ដោយ៖ សុង សុធាវី
ភ្នំពេញ៖ សមគមចុងភៅកម្ពុជា កំពុងប្រឹងប្រែងផ្សព្វផ្សាយ និងពង្រឹងគុណភាពម្ហូបអាហារខ្មែរ តាមរយៈកិច្ចសហការជាមួយរដ្ឋបាលខេត្តនានា សមាគម និងសហគមន៍ផ្សេងៗ ក្នុងការតាមដាននឹងត្រួតពិនិត្យ។ បើតាមលោក ឡុង ប៊ុនហោ ការផ្សេព្វផ្សាយ និងពង្រឹងគុណភាពអាហារខ្មែរនេះ ដើម្បីរក្សាអត្តសញ្ញាណជាតិ ស្របពេលដែលយុវជនកម្ពុជា ជាច្រើន កំពុងចាប់អារម្មណ៍រសជាតិអាហារពីបរទេស។
ដើម្បីកាន់តែលម្អិតពីខ្លឹមសារ សូមលោកអ្នកនាង ស្តាប់បទសម្ភាសរវាង កញ្ញា សុង សុធាវី អ្នកសារព័ត៌មានថ្មីៗ ជាមួយ លោក ឡុង ប៊ុនហោ ប្រធានសមាគមចុងភៅកម្ពុជា ។
កញ្ញា សុង សុធាវី៖ លោក នាងខ្ញុំចាប់អារម្មណ៍ថា មួយរយៈចុងក្រោយនេះ ម្ហូបអាហារបរទេសបន្តហូរចូលក្នុងទីផ្សារក្នុងស្រុក ហើយយុវជនខ្មែរជាច្រើនក៏ចាប់អារម្មណ៍ដែរ តើលោកបារម្ភថាវាអាចធ្វើឱ្យបាត់បង់ម្ហូបអាហារអត្តសញ្ញាណបន្តិចម្តងៗ ឬ ទេ?
លោក ឡុង ប៊ុនហោ៖ បាទរឿងហ្នឹងតែងតែមានហើយ ការហូរចូលនៃម្ហូបពីបណ្តាប្រទេសផ្សេងៗ វាតែងមានការច្រួតជ្រាប។ល។ តែសំខាន់ ក្នុងនាមយើងជាជនជាតិខ្មែរ និងចុងភៅខ្មែរត្រូវតែចូលរួមថែរក្សា ការពារ និងចូលរួមផ្សព្វផ្សាយម្ហូបជាតិខ្លួនឱ្យបណ្តាប្រទេសជិតខាង ក៏ដូចជាប្រទេសលើពិភពលោកបានស្គាល់ តាមរយៈការភ្លក្ស។ល។ ដើម្បីឱ្យកិត្តិនាមម្ហូបខ្មែរបានបន្តទៅមុខទៀត។
កញ្ញា សុង សុធាវី៖ ក្នុងនាមលោកជាប្រធានសមាគមចុងភៅកម្ពុជា ក្រៅពីភាគីសមាគមខ្លួន តើលោកមានការអំពាវនាវដល់ភាគីពាក់ព័ន្ធណាខ្លះ ដើម្បីជំរុញការងារនេះឱ្យមានប្រសិទ្ធភាពថែមទៀត?

លោក ឡុង ប៊ុនហោ ប្រធានសមាគមចុងភៅកម្ពុជា
លោក ឡុង ប៊ុនហោ៖ ឥឡូវយើងកំពុងធ្វើការងារនេះជាមួយបណ្តារដ្ឋបាលខេត្តនានា តាមបណ្តាសមាគម និងតាមសហគមន៍ជាដើម ហើយយើងនឹងជំរុញម្ហូបខ្មែរយើងឱ្យកាន់តែប្រសើរ។
លោក ឡុង ប៊ុនហោ ប្រធានសមាគមចុងភៅកម្ពុជា
កញ្ញា សុង សុធាវី៖ តើលោកមានឆន្ទៈបែបណាទៀត ទាំងការផ្សព្វផ្សាយ ក៏ដូចជានាំយកវត្តមានម្ហូបខ្មែរអាចឈរជើងបានក្នុងតំបន់អាស៊ាន?
លោក ឡុង ប៊ុនហោ៖ បាទ ដូចបានបញ្ជាក់ខាងលើ គឺយើងកំពុងតែធ្វើការងារនេះ ដូចជា ហហ្មុក នៃក្តីស្រឡាញ់! ដែលពាក់ព័ន្ធនឹងការប្រកួតកីឡាអាស៊ានហ្គេម ដែលជាឱកាសល្អឱ្យយើងផ្សព្វផ្សាយជាមួយអង្គភាពផ្សេងៗអ៊ីចឹងណា។
ចំណែក កញ្ញា មាស ពិសី ដែលចូលចិត្តញាំអាហារបរទេស បាននិយាយថា អាហារទាំងនោះ មានរសជាតិប្លែក ងាយស្រួលរំលាយ។ តែយ៉ាងណា វាក៏មិនធ្វើឱ្យអាហារខ្មែរ បាត់បងអត្កសញ្ញាណទេ។ បន្ថែមពីនេះ កញ្ញា ពិសី ក៏ចង់ឱ្យប្រទេសជិតខាងមានលក់ម្ហូបអាហារខ្មែរដូចគ្នាវិញ ព្រោះទេសចរកម្ពុជា ក៏មាននៅក្រៅប្រទេសច្រើនដែរ។
កញ្ញា សុង សុធាវី៖ កញ្ញា មាស ពិសី បច្ចុប្បន្នមានការហូរចូលនូវប្រភេទអាហារបរទេសជាច្រើន ក្នុងទីផ្សារកម្ពុជា ហើយកញ្ញាក៏ជាអតីតនិស្សិតពីប្រទេសកូរ៉េខាងត្បូងដែរ តើចំណូលចិត្តកញ្ញាប្លែកគ្នាដូចម្តេចរវាងម្ហូបខ្មែរ និងបរទេស?
កញ្ញា មាស ពិសី៖ សម្រាប់ខ្ញុំចូលចិត្តម្ហូបបរទេសដូចជា កូរ៉េខាងត្បូង ជប៉ុន និងម្ហូបអឺរ៉ុបជាដើម ព្រោះខ្ញុំគិតថារសជាតិទាំងអស់ហ្នឹងវាឆ្ងាញ់ប្លែកៗពីគ្នា ដែលយើងញាំបានក្នុងឱកាសជាច្រើន ហើយមានអារម្មណ៍ថាប្លែកខុសពីរាល់ដងចាស។
កញ្ញា សុង សុធាវី៖ ក្នុងមួយសប្តាហ៍ តើកញ្ញា ញាំម្ហូបបរទេសប្រហែលជាប៉ុន្មានដង ហើយចុះតម្លៃខុសគ្នានឹងម្ហូបអាហារខ្មែរប៉ុន្មានដងដែរ?
កញ្ញា មាស ពិសី៖ ចាស សម្រាប់ម្ហូបកូរ៉េ ចាប់ពីពីរ ទៅ បីដង និងជប៉ុន ក៏ដូចជាអាហារបរទេសជាច្រើនទៀតផងដែរ ដែលមានតម្លៃសមរម្យ។ ចំពោះតម្លៃ វាសមនឹងការតុបតែងហាងរបស់គេដែរ និងទីតាំងស្អាត មើលទៅប្លែអារម្មណ៍ ហើយម្ហូបកូរ៉េ វាបង្ហាញបីអត្តសញ្ញាណរបស់គេ បើធៀបនឹងម្ហូបខ្មែរគឺខុសគ្នាបន្តិចហើយ តែខ្ញុំគិតថាបើគិតលើការចំណាយ ប្រហែលពីចន្លោះ ៨ ដុល្លារឡើងទៅប៉ុណ្ណោះ ដែលខុសគ្នានឹងម្ហូបខ្មែរប្រហែលជាពីរដុល្លារអីទេ។ ម្ហូបខ្មែរយើងលក់ធូរថ្លៃជាង ដោយសារយើងលក់ឱ្យជនជាតិដើមយើង ក្នុងប្រទេសយើងស្រាប់។

អនុប្រធានផ្នែកទីផ្សារ និងការលក់នៃក្រុមហ៊ុនឯកជនមួយ
កញ្ញា សុង សុធាវី៖ កញ្ញាធ្លាប់ឃើញអាហារបរទេសយ៉ាងសម្បូរបែបនៅទីផ្សារកម្ពុជា តែពេលទៅក្រៅប្រទេសហាក់មិនមានអាហារខ្មែរលក់ទេ តើកញ្ញាមានអារម្មណ៍យ៉ាងណាដែរ?
កញ្ញា មាស ពិសី៖ ខ្ញុំមានអារម្មណ៍ថាពិបាករកអីញាំដែរ។ ដូចពេលខ្ញុំនៅកូរ៉េ ហើយចង់ញាំម្ហូបខ្មែរ តែឃើញតែម្ហូបថៃ វៀតណាម និងចិនជាដើម។ ខ្ញុំចង់ឱ្យខ្មែរយើងមានហាងនៅក្នុងប្រទេសគេដែរ ព្រោះអីជនជាតិខ្មែរយើងក៏មាននៅក្រៅប្រទេសច្រើន ហើយម្ហូបខ្មែរយើងឆ្ងាញ់ និងមានសព្វគ្រប់មុខទាំងអស់ នោះបរទេសក៏គេស្គាល់ខ្មែរយើងតាមរយៈអាហារដែរ។
កញ្ញា សុង សុធាវី៖ មួយទៀតដោយឃើញការនិយមអាហារបរទេសជាច្រើនរបស់យុវជនជំនាន់ថ្មីយើង ចំពោះកញ្ញាផ្ទាល់ តើបារម្ភខ្លាចបាត់បង់អាហារអត្តសញ្ញាណដែរទេ?
កញ្ញា មាស ពិសី៖ ខ្ញុំមើលឃើញថា មិនមានការប៉ះពាល់ច្រើនទេ ព្រោះឃើញបងប្អូនយើងគាត់មានបើកហាងផ្ទាល់ខ្លួនដែរ ហើយបើកច្រើននៅក្នុងប្រទេសយើង។ ចំណែកនៅក្រៅប្រទេសវិញក៏មានខ្លះដែរដូជាសហរដ្ឋអាម៉េរិក និងប្រទេសអឺរុបមួយចំនួន ដែលខ្មែរយើងអាចផ្សព្វផ្សាយអត្តសញ្ញាណខ្លួនបានផងដែរ។
ជាមួយគ្នានេះ លោក ស៊ុំ សុរិយៈ អ្នកនិពន្ធខ្មែរឯករាជ្យ បានលើកឡើងថា ទោះបីយុវជនមួយចំនួនចង់ភ្លក្សរសជាតិអាហារប្លែកៗពីបរទេសក្តី តែអាហារខ្មែរនៅតែទីពេញនិយមសម្រាប់ពលរដ្ឋដដែល។
កញ្ញា សុង សុធាវី៖ ស្របពេលដែលវត្តមានអាហារបរទេសជាច្រើនហូរចូលទីផ្សារប្រទេសកម្ពុជា តែអាហារកម្ពុជាហាក់មិនសូវមានក្នុងប្រទេសទាំងនោះទេ តើលោកមានការចូលរួមយ៉ាងណាក្នុងនាមអ្នកនិពន្ធ?
លោក ស៊ុំ សុរិយៈ ៖ ទាំងនេះជារឿងដែលយើងគួរតែគិតដែរ ពិសេសនៅរាជធានីភ្នំពេញមានឃើញលក់ដូចជា អាហារឥណ្ឌា ថៃ កូរ៉េ ។ល។ ដោយឡែកអាហារប្រទេសយើងមានលក់ដែរ តែច្រើនលក់តាមដងផ្លូវ ឬមានលក់ក្នុងហាងដែរតែធម្មតា។ អ្នកចូលចិត្តអាហារបរទេសនោះដោយសារគាត់ចង់ភ្លក្ស ឬ គាត់គិតថាគាត់ញាំហើយឡូយអ៊ីចឹងទៅ! ដោយមើលទៅទីតាំង ការតុបតែងហាងប្រ៊េន អ៊ីចឹងទៅ! តែបើអាហារខ្មែរយើងដាក់លក់ក្នុងហាងប្រ៊េនដែលជារបស់ខ្លួនឯង ខ្ញុំគិតថាល្អដែរ ហើយធ្វើឱ្យកាន់តែមានឈ្មោះល្បីល្បាញ។ បច្ចុប្បន្ន ខ្ញុំឃើញថាមានហាងប្រ៊េនខ្លះនៅរាជធានីភ្នំពេញ ហើយមានច្រើនសាខាដែរ តែរសជាតិអាហារហាក់មិនទាន់ឆ្លើយតបនឹងតម្រួវការរបស់ប្រជាពលរដ្ឋខ្មែរទេ។ ប្រសិនជាអាហារប្រពៃណី ចំពោះរសជាតហាក់មិនឆ្ងាញ់ស្មើរ ពលរដ្ឋធ្វើហូបតាមផ្ទះ ឬ ធ្វើហូបជុំគ្នាក្នុងកម្មវិធីណាមួយផង ហើយបើជាប្រភេទកែច្នៃថ្មី ក៏មិនទាន់ឆ្លើយតបនឹងតម្រូវការរបស់ពលរដ្ឋខ្មែរដែរ។ ទាំងអស់នេះហាក់ធ្វើឱ្យអាហារខ្មែរមិនទាន់មានភាពពេញនិយម ពិសេសទាក់ទាញបរទេស។ តែខ្ញុំជឿថាបងប្អូនខ្មែរ គាត់នៅតែចូលចិត្តរសជាតិបែបខ្មែរ នៅតែគាំទ្រអាហារខ្មែរដដែល តែគ្រាន់ថាពួកគាត់ចង់សាករសជាតិប្លែក ម្តងម្កាល។ល។
លោក ស៊ុំ សុរិយៈ អ្នកនិពន្ធខ្មែរឯករាជ្យ
ក្នុងនាមជាអ្នកនិពន្ធមួយរូប យើងអាចផ្សព្វផ្សាយម្ហូបអាហារខ្មែរ តាមរយៈប្រលោមលោក ភាពយន្ត ដែលបង្ហាញពីម្ហូបអត្តសញ្ញាណរបស់ខ្លួនផងដែរ។
កញ្ញា សុង សុធាវី៖ ទន្ទឹមនេះយើងឃើញថា យុវជនជំនាន់ថ្មីយើង ហាក់ជាប់ចិត្តនឹងរសជាតិអាហារបរទេសទាំងនេះច្រើន តើលោកបារម្ភទេខ្លាចថាបាត់បង់អាហារអត្តសញ្ញាណជាតិ?
លោក ស៊ុំ សុរិយៈ ៖ សម្រាប់ខ្ញុំគិតថា វាមិនបាត់ទេ គឺខ្មែរនៅតែចូលចិត្តអាហារបែបខ្មែរ! ទោះទៅដល់ណាក៏ដោយ ទៅដល់អាម៉េរិក កូរ៉ ជប៉ុន ក៏ខ្មែរចូលចិត្តរសជាតិបែបខ្មែរដដែល។ គ្រាន់តែភាពល្បីល្បាញអាហារខ្មែរមានភាពថយចុះ ហើយយើងពិបាកនឹងយកម្ហូបអត្តសញ្ញាណខ្លួនធ្វើឱ្យវាល្បីដូចជា ហហ្មុក។ ខ្ញុំគិតថា វារឹតតែល្អបើយើងធ្វើឱ្យបរទេសបានស្គាល់ ហើយខ្មែរយើងគិតថាវាកាន់តែល្អ អស្ចារ្យ និងឆ្ងាញ់មានតម្លៃ។ដូចនេះដើម្បីឱ្យអាហារយើងល្បីដូចគេ ឬ លើសគេ មានតែយើងចូលរួមផ្សព្វផ្សាយទាំងអស់គ្នា។ តែក៏សូមគិតគូរពីគុណភាពឱ្យមែនទែន។

លោក ស៊ុំ សុរិយៈ អ្នកនិពន្ធខ្មែរឯករាជ្យ
កញ្ញា សុង សុធាវី៖ ចាស កន្លងមកលោកធ្លាប់ភ្លក្សអាហារបរទេសមួយចំនួន តើវាមានតម្លៃខុសគ្នាពីអាហារខ្មែរដូចម្តេចដែរ?
លោក ស៊ុំ សុរិយៈ ៖ បាទ ខុសគ្នាឆ្ងាយមែនទែន! បើនិយាយពីអាហារខ្មែរយើង ទោះចូលក្នុងហាងប្រ៊េនយ៉ាងណា ក៏មួយមុខតម្លៃប្រហែល១០ដុល្លាអីទេ តែអាហារបរទេសមួយចំនួន ដូចជាថៃ អាចថា ២០ដុល្លារ ហើយអាហារខ្លះ៣០ ដុល្លារក៏មាន ឬ លើសហ្នឹងទៀត។ អាហារខ្មែរយើងងាយស្រួលរក ហើយមានតម្លៃធូរថ្លៃ តែដោយសារអ្នកលក់ ឬ អ្នកធ្វើអាហារខ្មែរមួយចំនួនគាត់ធ្វើអាហារខ្មែរមិនឆ្ងាញ់ ឬក៏គុណភាពបន្លែ គ្រឿង ឬ សាច់មិនទាន់ល្អ អ៊ីចឹងធ្វើឱ្យពលរដ្ឋមួយចំនួនដែលភ្លក្សហើយពេលលក់ថ្លៃទៀតគាត់មិនចង់ទិញតែម្តង។ តែបើអាហារនោះធ្វើឆ្ងាញ់ ទោះមានតម្លៃថ្ងៃបន្តិចក៏សាកសមដែរ ប៉ុន្តែយើងឃើញថា អាហារខ្មែរយើងមិនទាន់មានតម្លៃថ្លៃដូចអាហារបរទេសនោះទេ៕