ជាតិ
សង្គមជាតិ
ចិនប្រកាសបន្តគាំទ្រការអភិរក្សប្រាសាទនៅកម្ពុជា
10, Nov 2022 , 8:59 pm        
រូបភាព
លោក លី ខឺឈាង​ (ស្ដាំ) និងលោក ជា សុផារ៉ា (ឆ្វេង) ក្នុងពិធីសម្ពោធ និងប្រគល់-ទទួល គម្រោងជួសជុលប្រាសាទតាកែវ ក្រុងអង្គរធំ នាព្រឹកថ្ងៃទី១០ វិច្ឆិកា ឆ្នាំ២០២២។
លោក លី ខឺឈាង​ (ស្ដាំ) និងលោក ជា សុផារ៉ា (ឆ្វេង) ក្នុងពិធីសម្ពោធ និងប្រគល់-ទទួល គម្រោងជួសជុលប្រាសាទតាកែវ ក្រុងអង្គរធំ នាព្រឹកថ្ងៃទី១០ វិច្ឆិកា ឆ្នាំ២០២២។
សៀមរាប៖ ពីខេត្តសៀមរាប លោកនាយករដ្ឋមន្រ្តីចិន លី ខឺឈាង បានប្រកាសបន្តគាំទ្រការអភិរក្សប្រាសាទនៅកម្ពុជា ដែលលោកហៅថា ជាផ្នែកមួយនៃកិច្ចសហប្រតិបត្តិការដ៏ល្អរវាងកម្ពុជា-ចិន ក៏ដូចជាការផ្លាស់ប្ដូរនៃអារ្យធម៌រវាងប្រទេសទាំងពីរ។
 
លោក លី ខឺឈាង បានលើកឡើងច្រើនចំណុច ពិសេសកិច្ចសហប្រតិបត្តិការដ៏ជ្រាលជ្រៅរវាងកម្ពុជា-ចិន។ លោកថា ចំណងមិត្តភាពនេះមានជាង១ពាន់ឆ្នាំមកហើយ តាមរយៈកំណត់ហេតុ និងសៀវភៅប្រវត្តិសាស្រ្ដជាច្រើនមាននិយាយរវាងប្រទេសទាំងពីរ ពិសេសផ្នែកអារ្យធម៌។ 
 

លោក លី ខឺឈាង​ (ស្ដាំ) និងលោក ជា សុផារ៉ា (ឆ្វេង) ក្នុងពិធីសម្ពោធ និងប្រគល់-ទទួល គម្រោងជួសជុលប្រាសាទតាកែវ ក្រុងអង្គរធំ នាព្រឹកថ្ងៃទី១០ វិច្ឆិកា ឆ្នាំ២០២២។
 
ទស្សនកិច្ចផ្លូវរដ្ឋរយៈពេលខ្លី របស់លោក លី ខឺឈាង គឺចូលរួមពិធីសម្ពោធ និងប្រគល់-ទទួល គម្រោងជួសជុលប្រាសាទតាកែវ ដែលបានបញ្ចប់កាលពីឆ្នាំ២០១៨។ គម្រោងដែលចាប់ផ្តើមពីឆ្នាំ ២០១១ ប្រើប្រាស់ថវិកាសរុប ៤០លានយ័ន ឬស្មើនឹង ៥,៥លានដុល្លារដុល្លារអាមេរិក អនុវត្តន៍គម្រោងដោយក្រុមរដ្ឋាភិបាលចិនសម្រាប់ការអភិរក្សអង្គរ ហៅកាត់ថា CSA។ សម្រាប់នាយករដ្ឋមន្រ្តី គម្រោងដែលធ្វើឡើងក្នុងក្របខណ្ឌអង្គការយូណេស្គូននេះ នឹងជួយអភិរក្សមរតកបេតិកភណ្ឌរបស់កម្ពុជាបានមួយផ្នែកផងដែរ។
 
ក្នុងសន្ទរកថារយៈពេល១០នាទី លោកនាយករដ្ឋមន្រ្តីចិន បានប្រកាសថា ចិននឹងគាំទ្រ និងបន្តកិច្ចសហប្រតិបត្តិការជាមួយបណ្ដាប្រទេសក្នុងតំបន់ មានកម្ពុជាផង ក្នុងការអភិរក្សប្រាសាទ និងជួយជំរុញឱ្យមានការផ្លាស់ប្ដូរផ្នែកសេដ្ឋកិច្ច វប្បធម៌ ដើម្បីឱ្យមានភាពរីកចម្រើន និងការស្វែងយល់ពីគ្នារវាងប្រជាជន និងប្រជាជនជាដើម។ 
 
ថ្លែងក្នុងពិធីដែលរៀបចំនៅព្រឹកថ្ងៃទី១០ វិច្ឆិកា នាបរិវេណប្រាសាទតាកែវ ឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា បានលើកឡើងពីចំណងមិត្តភាពដ៏ស្អិតរមួតរវាងកម្ពុជា-ចិន ហើយថា ការរីកចម្រើនរបស់កម្ពុជា ពិតជាមិនអាចខ្វះចិនបានឡើយ។ តួយ៉ាង ជំនួយហិរញ្ញប្បទានឥតសំណង ឥតទានការប្រាក់ និងឥណទានសម្បទានក្នុងវិស័យសំខាន់ៗ ដូចជាការផ្ដល់អាហារូបករណ៍ដល់និសិ្សតកម្ពុជា ការកសាងហេដ្ឋារចនាសម្ព័ន្ធ បច្ចេកវិទ្យា និងការផ្ដល់វ៉ាក់សាំង។ល។
 
តាមការបញ្ជាក់ពីលោក ជា សុផារ៉ា ចិនបានចាប់ផ្តើមគាំទ្រគម្រោងអភិរក្សប្រាសាទ ការស្រាវជ្រាវ និងបណ្ដុះបណ្ដាល ក្នុងតំបន់អង្គរចាប់ពីឆ្នាំ១៩៩៣ មក។ លោកបន្ថែមថា ក្រៅពីប្រាសាទតាកែវ ចិនក៏បានជួយជួសជុលប្រាសាទចៅសាយទេវតា ពីឆ្នាំ២០០០ ដល់ឆ្នាំ ២០០៨ ប្រើប្រាស់ថវិកាសរុប ១៤លានយ័ន ហើយថ្មីៗនេះ កំពុងសិក្សាគម្រោងជួសជុលប្រាសាទភិមានអាកាស ដែលជាព្រះបរមរាជវាំងនៅរាជធានីអង្គរធំ ដែលគម្រោងប្រើពេល១០ឆ្នាំ ពីឆ្នាំ ២០១៩ ដល់ឆ្នាំ ២០២៩ ប្រើប្រាស់ថវិកាសរុប ៩០លានយ័ន ឬស្មើនឹងជាង ១២លានដុល្លារអាមេរិក។ 
 
តាមរយៈគម្រោងកិច្ចសហប្រតិបត្តិការមេគង្គឡានឆាង ចិនក៏បានផ្ដល់មូលនិធិ ៣៧៩,៤០០ដុល្លារអាមេរិក ដើម្បីជួសជុលស្ពានហាលខាងកើតប្រាសាទបេងមាលាផងដែរ ដែលគម្រោងនឹងអនុវត្តន៍នៅចុងឆ្នាំនេះ។ ក្រៅពីតំបន់អង្គរ ក្នុងនាមជាសហប្រធានអាយស៊ីស៊ី-ព្រះវិហារ ចិនក៏កំពុងសិក្សាគម្រោងអភិរក្ស និងជួសជុល គោបុរៈទី១ ទី២ និងទី៣ នៃប្រាសាទព្រះវិហារផងដែរ។ នេះជាការលើកឡើងរបស់លោក ជា សុផារ៉ា។
 
សូមបញ្ជាក់ថា ក្រៅពីចូលរួមពិធីនៅប្រាសាទតាកែវ ដំណើរទស្សនកិច្ចរបស់លោក លី ខឺឈាង ក្នុងខេត្តសៀមរាប គ្រោងនឹងទៅទស្សនាប្រាសាទធំៗមួយចំនួនទៀត មានអង្គរវត្ត បាយ័ន្ត និងតាព្រហ្ម៕
 
 

Tag:
 លី ខឺឈាង
  នាយករដ្ឋមន្រ្តីចិន
  អភិរក្សប្រាសាទ
© រក្សាសិទ្ធិដោយ thmeythmey.com