ជាតិ
សេដ្ឋកិច្ច
កម្ពុជា សង្ឃឹមបានគម្រោងវិនិយោគគាំទ្រដល់ការផ្គត់ផ្គង់វិស័យអេឡិចត្រូនិកសម្រាប់វៀតណាម
09, Nov 2022 , 6:59 pm        
រូបភាព
ប្រទេសវៀតណាម កំពុងរីកចម្រើនលើវិស័យធំៗចំនួន២ ដូចជា វិស័យផលិតកម្មយានយន្ត និងវិស័យអេឡិចត្រូនិក។ ការរីកចម្រើននេះ ត្រូវបានកម្ពុជាអបអរសាទរយ៉ាងខ្លាំង ហើយកម្ពុជា សង្ឃឹមទទួលបានគម្រោងវិនិយោគពីវិស័យអេឡិចត្រូនិក សម្រាប់វៀតណាម។
 
ប្រទេសវៀតណាម បានទាញយកការវិនិយោគពីក្រុមហ៊ុនបច្ចេកវិទ្យា ដូចជា ក្រុមហ៊ុន សាំសុង (Samsung) និងក្រុមហ៊ុន ហ្វក់ខន់ (FOXCONN) ដែលផលិតផលិតផលនានាផ្គត់ផ្គង់ឱ្យក្រុមហ៊ុនអេបផល (Apple)។ លើសពីនេះ នៅវៀតណាម ក្រុមហ៊ុន Apple ក៏បានផលិតនាឡិកាដៃឆ្លាតវៃ ដែលប្រើបច្ចេកវិទ្យា និងជំនាញខ្ពស់។ 


 សម្ដេច ហ៊ុន សែន និងលោក ង្វៀន ហុងស៊ាន រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម កំពុងទស្សនាការតាំងពិព័រណ៍ កាលពីថ្ងៃទី ៨ ខែវិច្ឆិកា។ 
 
ក្នុងវេទិកាជំរុញការវិនិយោគ និងពាណិជ្ជកម្មកម្ពុជា-វៀតណាម ២០២២ នៅសណ្ឋាគារភ្នំពេញ នាល្ងាចថ្ងៃទី៨វិចិ្ឆកា សម្ដេច ហ៊ុន សែន បានថ្លែងថា៖« កម្ពុជា មានបំណងផ្សារភ្ជាប់ខ្សែច្រវាក់ផលិតកម្មយានយន្ត និងអេឡិចត្រូនិក តាមរយៈការបង្កើនយុទ្ធសាស្រ្តប្រទេសបូក ជាពិសេសជាមួយវៀតណាម ដែលជាជម្រើសទី១របស់វិនិយោគិនបរទេសនៃវិស័យទាំង២ សម្រាប់ផ្លាស់ប្ដូរទីតាំងផលិតកម្ម»។ 
 
សម្ដេច ហ៊ុន សែន បានបន្ថែមដូច្នេះ៖ «ខ្ញុំសង្ឃឹមថា កម្ពុជា នឹងទទួលបានគម្រោងវិនិយោគដល់ការផ្គត់ផ្គង់ខ្សែច្រវាក់ផលិតកម្មវិស័យធំៗទាំង២ ជាពិសេស វិស័យអេឡិចត្រូនិកសម្រាប់វៀតណាម»។ 
 

សម្ដេច ហ៊ុន សែន ថ្លែងស្វាគមន៍វិនិយោគិនវៀតណាមក្នុងវេទិកាជំរុញការវិនិយោគ និងពាណិជ្ជកម្មកម្ពុជា-វៀតណាម ២០២២ នៅសណ្ឋាគារភ្នំពេញ នាល្ងាចថ្ងៃទី៨វិចិ្ឆកា។ 

កម្ពុជា ស្វាគមន៍រាល់ការសម្រេចចិត្តដ៏ឆ្លាតវៃរបស់វិនិយោគិនបរទេសទាំងអស់ ជាពិសេសវិនិយោគិនវៀតណាម ដែលបានជ្រើសរើស និងមានបំណងជ្រើសរើសកម្ពុជា ជាគោលដៅវិនិយោគដ៏មានសក្តានុពលខ្ពស់ក្នុងការចាប់ផ្តើម ឬពង្រីកអាជីវកម្មរបស់ខ្លួន។ សម្តេច ហ៊ុន សែន ដែលជាអធិបតីនៃវេទិកាខាងលើ បានអំពាវនាវដល់ធុរជន និងវិនិយោគិនវៀតណាម ឱ្យមកសិក្សាស្វែងយល់បន្ថែមពីសក្តានុពល និងកាលានុវត្តភាពវិនិយោគនៅកម្ពុជា ព្រមទាំងសម្រេចចិត្តបណ្តាក់ទុនវិនិយោគ ឬសហការវិនិយោគរួមគ្នាជាមួយវិនិយោគិនកម្ពុជា ដើម្បីទាញយកប្រយោជន៍ជាអតិបរមា ពីកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគីនានា។
 
ដើម្បីជំរុញទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជា-វៀតណាមឱ្យមានរីកចម្រើនប្រកបដោយនិរន្តរភាព លោក រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម ​​និងពាណិជ្ជកម្មវៀតណាម ទាមទារឱ្យភាគីកម្ពុជាយកចិត្តទុកដាក់លើហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់គ្នានៅតំបន់ព្រំដែន ហេដ្ឋារចនាសម្ព័ន្ធទូរគមនាគម, ហេដ្ឋារចនាសម្ព័ន្ធធនាគារ និងហិរញ្ញវត្ថុ ដើម្បីលើកទឹកចិត្តដល់ពាណិជ្ជករឱ្យទៅវិនិយោគនៅតំបន់ព្រំដែន​ ដែលជួយដល់ការរីកចម្រើនសេដ្ឋកិច្ចប្រទេសទាំងពីរ។​
 
សូមជម្រាបថា ទំហំពាណិជ្ជកម្មរវាងកម្ពុជា-វៀតណាម ហក់ឡើង​គួរឱ្យកត់សម្គាល់ក្នុងទំហំពី២,៩២ពាន់លានដុល្លារក្នុងឆ្នាំ២០១៦ កើនដល់៩,៥៤ពាន់លានដុល្លារក្នុងឆ្នាំ២០២១។ ​ប្រទេសទាំងពីរ រំពឹងខ្ពស់ថានឹងសម្រេចទំហំពាណិជ្ជកម្មរួមគ្នាដល់ជាង១០ពាន់លានដុល្លារ នៅត្រឹមដំណាច់ឆ្នាំ២០២២។ នេះជាការលើកឡើងរបស់លោក ង្វៀន ហុងស៊ាន រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម ​​និងពាណិជ្ជកម្មវៀតណាម៕ 
 
 

Tag:
 សេដ្ឋកិច្ច
  វៀតណាម
  សម្ដេច ហ៊ុន សែន
  Apple
© រក្សាសិទ្ធិដោយ thmeythmey.com