ជាតិ
អាស៊ាន
កញ្ញា សិរីវឌ្ឍនា ធ្វើជា Liaison officer ក្នុងកិច្ចប្រជុំអាស៊ាន ព្រោះចង់បង្ហាញពីសមត្ថភាពយុវជនខ្មែរ
09, Nov 2022 , 5:19 pm        
រូបភាព
កញ្ញា សៀក សិរីវឌ្ឍនា និស្សិតពេទ្យ និង​ជាអ្នកសម្របសម្រួលគណៈប្រតិភូ ក្នុងកិច្ចប្រជុំកំពូលអាស៊ាន ឆ្នាំ២០២២។ រូបភាពផ្ដល់ដោយ កញ្ញា សៀក សិរីវឌ្ឍនា។
កញ្ញា សៀក សិរីវឌ្ឍនា និស្សិតពេទ្យ និង​ជាអ្នកសម្របសម្រួលគណៈប្រតិភូ ក្នុងកិច្ចប្រជុំកំពូលអាស៊ាន ឆ្នាំ២០២២។ រូបភាពផ្ដល់ដោយ កញ្ញា សៀក សិរីវឌ្ឍនា។
ភ្នំពេញ៖ ក្នុងនាមជាយុវជនមួយរូប ដែលមានឆន្ទៈលើកកម្ពស់មុខមាត់ប្រទេសជាតិរបស់ខ្លួន កញ្ញា សៀក សិរីវឌ្ឍនា បានស្ម័គ្រចិត្តធ្វើជាអ្នកសម្របសម្រួលគណៈប្រតិភូ ក្នុងកិច្ចប្រជុំអាស៊ាន ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ នាខែក្រោយនេះ។ សម្រាប់យុវតីខ្មែររូបនេះ តួនាទីជាមន្ត្រីសម្របសម្រួលកិច្ចប្រជុំអាស៊ាននេះ ផ្ដល់ឱកាសឱ្យខ្លួនបានបង្ហាញប្រជាជាតិអាស៊ានថា យុវជនខ្មែរ មានសមត្ថភាព និងគុណភាពចំណេះដឹងពិតប្រាកដ។
 
មានវ័យ២២ឆ្នាំ កញ្ញា សៀក សិរីវឌ្ឍនា ជានិស្សិតខ្មែរមួយរូប ដែលងកំពុងសិក្សាជំនាញផ្នែកវេជ្ជសាស្ត្រ នៅសកលវិទ្យាល័យ មួយកន្លែងនៅរាជធានីភ្នំពេញ។ មមាញឹកនឹងការងាររៀនសូត្រនៅសកលវិទ្យាល័យហើយ ប៉ុន្តែយុវតីរូបនេះ ឆ្លៀតពេលវេលាផ្ទាល់ខ្លួន រៀងរាល់ថ្ងៃសៅរ៍ និងអាទិត្យ ចូលរួមចំណែក ជាមួយរដ្ឋាភិបាលកម្ពុជា ក្នុងដំណើរការកិច្ចប្រជុំអាស៊ាន ដែលកម្ពុជា ក្លាយជាម្ចាស់ផ្ទះ នាថ្ងៃទី១០ ដល់១៣ វិច្ឆិកា ។ ការចូលរួមចំណែកនេះ តាមរយៈការងារជា អ្នកសម្របសម្រួលគណៈប្រតិភូ ក្នុងកិច្ចប្រជុំអាស៊ាន ឬត្រូវបានគេហៅថា Liaison Officer។
  

សកម្មភាពកញ្ញា សិរីវឌ្ឃនា កំពុងសម្របសម្រួល ដល់គណៈប្រតិភូ នាអំឡុងកិច្ចប្រជុំមួយ នាពេលថ្មីៗនេះ។ រូបភាពផ្ដល់ដោយ កញ្ញា សៀក សិរីវឌ្ឍនា។ 
 
ការពិតទៅការងារជាអ្នកសម្របសម្រួលគណៈប្រតិភូ ក្នុងកិច្ចប្រជុំអាស៊ាន​​​ ជាក្ដីសុបិន្តមួយរបស់កញ្ញា សិរីវឌ្ឍនា តាំងពីនាងនៅជាសិស្សវិទ្យាល័យមកម្លេះ បន្ទាប់ពីនាង បានរៀនមេរៀនមួយ ស្ដីពី អាស៊ាន ។ កញ្ញា​រំឭកពីអតីតកាល កាលនៅជាសិស្សវិទ្យាល័យរបស់ខ្លួនដូច្នេះ៖ «អ្នកសម្របសម្រួលគណៈប្រតិភូ​ វាជាក្ដីស្រមៃរបស់ខ្ញុំ! យើងទាំងអស់បានសិក្សាពីសមាគមប្រជាជាតិអាស៊ានតាំងពីវិទ្យាល័យមកម្លេះ ហើយចំពោះខ្ញុំផ្ទាល់ខ្ញុំតែងស្រមៃថា ថ្ងៃណាមួយខ្ញុំនឹងមានឱកាសចូលរួមចំណែកការងារ ក្នុងកិច្ចប្រជុំដ៏ធំមួយនេះ នៅពេលកម្ពុជាមានឱកាសក្លាយជាប្រធានអាស៊ាន»។
 
បានទទួលឱកាសដូចការរំពឹងទុក និងដូចនឹងក្ដីស្រមៃរបស់ខ្លួន បច្ចុប្បន្ន វឌ្ឍនា បានខិតខំប្រឹងប្រែង ដុសខាត់សមត្ថភាព ជាមួយនឹងគោលដៅច្បាស់លាស់ ស្របតាមឆន្ទៈ ប្រកបដោយភាពក្លាហានរបស់ខ្លួន។ 
  

ក្រុមយុវជន​ ជាអ្នកសម្របសម្រួលគណៈប្រតិភូ។  រូបភាពផ្ដល់ដោយ កញ្ញា សៀក សិរីវឌ្ឍនា។ 
 
ក្រៅពីសុបិន្ត ក្លាយជាការពិតហើយនោះ យុវតីរូបនេះ ក៏បានដាក់គោលដៅមួយទៀត ក្នុងការប្រើសមត្ថភាពខ្លួន លើកកម្ពស់មុខមាត់ប្រទេសកម្ពុជា តាមរយៈការបង្ហាញចំណេះដឹង ទៅកាន់គណៈប្រតិភូអាស៊ាន ក៏ដូចជាពិភពលោកផងដែរ។ យុវតីសម្ដីម៉ាត់ៗរូបនេះ និយាយដូច្នេះ៖ «គោលបំណងទី១ របស់ខ្ញុំ ក្នុងនាមខ្ញុំជាយុវជនជាសសរទ្រូងប្រទេសជាតិ គួរគប្បីចូលរួមការងារសង្គមដើម្បីជាប្រយោជន៍ដល់ប្រទេស​ជាតិយើង។ ជាក់ស្ដែងកន្លងមកនេះ យើងបានសម្របសម្រួលគណៈប្រតិភូបានយ៉ាងខ្ជាប់ខ្ជួន ហើយ(បាន)បង្ហាញពីសមត្ថភាព ដល់បណ្ដាប្រទេសអន្តរជាតិ និង ឆាកអន្តរជាតិ ដើម្បីបង្ហាញថាយុវជនខ្មែរយើងពិតជាមានសមត្ថភាព សម្របសម្រួលក្នុងកិច្ចការផ្សេងៗ របស់គណៈប្រតិភូ បានយ៉ាងរលូន»។ 
 
ដោយសារចង់បានចំណេះដឹងថ្មី បទពិសោធន៍ថ្មី ទំនាក់ទំនងជាមួយមនុស្សថ្មីៗ ដើម្បីវាស់ស្ទង់សមត្ថភាពខ្លួនឯងនោះ និស្សិតពេទ្យរូបនេះ បានចិញ្ចឹមចិត្ត សន្សំចំណេះវិជ្ជា តាំងពីនៅជាសិស្សវិទ្យាល័យ។ ជាពិសេស​ការសិក្សាភាសាបរទេសឱ្យបានស្ទាត់ជំនាញ។ 
 
« អ្វីដែលចំបាច់ហើយសំខាន់ គឺការពង្រឹងសមត្ថភាពភាសាបរទេស ព្រោះភាសាបរទេសនេះហើយដែល សម្រាប់ធ្វើការប្រាស្រ័យទាក់ទង។ ហើយវាពិតជាសំខាន់ណាស់ដែលបុគ្គលម្នាក់ៗ ត្រូវមានលក្ខណៈសម្បត្តិផ្ទាល់ខ្លួន ដូចជាភាពជាអ្នកដឹកនាំ ភាពអំណត់ ភាពវៃឆ្លាត និង ភាពបន់បែន ហើយមួយទៀតនោះ គឺជំនាញក្នុងការទំនាក់ទំនង»។ នេះជាការលើកឡើងរបស់យុវតីវ័យ២២ឆ្នាំ ដែលបានបន្ថែមថា ការងារជាមន្ត្រីទំនាក់ទំនងនេះ មិនមែនទាល់តែជាយុវជន ឬនិស្សិត ដែលរៀនផ្នែកទំនាក់ទំនងនោះទេ ពោលគឺយុវជនគ្រប់រូប សុទ្ធតែអាចធ្វើវាបាន ប៉ុន្តែត្រូវមានទំនួលខុសត្រូវលើការងារខ្ពស់។ 
  

សកម្មភាពក្នុងម៉ោងសិក្សា របស់យុវតី សិរីវឌ្ឍនា។ រូបភាពផ្ដល់ដោយ កញ្ញា សៀក សិរីវឌ្ឍនា។ 
 
កិច្ចប្រជុំអាស៊ានថ្នាក់ដឹកនាំកំពូល នឹងឈានចូលមកដល់ ដល់ថ្ងៃទី១០ ខែវិច្ឆិកា ។ ប៉ុន្តែគេក៏ឃើញមានកិច្ចប្រជុំពាក់ព័ន្ធផ្សេងៗបណ្ដើរៗផងដែរ។ កិច្ចប្រជុំពាក់ព័ន្ធនេះទៀតសោត ក៏ជាពេលដែល យុវតី សិរីវឌ្ឍនា បានបញ្ចេញសមត្ថភាព និងទំនួលខុសត្រូវ ក្រោមតួនាទី ជាអ្នកសម្របសម្រួលគណៈប្រតិភូ ដែលវាក៏ជាលើកដំបូងសម្រាប់កញ្ញាផងដែរ។ 
 
យុវតីវ័យ២២ឆ្នាំរូបនេះ រៀបរាប់ពីអារម្មណ៍របស់ខ្លួនដូច្នេះ៖ «ចំពោះខ្ញុំអាចនិយាយថា វាជាលើកទី១របស់ខ្ញុំវារៀងភ័យដែរ ក្នុងការជួយការងារផ្សេងៗ ដល់គណៈប្រតិភូ ដូច្នេះខ្ញុំមានបញ្ហាប្រឈមច្រើន ខ្ញុំអត់ដឹងថា តើគួរចាប់ផ្ដើមពីកន្លែងណា​ទៅកន្លែងណា។ ប៉ុន្តែពេលដែលខ្ញុំទទួលបានការ train (ហ្វឹកហ្វឺន) កន្លងមក ខ្ញុំមានអារម្មណ៍ថាខ្ញុំមានសមត្ថភាពអាចធ្វើវាបាន ហើយជាលទ្ធផលខ្ញុំអាចធ្វើវាបានមែន»។ 
 
កញ្ញា កញ្ញា សៀក សិរីវឌ្ឍនា ក៏បានលើកទឹកចិត្តដល់យុវជនជំនាន់ក្រោយ ដែលមាន​បំណងចង់ចូលរួម ជាអ្នកសម្របសម្រួលគណៈប្រតិភូ ក្នុងកិច្ចប្រជុំអាស៊ាននេះ មិនត្រូវភ័យខ្លាច​ ហើយត្រូវត្រៀមខ្លួនជាមុន ទាំងចំណេះដឹង ភាសាបរទេស សម្រាប់ទំនាក់ទំនង និងជំនាញទន់ផ្សេងៗទៀត៕
 

Tag:
 ThmeyThmey
  Liaison officer
  ប្រជុំអាស៊ាន
  យុវជន
  BBC
© រក្សាសិទ្ធិដោយ thmeythmey.com