ជាតិ
សង្គមជាតិ
អាជ្ញាធរ ដែលវ៉ៃបុរសរើសអេតចាយ ត្រូវផ្អាកការងារ៦ខែ ដោយទំនងមិនទៅដល់តុលាការឡើយ
04, Nov 2022 , 11:00 am        
រូបភាព
សកម្មភាពអាជ្ញាធរយារដៃវាយបុរសជាអ្នករើសអេតចាយ ខណៈបុរសជាអ្នករើសអេតចាយ ត្រូវអាជ្ញាធរម្នាក់ទៀតក្រៀកជាប់ពីក្រោយ នៅលើផ្លូវលេខ១៦៤ សង្កាត់វាលវង់ ខណ្ឌ៧មករា កាលពីរសៀលថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២២។ រូបពីវីដេអូលើបណ្តាញសង្គម
សកម្មភាពអាជ្ញាធរយារដៃវាយបុរសជាអ្នករើសអេតចាយ ខណៈបុរសជាអ្នករើសអេតចាយ ត្រូវអាជ្ញាធរម្នាក់ទៀតក្រៀកជាប់ពីក្រោយ នៅលើផ្លូវលេខ១៦៤ សង្កាត់វាលវង់ ខណ្ឌ៧មករា កាលពីរសៀលថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២២។ រូបពីវីដេអូលើបណ្តាញសង្គម
ដោយ:
អាជ្ញាធរ ឈ្មោះ ឆាំ ឆាន ក្នុងខណ្ឌ៧មករា រាជធានីភ្នំពេញ ត្រូវរងពិន័យផ្នែករដ្ឋបាល ដោយត្រូវបញ្ឈរជើង៦ខែ ហើយមិនទទួលបានប្រាក់បៀវត្សក្នុងរយៈពេល៦ខែនេះ ក្រោយវាយបុរសជាអ្នករើសអេតចាយម្នាក់។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខណ្ឌ៧មករា។


វីដេអូ ដែលបង្ហាញពីសកម្មភាពអាជ្ញាធរវាយអ្នករើសអេតចាយនោះ ត្រូវបានបង្ហោះ និងចែកចាយតៗលើបណ្តាញសង្គមយ៉ាងព្រោងព្រាត។ មើលតាមវីដេអូ អាជ្ញាធរម្នាក់ មានកាន់ព្រនង់ (មិនដឹងជាដែកឬឈើ) នៅដៃខាងឆ្វេង ហើយប្រើដៃខាងស្តាំវាយបែបទះកំផ្លៀងទៅលើបុរសជាអ្នករើសអេតចាយ ខណៈបុរសជាអ្នករើសអេតចាយ មិនអាចតដៃបាន ព្រោះគាត់ ត្រូវអាជ្ញាធរម្នាក់ទៀតក្រៀកជាប់ពីក្រោយ។

តាមរយៈសេចក្តីប្រកាសព័ត៌មាន រដ្ឋបាលខណ្ឌ៧មករា បានប្រាប់ពីដំណើររឿងថា កាលពីរសៀលថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រុមការងារ៤នាក់ បានចុះទៅរៀបចំសណ្តាប់ធ្នាប់លើផ្លូវ១៦៤ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា ដោយសារមានចតយានជំនិះ រទេះអេតចាយ និងរទេះលក់ទំនិញផ្សេងៗលើទ្រូវថ្នល់នៃកំណត់ផ្លូវនេះ។ រដ្ឋបាលខណ្ឌ៧មករា បន្តថា ក្រុមការងារ បានណែនាំតាមឧគ្ឃោសនសព្ទ ឲ្យម្ចាស់យកយានជំនិះ និងរទេះផ្សេងៗរបស់ពួកគេចេញពីទ្រូងថ្នល់នៃកំណាត់ផ្លូវលេខ១៦៤នេះ ដើម្បីសម្រួលឲ្យចរាចរណ៍មានភាពល្អប្រសើរ។

រដ្ឋបាលខណ្ឌ៧មករា អះអាងថា ពេលនោះ បុរសជាម្ចាស់រទេះអេតចាយ មិនព្រមយករទេះអេតចាយរបស់ខ្លួនចេញពីទ្រូងថ្នល់ ហើយថែមទាំងជេរប្រមាថលើក្រុមការងារ។ រដ្ឋបាលខណ្ឌ៧មករា បរិយាយទៀតថា ក្រុមការងារ ព្យាយាមយករទេះអេតចាយនោះចេញពីទ្រូងថ្នល់ និងនាំបុរសជាម្ចាស់រទេះអេតចាយទៅអប់រំ ហើយក៏កើតមានការប្រតាយប្រតប់គ្នារវាងក្រុមការងាររៀបចំសណ្តាប់ធ្នាប់ជាមួយបុរសជាអ្នករើសអេតចាយ។

រដ្ឋបាលខណ្ឌ៧មករា បញ្ជាក់ដូច្នេះថា៖«ក្រោយកើតហេតុ រដ្ឋបាលខណ្ឌ បានជួបជាមួយបុរសជាម្ចាស់រទេះអេតចាយ។ បុរសរូបនេះ បានសុំទោស ទទួលស្គាល់កំហុស ហើយមិនមានការប្តឹងផ្តល់អ្វីឡើយ»។

ក្នុងសេចក្តីប្រកាសព័ត៌មាន រដ្ឋបាលខណ្ឌ៧មករា បង្ហាញអាជ្ញាធរឈ្មោះ ឆាំ ឆាន តែម្នាក់ប៉ុណ្ណោះ ដែលត្រូវរងពិន័យផ្នែករដ្ឋបាល។ លោក ម៉ប់ សារ៉េត នាយករដ្ឋបាលខណ្ឌ៧មករា បកស្រាយក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗថា៖«ចំពោះក្រុមការងារ៣នាក់ទៀត ពួកគាត់ ខំធ្វើការងារបើកឡាន រៀបចំសណ្ដាប់ធ្នាប់ ទៅយកទោសគ្នាម៉េច»។

អ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួន រិះគន់អាជ្ញាធរ ដែលប្រើហិង្សាលើបុរសជាអ្នករើសអេតចាយ។ ពួកគេ ហាក់មិនអស់ចិត្តឡើយ ពេលឃើញអាជ្ញាធររូបនេះ ត្រឹមទទួលពិន័យផ្នែករដ្ឋបាល ដោយពួកគេ ហាក់ចង់ឲ្យមានចំណាត់ការតាមផ្លូវតុលាការលើអាជ្ញាធររូបនេះបន្ថែមទៀត។ លោក ម៉ប់ សារ៉េត បំភ្លឺត្រង់កន្លែងនេះថា៖«រដ្ឋបាលខណ្ឌ បានពិន័យដល់ ឆាំ ឆាន រួចហើយ តែរឿងទោសអីទៀត ថ្នាក់លើគាត់ចាត់ចែងបន្តទៀត ខ្ញុំអត់ដឹងទេ»៕

Tag:
 ករណីហិង្សា
  អាជ្ញាធរ
  អ្នករើសអេតចាយ
© រក្សាសិទ្ធិដោយ thmeythmey.com