ជាតិ
អាស៊ាន
បណ្តាមេដឹកនាំអាស៊ាន នឹងចូលគាល់ព្រះមហាក្សត្រកម្ពុជា មុនកិច្ចប្រជុំចាប់ផ្តើម
04, Nov 2022 , 3:59 pm        
រូបភាព
មុនកិច្ចប្រជុំកំពូលអាស៊ានចាប់ផ្តើម ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលនៃប្រទេសសមាជិកអាស៊ាន នឹងចូលធ្វើសវនាការជាមួយព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា ក្នុងព្រះបរមរាជវាំង។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២២។


សេចក្តីប្រកាសព័ត៌មាន បានឲ្យដឹងថា សម្តេច ហ៊ុន សែន ប្រមុខរដ្ឋាភិបាលកម្ពុជា និងជាប្រធានអាស៊ាន នឹងដឹកនាំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងលើកទី៤១ បូករួមទាំងកិច្ចប្រជុំកំពូលពាក់ព័ន្ធផ្សេងទៀត ចាប់ពីថ្ងៃទី១០ ថ្ងៃទី១៣ ខែវិច្ឆិកា នៅរាជធានីភ្នំពេញ។ ក្នុងពិធីបិទកិច្ចប្រជុំកំពូលអាស៊ាន សម្តេច នឹងប្រគល់ញញួរប្រធានអាស៊ានទៅលោក ចូកូ វីដូដូ ប្រធានាធិបតីឥណ្ឌូណេស៊ី ដែលត្រូវកាន់តំណែងប្រធានអាស៊ានបន្តពីកម្ពុជា នៅឆ្នាំ២០២៣។ 
 
សេចក្តីប្រកាសព័ត៌មាន បញ្ជាក់ទៀតថា សម្តេចនាយករដ្ឋមន្រ្តី នឹងមានជំនួបទ្វេភាគីជាមួយប្រតិភូប្រទេសមួយចំនួនផងដែរ៕ 
 

Tag:
 កិច្ចប្រជុំអាស៊ាន
  ព្រះមហាក្សត្រ
© រក្សាសិទ្ធិដោយ thmeythmey.com