ្នាំ២០២២នេះ បានជួយ Verstappen បំបែកកំណត់ត្រាអតីតកីឡាករ Michael Schumacher និង Sebastian Vettel ដែលធ្លាប់ឈ្នះ១៣ដងក្នុងឆ្នាំ ២០០៤ និង ២០១៣។
 
ឆ្លងកាត់ការប្រណាំង២០លើក Verstappen រកបាន៤១៦ពិន្ទុ តាមពីក្រោយដោយមិត្តរួមក្រុម Perez ដែលមាន២៨០ពិន្ទុ។ Charles Leclerc របស់ក្រុម Ferrari ស្ថិតនៅលេខ២មាន២៧៥ពិន្ទុ នាមុខ Russell ៤៤ពិន្ទុ ខណៈម្ចាស់ជើងឯក៧សម័យ Hamilton ឡើងទៅលេខ៥មាន២១៦ពិន្ទុ។
 
Verstappen និង Perez បានជួយក្រុម Red Bull ឈ្នះជើងឯក F1 ផ្នែកគ្រឿងម៉ាស៊ីនផងដែរសម្រាប់រដូវកាល ២០២២នេះ។ Red Bull ឈរកំពូលតារាងមាន៦៩៦ពិន្ទុ នាំមុខដាច់ក្រុមគូប្រជែង Ferrari ចំនួន២០៩ពិន្ទុឯណោះ ខណៈការប្រណាំងនៅសល់តែ២លើកទៀតប៉ុណ្ណោះនឹងបញ្ចប់រដូវកាលនេះ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com