រថយន្ត
អន្តរជាតិ
ពិព័រណ៌រថយន្តនៅ​ហូជីមិញ ទាក់ទាញបាន​ក្រុមហ៊ុន​លំដាប់ពិភពលោក​ដល់ទៅ១៤ក្រុមហ៊ុន
31, Oct 2022 , 8:29 pm        
រូបភាព
ដោយ: ធីតា
ព្រឹត្តិការណ៍ពិព័រណ៌​យានយន្តនៅវៀតណាម​ប្រចាំ​ឆ្នាំ​២០២២ (Vietnam Motor Show 2022) បាន​ប្រព្រឹត្តទៅកាលពីថ្ងៃទី​២៦ ខែតុលា នៅ​ក្រុងហូជីមិញ ដោយមាន​ការតាំងបង្ហាញនូវ​រថយន្ត​ជាង​១២០ម៉ូដែល។
 
ព្រឹត្តិការណ៍រយៈពេល​៥ថ្ងៃ ដែលសហការរៀបចំ​ដោយ​សមាគម​ក្រុមហ៊ុន​ផលិត​យានយន្ត​វៀតណាម (VAMA) និងសមាគមនៅចូល​យានយន្ត​វៀតណាម (VIVA) ទាក់ទាញ​ការចូលរួមពីបណ្តាក្រុមហ៊ុន​លំដាប់ពិភពលោក​ដល់ទៅ១៤ក្រុមហ៊ុន។ ក្រុមហ៊ុន​ទាំងនោះ រួមមាន Audi, Brabus, Honda, Jeep, Lexus, Mercedes-Benz, Mitsubishi Motors, Morgan, MG, RAM, Subaru, Toyota, Volkswagen និង​ Volvo។


 
យោងទីភ្នាក់ងារព័ត៌មាន​វៀតណាម VNA នេះក៏ជា​លើក​ដំបូង​ផងដែរសម្រាប់ពិព័រណ៌​រថយន្ត​វៀតណាម ដែល​មាន​ការ​ចូលរួមពី​ក្រុមហ៊ុនយីហោរធំៗ ដោយមាន​ឧស្សហកម្ម​យានយន្ត​តាំងពី​រថយន្ត​ធុនធ្ងន់ រថយន្តទំហំធំ និង​ប្រភេទ​រថយន្តអគ្គិសនី។
 
សម្រាប់​ការ​វិល​ត្រឡប់សារជាថ្មី ក្រោយ​ខក​ខាន​អស់រយៈពេល​២ឆ្នាំ​ដោយសារកូវីដ ព្រឹត្តិការណ៍ Vietnam Motor Show ក៏មានការ​រៀបចំ​សិក្ខាសាលាអំពីបច្ចេក​វិទ្យា​បៃតង​ក្នុង​ឧស្សាហកម្ម​យានយន្ត​ផងដែរ។ លោក Laurent Genet តំណាងសមាគម VIVA បានអះអាងបន្ថែមថា វាជាព្រឹត្តិការណ៍នៃការតាំងបង្ហាញផលិតផលដែលមាន​គុណភាពខ្ពស់ និង​រួមចំណែក​ដល់ការអភិវឌ្ឍន៍ឧស្សាហកម្មយានយន្តនៅវៀតណាម។​
 

យោងតាមក្រសួង​ឧស្សាហកម្ម និង​ពាណិជ្ជកម្មវៀតណាម អត្រាភាពជាម្ចាស់រថយន្តនៅវៀតណាម មានចំនួន​២៣គ្រឿង​ក្នុងចំណោមមនុស្ស១០០០នាក់ ដែលទាបជាងចំនួន​ជាសាកល។ 
 
សារព័ត៌មានជាភាសាអង់គ្លេស​ Viet Nam News​ ក្នុង​ចំណោម​រថយន្តទំនើប​ជាង​១២០ម៉ូដែល ភាគច្រើន​ជា​រថយន្ត​អគ្គិសនី មាន​ដូចជា Audi e-tron 50 SUV quattro, Brabus G800, Morgan Plus Six, Honda Civic TypeR ជំនាន់ទី៧, Jeep Grand Cherokee L, Lexus LF-Z electrified concept ជាដើម។
 
ជាមួយ​គ្នានេះ Mercedes-Benz បានបង្ហាញ​រថយន្ត​ទំនើបពិសេស​ចំនួន​១៧ម៉ូដែល ក្នុងនោះ​មានទាំង​ Mercedes-Maybach GLS និង Mercedes-Maybach S-class ផងដែរ។ រីឯ Mercedes-Benz Vietnam បាន​សម្ពោធផលិត​ផលយានយន្តអគ្គិសនី EQS ដែលជា​ផលិត​ចម្បង​របស់ខ្លួន៕

















© រក្សាសិទ្ធិដោយ thmeythmey.com