រថយន្ត
អន្តរជាតិ
រថយន្ត​២៥ម៉ូដែល ដែល​យកតាមឈ្មោះទីតាំងនានាលើពិភពលោក
19, Dec 2022 , 7:29 pm        
រូបភាព
ដោយ: ធីតា
ទីតាំងផលិត ទីតាំងនៃភាពជោគជ័យទីផ្សារ ឬទីតាំងនៃជ័យជម្នះសម្រាប់រថយន្ត​ប្រភេទប្រណាំង បាន​ក្លាយជាម៉ាកយីហោរ​ផលិត​ផល​នៃក្រុមហ៊ុន​យានយន្តមួយចំនួន។ គេហទំព័រ msn.com បាន​លើកឡើងពីម៉ូដែលរថយន្តចំនួន​២៥ ដែលបានភ្ជាប់ខ្លួននឹងឈ្មោះទីតាំង ដោយ​ខ្លះមាន​ប្រវត្តិច្បាស់លាស់ និង​ខ្លះទៀត ស្ថិតនៅ​ភាពស្រពេចស្រពិលនោះឡើយ។
 
រថយន្តទាំងនោះមានដូចជា៖
 


១. Austin Westminster
តំបន់ Westminster ស្ថិតក្នុងទីក្រុងឡុងដ៍ ដោយ​ក្រុមហ៊ុន​ Austin យកឈ្មោះទៅភ្ជាប់ ដូច​ករណី​តំបន់ផ្សេងទៀត​នៅ​ចក្រភពអង់គ្លេស​យ៉ាង​ដូច្នោះដែរ។ រថយន្តម៉ាក Austin Westminster មាន​ភាព​ល្បីល្បាញខ្លាំង​ក្នុងជំនាន់ឆ្នាំ​១៩៥០ និង​៦០។
 
២. Bentley Mulsanne
Mulsanne ជាក្រុង​តូចមួយនៅ​សង្កាត់ Le Mas ប្រទេស​បារាំង។ Bentley ដែលជាក្រុមហ៊ុន​យានយន្តអង់គ្លេស បានភ្ជាប់ខ្លួនជាមួយតំបន់​នៅប្រទេស​បារាំង ដោយសារតែពួក​គេមានអនុស្សាវរីយ៍ដ៏ល្អក្នុងព្រឹត្តិការណ៍ប្រណាំងយានយន្ត Le Mans 24-Hour ដោយឈ្នះជើងឯកនៅ​ឆ្នាំ១៩២៤, ១៩២៧, ១៩២៨, ១៩២៩ និង​១៩៣០ ជាដើម។
 
៣. Cadillac Calais
ក្រុមហ៊ុនអាម៉េរិក Cadillac បាន​ផលិត​រថយន្តពីឆ្នាំ១៩៦៥ ដល់ឆ្នាំ១៩៧៦ ដោយយក​ឈ្មោះតាម​ក្រុងកំពង់ផែបារាំង Calais។ រថយន្តម៉ូដែល Calais មាន​ពីរជំនាន់ ដោយ​ការ​ផ្លាស់ប្តូរច្រើននៅ​ឆ្នាំ​១៩៧១។
 
៤. Cadillac Seville
ជាម៉ូដែលមួយផ្សេងទៀត​ដែល​ខុសពី Cadillac DeVille ដោយ ម៉ូដែល Seville បង្ហាញវត្តមានទីផ្សារ​លើកដំបូងនៅ​ឆ្នាំ​១៩៧៥។ ម៉ូដែលនេះ ត្រូវបាន​គេគិតថា​យក​តាមឈ្មោះភូមិ​នៅរដ្ឋអូហៃយូ ប៉ុន្តែ​តាមពិតគឺ​សំដៅ​លើ​ក្រុង Seville ក្រុងតំបន់ Andalusia ប្រទេសអេស្ប៉ាញទៅវិញទេ។
  


៥. Chevrolet Bel Air
Bel Air ជាផ្នែកមួយនៃក្រុង Los Angeles រដ្ឋ California។ ឈ្មោះត្រូវបាន​ប្រើ​ប្រាស់ជាមូដែល​រថយន្ត Chevrolet នៅឆ្នាំ​១៩៥០។ ម៉ូដែលទី៧ និងចុងក្រោយ​បំផុត ត្រូវបាន​ផលិត​ឡើងនៅ​ឆ្នាំ​១៩៧៥។
 
៦. Chevrolet Monte Carlo
Monte Carlo ជាតំបន់រដ្ឋបាលមួយ​នៅ​ម៉ូណាកូ។ Chevrolet បាន​ផលិតម៉ូដែលនេះ នៅ​ឆ្នាំ​១៩៧០ ដែលជា​រថយន្តទំនើបផ្ទាល់ខ្លួន ជាលើកដំបូង។ ផលិត​ផល​បន្ត​មាន​រហូត​ដល់​ឆ្នាំ​២០០៤ ដោយមានគម្លាត​៧ឆ្នាំ​រវាងជំនាន់ទី៤ និង​ទី​៥។
 
៧. Chrysler Saratoga
Saratogas សំដៅលើក្រុង Saratoga Springs នៅរដ្ឋញូវយ៉ក។ ក្រុមហ៊ុន Chrysler បាន​ប្រើ​ឈ្មោះនេះដំបូងក្នុងរយៈពេល​ដ៏ខ្លី​នៅ​ឆ្នាំ​១៩៣៩ ហើយក្រោយ​សង្គ្រាម​លោកលើកទី២ ក៏មានផលិតនេះទៀតរហូត​ដល់​ឆ្នាំ​១៩៩៥។
 
៨. Chrysler Sebring
Chrysler Sebring មាន​៣ជំនាន់ ដែលចាប់ផ្តើម​ផលិត​ និងលក់ដំបូងនៅ​សតវត្សរ៍ទី២០។ ឈ្មោះនេះ យក​តាម​ឈ្មោះទីក្រុង Sebring ដ៏តូចមួយនៅ Florida។ ក្រៅពីនេះ ក៏មានផ្លូវប្រណាំង Sebring International Raceway ដែលត្រូវបាន​សាងសង់សម្រាប់​ប្រតិបត្តិការ​កងទ័ព Hendricks Army Airfield នៅដើម និងពាក់កណ្តាលទសវត្សរ៍១៩៤០ ផងដែរ។
 
៩. Dodge Aspen
Aspen ត្រូវបានគេស្គាល់ជាតំបន់​ជិះស្គីដ៏ល្បីល្បាញនៅ​រដ្ឋ Colorado សហរដ្ឋអាម៉េរិក។ ម៉ូដែល Dodge Aspen ត្រូវបាន​ផលិតដំបូងនៅ​ឆ្នាំ១៩៧៦ ប៉ុន្តែមិនសូវល្បីល្បាញឡើយ ដោយផលិត​កម្ម​ត្រូវផ្អាក ក្រោយផលិត​ចុងក្រោយនៅ​ឆ្នាំ១៩៨០។ ទោះបីជាយ៉ាងណាក៏ដោយ​នៅ​ឆ្នាំ​២០០៧ ឈ្មោះ​មួយទៀត បានលេចរូបរាងឡើង គឺ Dodge Durango SUV ដែលជាប្រភេទរថយន្តទំនើប​ដែល​យក​លំនាំតាម Chrysler Aspen។
 


១០. Dodge Dakota
ម៉ូដែលនេះ ជាប្រភេទ Mid-Sized Pick-Up ដែលផលិតដំបូងនៅ​ឆ្នាំ​១៩៨៧ ហើយបន្ត​បាន​ដល់​បីជំនាន់​រហូតដល់ឆ្នាំ​២០១១។ Dakota អាចសំដៅ​លើ​ក្រុង និង​តំបន់មួយ​ចំនួន​នៅសហរដ្ឋអាម៉េរិក រួមទាំង​រដ្ឋ២ និងអតីត​ដែនដីខ្លះផងដែរ។
 
១១. Ford Cortina
ផលិតពី​ឆ្នាំ១៩៦២ ដល់​ឆ្នាំ​១៩៨០ Cortina គឺជាសំដៅលើក្រុង Cortina d’Amprezzo នៅភាគខាងជើងអ៊ីតាលី។ ក្រុងនេះ ធ្លាប់ធ្វើជាម្ចាស់ផ្ទះអូឡាំពិករដូវរងាឆ្នាំ១៩៥៦ និងសហម្ចាស់ផ្ទះជាមួយ Milan សម្រាប់ព្រឹត្តិការណ៍ប៉ារ៉ាឡាំពិករដូវរងាឆ្នាំ២០២៦ខាងមុខ។
 
១២. Ford Torino
Torino ជាក្រុងមួយនៅ​អ៊ីតាលី ដែលជាតំបន់ឧស្សាហកម្ម​យានយន្តដ៏ធំ ដូច Detroit នៅសហរដ្ឋអាមេរិកយ៉ាងដូច្នោះដែរ។ Ford បាន​ប្រើ​ប្រាស់ឈ្មោះនេះនៅ​ចុងទសវត្សរ៍​៦០ និងពាក់កណ្តាលទសវត្សរ៍​៧០ ដោយមាន៣ជំនាន់។ 
 
១៣. GMC Yukon
Yukon ជាតំបន់តូចមួយនៅកាណាដា។ ផលិត​ផល​ដំបូង គឺនៅឆ្នាំ១៩៩១ ហើយ GMC Yukon ទាំង​៥ជំនាន់ គឺជាដៃគូនៃម៉ូដែល Chevrolet Tahoe SUV។
 
១៤. Lincoln Versailles
Ford បាន​ប្រើ​ឈ្មោះ​វិមាន Versailles របស់បារាំង សម្រាប់ម៉ូដែលទំនើ​បនាចុងឆ្នាំ១៩៧០។ រថយន្តពីរ​ម៉ូដែល​របស់ Ford ដែលប្រើ​ឈ្មោះ Versailles នេះ ប៉ុន្តែលើទីផ្សារនៅប្រទេសមួយចំនួន​ គេ​តែឈ្មោះថា Ford ប៉ុណ្ណោះ។
  


១៥. Mazda Montrose
Mintrose ជាក្រុងមួយនៅស្កុតឡេន ដែលស្ថិតនៅចន្លោះ Dundee និង Aberdeen។ ការដាក់ឈ្មោះដ៏កម្របែបនេះ ត្រូវបានគេជឿថា ដោយសារតែ Mazda មាន​ទីផ្សារយ៉ាងល្អនៅ Montrose ប៉ុន្តែក្រុមហ៊ុន មិន​បាន​បញ្ជាក់ប្រវត្តិច្បាស់នោះឡើយ។
 
១៦. Mercedes-Benz Mannheim
Mercedes មានម៉ូដែល៣ដែលដាក់តាមឈ្មោះក្រុងនៅអាល្លឺម៉ង់ នាអំឡុងឆ្នាំ១៩២០ ក្នុងនោះមាន Nurburg និង Stuttgart 200 ជាដើម។ ម៉ូដែល Mannheim ផលិតដំបូងនៅ​ខែតុលា ឆ្នាំ១៩២៩ ហើយ​ម៉ូដែលចុងក្រោយ គឺ​ Mannheim 370 Pullman Saloon ដែលត្រូវបាន​បន្តផលិតរហូត​ដល់ខែធ្នូ ឆ្នាំ​១៩៣៤។
 
១៧. Mercury Montclair
Montclaire ស្ថិតនៅ​រដ្ឋ New Jersey ប៉ុន្តែមានឈ្មោះក្រុងដូចគ្នានៅ California, Indiana និង North Carolina ផងដែរ។ Mercury ដែលជាផ្នែកមួយរបស់ Ford បាន​ប្រើ​ប្រាស់ឈ្មោះ Montclair សម្រាប់​ផលិត​ផល​៣ជំនាន់ពីឆ្នាំ១៩៥៥ ដល់ឆ្នាំ​១៩៦០ និងពីរជំនាន់​បន្ថែមទៀតពីឆ្នាំ១៩៦៤ ដល់ឆ្នាំ​១៩៦៨។
 
១៨. Morris Oxford
ក្រុមហ៊ុន Morris យកឈ្មោះក្រុង Oxford ដាក់ជាម៉ូដែលរថយន្តដំបូងនៅ​ឆ្នាំ១៩១៣ ប៉ុន្តែត្រូវគេនិយមហៅជាទូទៅថា Bullnose។ ឈ្មោះនេះ រក្សា​ប្រើប្រាស់រហូត​ដល់​ឆ្នាំ១៩៧១ មុនវត្តមាន​ក្រុមហ៊ុន Farina។
 


១៩. Pontiac Bonneville
Bonneville សំដៅលើតំបន់ Bonneville Salt Flats ក្នុង​រដ្ឋ Utah។ Pontiac បាន​ចាប់ប្រើ​ប្រាស់ឈ្មោះនេះ​នៅ​ឆ្នាំ១៩៥៤។ នៅ​ឆ្នាំ​១៩៥៨ វាបានក្លាយជាម៉ូដែលគំរូមួយ​ដែលត្រូវបាន​ដាក់បង្ហាញក្នុងព្រឹត្តិការណ៍ Triumph Bonneville Motorcycle។ ម៉ូដែលនេះ ត្រូវបានផលិត​ដល់​១០ជំនាន់​រហូតដល់ឆ្នាំ២០០៥។
 
២០. Pontiac Montana
Pontiac ដែលជាផ្នែកនៃក្រុមហ៊ុន General Motors បាន​ប្រើ​ឈ្មោះ​ក្រុង Motana ជាម៉ូដែល​ Trans Sport ខ្លួននៅ​ឆ្នាំ​១៩៩៩។ នៅ​ឆ្នាំ២០០៥ ជំនាន់ទីពីរ​ត្រូវបាន​ផលិត​ឡើង ក្រោយពីមាន​ការមិន​ពេញ​ចិត្តមួយចំនួនទាក់ទាញនឹង​សុវត្ថិភាព​កម្រិត​ទាប​របស់រថយន្ត។
 
២១. Renault Floride
Floride ជាភាសាបារាំង ដែលសំដៅ​លើរដ្ឋ Florida សហរដ្ឋអាម៉េរិក។ ក្រុមហ៊ុន Renault ផ្តួចផ្តើម​ដាក់ឈ្មោះនេះ ក្រោយជំនួបមួយនៅ​ចុង​ឆ្នាំ១៩៥០ ដើម្បីស្វែងរកទីផ្សារនៅអាម៉េរិកខាងជើង។ ទោះបីជាយ៉ាងណាក៏ដោយ វាមិនសូវទទួលបាន​ការពេញនិយមនោះឡើយ ដោយសារពលរដ្ឋនៅ​រដ្ឋផ្សេងៗក្នុងចក្រភពអង់គ្លេស ក៏ដូចជាសហរដ្ឋអាម៉េរិក មិន​ចូលចិត្តប្រើ​ប្រាស់រថយន្តដែលមានឈ្មោះខុសពី​កន្លែងដែលពួក​គេ​រស់នៅ។
 
២២. Riley Monaco
Riley Nine ជាប្រភេទរថយន្តកីឡាដ៏ល្បីល្បាញដែលត្រូវបាន​ផលិត​ឡើងនៅ​ចន្លោះពីឆ្នាំ១៩២៦ ដល់ឆ្នាំ​១៩២៨។ ក្នុងចំណោម​ម៉ូដែលទាំងនោះ Nine Monaco ឬ Riley Monaco ទទួលបាន​ការពេញនិយម ប៉ុន្តែឈ្មោះនេះ លែងមានការប្រើប្រាស់ចាប់ពីឆ្នាំ១៩៣៧។
 
២៣. Rolls-Royce Camargue
ចាប់តាំងពី​ដំណើរការនៅឆ្នាំ១៩០៤ Rolls-Royce មិនដែល​យក​ឈ្មោះទីកន្លែងដាក់ឲ្យម៉ូដែល​រថយន្តខ្លួននោះឡើយ។ ករណីលើកលែងតែមួយគត់នោះ គឺ​ការ​ដាក់ឈ្មោះតាមតំបន់ Camargue នៃប្រទេស​បារាំង ពីឆ្នាំ១៩៧៥ ដល់ឆ្នាំ​១៩៨៦។ 
 
២៤. Seat Ibiza
ក្រុមហ៊ុនអេស្ប៉ាញ Seat បាន​ក្លាយជាផ្នែក​នៃ Volkswagen Group នៅ​ឆ្នាំ១៩៨២។ នៅឆ្នាំ១៩៨៤ ម៉ូដែល Ibiza ត្រូវបាន​បង្ហាញខ្លួននៅលើទីផ្សារនៅចក្រភពអង់គ្លេស ហើយបន្ត​មាន​វត្តមាន​រហូតដល់បច្ចុប្បន្ន។ Ibiza ជាក្រុងនៃតំបន់កោះស្វយ័ត Balearic នៃប្រទេសអេស្ប៉ាញ។
 


២៥. Triumph Toledo
ក្រុងមួយទៀតនៅអេស្ប៉ាញ ដែល​ក្រុមហ៊ុន Seat យកទៅដាក់ឈ្មោះម៉ូដែលរថយន្តចាប់ពីឆ្នាំ​១៩៩១នោះ គឺ​ Toledo។ ក្រុមហ៊ុន Triumph Motor Company របស់អង់គ្លេស បាន​ប្រើ​ប្រាស់ឈ្មោះនេះ មុន​២១ឆ្នាំទៅហើយ។ ទោះបីជាយ៉ាងណាក៏ដោយ ផលិតទាំងពីរក្រុមហ៊ុន លែងមានទៀតហើយទាក់ទងនឹងឈ្មោះ Toledo៕
 

© រក្សាសិទ្ធិដោយ thmeythmey.com