ជាតិ
សេដ្ឋកិច្ច
អាស៊ាន
កម្ពុជា-វៀតណាម ប្តេជ្ញាបង្កើនទំហំពាណិជ្ជកម្មឱ្យដល់១០ពាន់លានដុល្លារ​ ត្រឹមដំណាច់ឆ្នាំនេះ
09, Nov 2022 , 3:59 pm        
រូបភាព
សម្តេច ហ៊ុន សែន និង លោក ផាម មិញជិញ នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ជាអធិបតីនៃវេទិកាជំរុញវិនិយោគ និងពាណិជ្ជកម្ម កម្ពុជា-វៀតណាម២០២២ នៅសណ្ឋាគារភ្នំពេញ នៅថ្ងៃទី៨វិច្ឆិកា។ រូបថត៖ SPM
សម្តេច ហ៊ុន សែន និង លោក ផាម មិញជិញ នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ជាអធិបតីនៃវេទិកាជំរុញវិនិយោគ និងពាណិជ្ជកម្ម កម្ពុជា-វៀតណាម២០២២ នៅសណ្ឋាគារភ្នំពេញ នៅថ្ងៃទី៨វិច្ឆិកា។ រូបថត៖ SPM
ភ្នំពេញ៖ ៩ខែ ឆ្នាំ២០២២ ទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជា និង វៀតណាម សម្រេច​បានក្នុងទំហំទឹកប្រាក់៨,៤៦ពាន់លានដុល្លារ។ ភាគីទាំងពីរក៏ប្តេជ្ញារួមគ្នាបង្កើនទំហំពាណិជ្ជកម្មឱ្យកើនដល់រង្វង់១០ពាន់លានដុល្លារ នៅដំណាច់ឆ្នាំនេះ ខណៈវៀតណាមជាប្រទេសក្នុងតំបន់អាស៊ានដែលមានទំហំពាណិជ្ជកម្មធំជាងគេជាមួយកម្ពុជា។
 
​ទំហំពាណិជ្ជកម្មរវាងកម្ពុជា-វៀតណាម ហក់ឡើង​គួរឱ្យកត់សម្គាល់ក្នុងទំហំពី២,៩២ពាន់លានដុល្លារក្នុងឆ្នាំ២០១៦ កើនដល់៩,៥៤ពាន់លានដុល្លារក្នុងឆ្នាំ២០២១។ ​ប្រទេសទាំងពីរ រំពឹងខ្ពស់ថានឹងសម្រេចទំហំពាណិជ្ជកម្មរួមគ្នាដល់ជាង១០ពាន់លានដុល្លារ នៅត្រឹមដំណាច់ឆ្នាំ២០២២។ នេះជាការលើកឡើងរបស់លោក ង្វៀន ហុងស៊ាន រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម ​​និងពាណិជ្ជកម្មវៀតណាម។  
 
ក្នុងវេទិកាជំរុញការវិនិយោគ និងពាណិជ្ជកម្មកម្ពុជា-វៀតណាម ២០២២ នៅសណ្ឋាគារភ្នំពេញ នាល្ងាចថ្ងៃទី៨វិចិ្ឆកា​ លោក ង្វៀន ហុងស៊ាន បាននិយាយដូច្នេះ៖ «ទំហំពាណិជ្ជកម្មរវាងកម្ពុជា-វៀតណាម គឺមានការអភិវឌ្ឍខ្លាំងក្លា ដែលយើងមានរចនាសម្ព័ន្ធនាំចេញនាំចូលបំពេញបន្ថែមឱ្យគ្នាទៅវិញទៅមក  និងការតភ្ជាប់ខ្សែច្រវាក់ផ្គត់ផ្គង់រវាងប្រទេសទាំងពីរក៏មានភាពល្អប្រសើរពីមួយថ្ងៃទៅមួយថ្ងៃ ផងដែរ។​ ជាពិសេសចំពោះមុខទំនិញកសិផល»។ លោក បានបន្ថែមថា ប្រទេសវៀតណាមមានតម្រូវការនាំចូលបន្ថែមនូវកសិផលមួយចំនួននៃភាពខ្លាំងរបស់កម្ពុជា ដោយក្នុងនោះមាន កៅស៊ូ ដំឡូងមី គ្រាប់ស្វាយចន្ទី និងពោត   ដើម្បីកែច្នៃ​នាំចេញទៅទីផ្សារអន្តរជាតិ។
 
ដើម្បីជំរុញទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជា-វៀតណាមឱ្យមានរីកចម្រើនប្រកបដោយនិរន្តរភាព លោក រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម ​​និងពាណិជ្ជកម្មវៀតណាម ទាមទារឱ្យភាគីកម្ពុជាយកចិត្តទុកដាក់លើហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់គ្នានៅតំបន់ព្រំដែន ហេដ្ឋារចនាសម្ព័ន្ធទូរគមនាគម, ហេដ្ឋារចនាសម្ព័ន្ធធនាគារ និងហិរញ្ញវត្ថុ ដើម្បីលើកទឹកចិត្តដល់ពាណិជ្ជករឱ្យទៅវិនិយោគនៅតំបន់ព្រំដែន​ ដែលជួយដល់ការរីកចម្រើនសេដ្ឋកិច្ចប្រទេសទាំងពីរ។​
ជាមួយគ្នានេះ លោក ប៉ាន សូរស័ក្ត រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានលើកឡើងថា កម្ពុជាបានដាក់ឱ្យអនុវត្តនូវកិច្ចព្រមពៀងពាណិជ្ជកម្មអាសិប និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន និងកិច្ចព្រមព្រៀងពាណិជ្ជសេរីកម្ពុជា-កូរ៉េ ដែលគ្រោងចូលធរមាននៅថ្ងៃទី១ធ្នូ ឆ្នាំ២០២២​។​  លោក អះអាងយ៉ាងដូច្នេះ៖ «កិច្ចព្រមព្រៀងពាណិជ្ជកម្មដែលកម្ពុជាមាននេះ  គឺផ្តល់នូវសក្កានុពលដល់ធុរជន និងវិនិយោគិន ទាំងក្នុងនិងក្រៅប្រទេស ជាពិសេស គឺធុរជន និងវិនិយោគិនមកពីវៀតណាម»។​
 
លើសពីនេះ កម្ពុជាបានខិតខំជំរុញធុរកិច្ច និងវិនិយោគ តាមរយៈការពង្រឹងផ្នែកនវានុវត្ត ស្ថាប័ន ដើម្បីកាត់បន្ថយថ្លៃដើមនៃការធ្វើធុរកិច្ច​ ក៏ដូចជាការធានាឱ្យមានតម្លាភាពក្នុងការធ្វើអាជីវកម្មនៅកម្ពុជា តាមរយៈវេទិកាសាធារណរវាងឯកជន-រដ្ឋ, យន្តការភាពជាដៃគូរវាងគយ និងវិស័យឯកជន  និហិតដ្ឋានជាតិស្តីពីពាណិជ្ជកម្ម និងប្រព័ន្ធស័្វយប្រវត្តិកម្មកម្មសិទ្ធិបញ្ញា ជាដើម។ ​លោក ប៉ាន សូរស័ក្ត បន្តរៀបរាប់ថា កម្ពុជា​ ក៏បានបង្កើតចេញចូលតែមួយ និងសេវាសាធារណៈតាមប្រព័ន្ធអេឡិចត្រូនិក ការចុះបញ្ជីក្រុមហ៊ុនតាមប្រព័ន្ធអនឡាញ ការចុះបញ្ជី និងប្រកាសពន្ធ, ការចុះបញ្ជីយានយន្ត, ការចុះបញ្ជីម៉ាកផលិតផល និងទូទាត់ គឺធ្វើឡើងតាមប្រព័ន្ធអនឡាញទាំងអស់ ដើម្បីសម្រួលដល់ការធ្វើធុរកិច្ចនៅកម្ពុជា។​ 
 
កម្ពុជាស្វាគមន៍ចំពោះរាល់ការសម្រេចចិត្តដ៏ឈ្លាសវៃរបស់វិនិយោគិនបរទេសទាំងអស់ ជាពិសេសវិនិយោគិនវៀតណាម ដែលបានជ្រើសរើស និងមានបំណងជ្រើសរើសកម្ពុជា ជាគោលដៅវិនិយោគដ៏មានសក្តានុពលខ្ពស់ក្នុងការចាប់ផ្តើម ឬពង្រីកអាជីវកម្មរបស់ខ្លួន។ សម្តេច ហ៊ុន សែន ដែលជាអធិបតីនៃវេទិកាខាងលើ បានអំពាវនាវដល់ធុរជន និងវិនិយោគិនវៀតណាម ឱ្យមកសិក្សាស្វែងយល់បន្ថែមពីសក្តានុពល និងកាលានុវត្តភាពវិនិយោគនៅកម្ពុជា ព្រមទាំងសម្រេចចិត្តបណ្តាក់ទុនវិនិយោគ ឬសហការវិនិយោគរួមគ្នាជាមួយវិនិយោគិនកម្ពុជា ដើម្បីទាញយកប្រយោជន៍ជាអតិបរមា ពីកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគីនានា៕ 
 
សម្តេច ហ៊ុន សែន ក្នុងនាមរាជរដ្ឋាភិបាល បានធានាជូនដល់វិនិយោគិនគ្រប់រូបនូវបរិស្ថានប្រកបដោយភាពអំណោយផលនៅកម្ពុជា ជាពិសេស គឺសន្តិភាព សន្តិសុខ និងស្ថិរភាពនយោបាយ ក៏ដូចជាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ក្របខណ្ឌច្បាប់ និងស្ថាប័នដែលប្រកបដោយប្រសិទ្ធភាពតម្លាភាព គណនេយ្យភាព និងភាពអាចប៉ាន់ប្រមាណបាន។
 
យោងតាមស្ថិតិជញ្ជីងពាណិជ្ជកម្មទំនិញជាប្រទេសសំខាន់ពីខែមករា ដល់ខែកញ្ញា ឆ្នាំ២០២២ របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក្នុងរយៈពេល៩ខែមកនេះ​ កម្ពុជា នាំចូលទំនិញពីវៀតណាមមានទំហំដល់ជាង ៣ពាន់លានដុល្លារ ខណៈនាំចេញវិញមានត្រឹមជាង ១,៥ពាន់លានដុល្លារប៉ុណ្ណោះ៕ 
 

Tag:
 ពាណិជ្ជកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com