ជាតិ
អាស៊ាន
លោក គង់ ភោគ៖ ជាសមិទ្ធផលដ៏ធំមួយសម្រាប់កម្ពុជាដែលមួយឆ្នាំទទួលដៃគូថ្មី៧ប្រទេសចូល TAC
10, Nov 2022 , 8:54 am        
រូបភាព
លោក គង់ ភោគ រដ្ឋលេខាធិការក្រសួងការបរទេស និងជាអ្នកនាំពាក្យកិច្ចប្រជុំកំពូលអាស៊ាន។ រូបថតដោយ ឡាយ សុភាវត្តី
លោក គង់ ភោគ រដ្ឋលេខាធិការក្រសួងការបរទេស និងជាអ្នកនាំពាក្យកិច្ចប្រជុំកំពូលអាស៊ាន។ រូបថតដោយ ឡាយ សុភាវត្តី
សន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅតំបន់អាស៊ីអាគ្នេយ៍ (TAC) នឹងកើនសមាជិកដល់៥០ប្រទេសក្នុងអាណត្តិកម្ពុជាធ្វើជាម្ចាស់កិច្ចប្រជុំអាស៊ានឆ្នាំ២០២២ មានសមាជិកថ្មីដល់ទៅ៧ប្រទេសឯណោះ។ លោក គង់ ភោគ រដ្ឋលេខាធិការក្រសួងការបរទេស និងជាអ្នកនាំពាក្យកិច្ចប្រជុំអាស៊ាន ចាត់ទុករឿងនេះជាមោទកភាពដែល TAC មានសមាជិកថ្មីច្រើនក្នុងមួយឆ្នាំបែបនេះ ហើយអាស៊ានក៏ស្វាគមន៍ប្រទេសនានាដែលចង់ក្លាយជាដៃគូដែរ។
 
អ៊ុយក្រែន នឹងក្លាយជាសមាជិកទី៥០ របស់ TAC និងជាប្រទេសទី៧ ដែលចូលជាសមាជិករបស់ TAC ក្នុងអាណត្តិដឹកនាំរបស់កម្ពជា។ រដ្ឋមន្រ្តីការបរទេសអ៊ុយក្រែន ឌីមីត្រូ គូលេបា នឹងចុះហត្ថលេខាលើលិខិតូបករណ៍ចូលជាសមាជិក TAC នៅថ្ងៃទី១០ ខែវិច្ឆិកា នាកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤១ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
 
រដ្ឋកាតា សាធារណរដ្ឋក្រិក ព្រះរាជាណាចក្រដាណឺម៉ាក ព្រះរាជាណាចក្រហូឡង់ អេមីរ៉ាតអារ៉ាប់រួម និងរដ្ឋស៊ុលតង់អូម៉ង់​ ជាសមាជិកថ្មី៦ទៀតរបស់ TAC អំឡុងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធកាលពីខែសីហា។
 
អ្នកនាំពាក្យកិច្ចប្រជុំកំពូលអាស៊ាន លោក គង់ ភោគ និយាយថា នេះជាមោទកភាពមួយដែលអាចបញ្ចូលដៃគូច្រើនបែបនេះក្នុងរយៈពេលមួយឆ្នាំ។ បើតាមមន្រ្តីកម្ពុជា អាស៊ាន នៅតែបើកចំហសម្រាប់ប្រទេសផ្សេងទៀតដែលចង់ចូលរួមជាមួយអាស៊ាន។ 
 
«នេះជាសមិទ្ធផលដ៏ធំមួយសម្រាប់កម្ពុជា។ បានន័យថា ក្នុងពេលដែលមួយឆ្នាំដែលយើងអាចទទួលបានដៃគូរហូតដល់ទៅ៧ ជាសមាជិកក្នុងសន្ធិសញ្ញាមួយនេះ គឺជារឿងមិនកើតមានឡើងញឹកញាប់ពេកទេ។» លោក គង់ ភោគ បញ្ជាក់បែបនេះក្នុងសន្និសីទសារព័ត៌មាននៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា មុនបន្តថា អាស៊ានអាចទាក់ទាញប្រទេសក្រៅតំបន់ឱ្យចូលរួមជាមួយខ្លួនបាន។
 
ក្រៅពីការចុះហត្ថលេខាសន្ធិសញ្ញានេះ នៅថ្ងៃទី១០ ខែវិច្ឆិកា នឹងមានកិច្ចប្រជុំសំខាន់ៗផ្សេងទៀតដូចជាកិច្ចប្រជុំក្រុមប្រឹក្សានយោបាយ-សន្តិសុខ និងក្រុមប្រឹក្សាសម្របសម្រួលអាស៊ានដែលដឹកនាំដោយលោក ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេសកម្ពុជា។ ជាមួយគ្នានោះ បណ្ដាមេដឹមនាំអាស៊ាន នឹងគាល់ព្រះករុណាព្រះមហាក្សត្រ ជួបជាមួយតំណាងសភាអាស៊ាន, យុវជនអាស៊ាន និងក្រុមធុរកិច្ចអាស៊ាន។
 
បញ្ហាចាស់ថ្មីដូចជាមីយ៉ាន់ម៉ា សមុទ្រចិនខាងត្បូង សង្រ្គាមនៅអ៊ុយក្រែន និងការងើបឡើងវិញក្រោយវិបត្តិជំងឺកូវីដ-១៩ ត្រូវរំពឹងថា ជាប្រធានបទសំខាន់នាកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធរាជធានីភ្នំពេញ។
 
«ទោះជាយ៉ាងណា ខ្ញុំអាចនិយាយបានថា អាស៊ានមានការគិតគូរវែងឆ្ងាយ និងបានត្រៀមខ្លួនរួចស្រេចដើម្បីឆ្លើយតបបញ្ហាទាំងអស់នោះ។ អ្វីដែលសំខាន់សម្រាប់យើង គឺធ្វើយ៉ាងណាយើងសហការគ្នាទៅវិញទៅមកដើម្បីជំរុញរាល់របៀបវារៈ និងការងារអាទិភាពទៅមុខ។» អ្នកនាំពាក្យដដែលបន្តបែបនេះ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com