ជាតិ
អាស៊ាន
​​​ន​យោ​បាយ​ជាតិ​
សម្ដេច ហ៊ុន សែន ប្រាប់ប្រមុខការទូតអ៊ុយក្រែនថា កម្ពុជា មិនគាំទ្រទង្វើឈ្លានពាន និងបំបែករដ្ឋឡើយ
09, Nov 2022 , 1:32 pm        
រូបភាព
សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ពិភាក្សាជាមួយលោក ដឹមីត្រូ គូលេបា (Dmytro Kuleba) រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន នៅថ្ងៃទី៩ វិច្ឆិកា ២០២២ នាវិមានសន្តិភាព។
សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ពិភាក្សាជាមួយលោក ដឹមីត្រូ គូលេបា (Dmytro Kuleba) រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន នៅថ្ងៃទី៩ វិច្ឆិកា ២០២២ នាវិមានសន្តិភាព។
កម្ពុជា ប្រឆាំងទង្វើឈ្លានពាន និងការបំបែករដ្ឋណាមួយ ពីសំណាក់ប្រទេសដទៃ។ សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងបែបនេះ នៅក្នុងជំនួបពិភាក្សាជាមួយលោក ដឹមីត្រូ គូលេបា (Dmytro Kuleba) រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន នៅថ្ងៃទី៩ វិច្ឆិកា នាវិមានសន្តិភាព។
 
សម្ដេច ហ៊ុន សែន បានសង្កត់ធ្ងន់ថា កម្ពុជាធ្លាប់ឆ្លងកាត់សង្គ្រាម និងធ្លាប់ទទួលរងការឈ្លានពាន។ ដូច្នេះកម្ពុជាយល់ពីអារម្មណ៍របស់ប្រជាជនអ៊ុយក្រែន ដែលកំពុងរងការឈ្លានពានពីប្រទេសរុស្ស៊ី។ 
 
ក្រោយជំនួបពិភាក្សាគ្នានេះ សម្តេច ហ៊ុន សែន បានចែករំលែកខ្លឹមសារលើហ្វេសប៊ុកខ្លួន ដូច្នេះ៖« ជំហររបស់កម្ពុជាចំពោះសង្គ្រាមនៅអ៊ុយក្រែន គឺការប្រកាន់ភ្ជាប់ និងគោរពគោលការណ៍ដែលបានចែកក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិនិងច្បាប់អន្តរជាតិ។ កម្ពុជាប្រឆាំងនឹងការឈ្លានពាន ប្រឆាំងការគំរាមកំហែង ឬការប្រើប្រាស់ហិង្សាមកលើអធិបតេយ្យ និងបូរណភាពដែនដីរបស់រដ្ឋឯករាជ្យនិងមិនគាំទ្រដល់ការបំបែករដ្ឋ ឬការទន្ទ្រានយកទឹកដីពីប្រទេសដទៃឡើយ»។
 
រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន Dmytro Kuleba ក៏បានអរគុណនាយករដ្ឋមន្រ្តីកម្ពុជា ដែលបានចេញសេចក្តីថ្លែងការណ៍តាមរយៈរដ្ឋមន្ត្រីការបរទេសអាស៊ាន ដោយបង្ហាញពីកង្វល់ចំពោះស្ថានការណ៍នៅអ៊ុយក្រែន ដោយបានទាមទាឱ្យបញ្ឈប់ការប្រើប្រាស់កម្លាំងប្រដាប់អាវុធជាបន្ទាន់ និងងាកមករកការចរចាដោយសន្តិវិធីវិញ។ ជាបិសេសកម្ពុជា បានធ្វើជាសហស្ថាបនិកគាំទ្រចំពោះសេចក្តីសម្រេចចិត្តរបស់មហាសន្និបាតអង្គការសហប្រជាជាតិ ដែលពាក់ព័ន្ធនឹងការឈ្លានពានមកលើអ៊ុយក្រែន។ 
 
«អបអរសាទរកម្ពុជាដែលកម្ពុជាកន្លងទៅបានឆ្លងកាត់សង្គ្រាមដរាំរៃជាច្រើន តែមកដល់ពេលនេះ កម្ពុជាទទួលបាននូវសុខសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍគ្រប់វិស័យ ដែលទាំងអស់នេះ ជាសេចក្តីប្រាថ្នារបស់ប្រជាជនអ៊ុយក្រែនចង់បាន»។ ហ្វេសប៊ុកសម្ដេច ហ៊ុន សែន បានស្រង់សម្តីប្រមុខការទូតអ៊ុយក្រែនបែបនេះ។
 
លោក ដឹមីត្រូ គូលេបា (Dmytro Kuleba) រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនមកកម្ពុជា ដើម្បីចូលរួមពិធីចុះហត្ថលេខាលើលិខិតុបករណ៍នៃការចូលជាសមាជិកនៃសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ (TAC) ក្នុងឱកាសកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និង៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ៕
 
 
 
 

Tag:
 ហ៊ុន សែន
  នយោបាយ
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com