អន្តរជាតិ
អាស៊ាន
លោកគង់​ ភោគ៖ កិច្ចព្រមព្រៀង៥ចំណុចនៅតែជាគោលគ្រឹះនៃការដោះស្រាយបញ្ហានៅមីយ៉ាន់ម៉ា
10, Nov 2022 , 8:26 pm        
រូបភាព
លោក គង់ ភោគ អ្នកនាំពាក្យកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ និងកិច្ចប្រជុំពាក់ព័ន្ធ។ រូបភាពយកពី ASEAN2022
លោក គង់ ភោគ អ្នកនាំពាក្យកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ និងកិច្ចប្រជុំពាក់ព័ន្ធ។ រូបភាពយកពី ASEAN2022
លោក គង់ ភោគ អ្នកនាំពាក្យកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ នៅល្ងាចថ្ងៃទី១០ ខែវិច្ឆិកា បានលើកឡើងជាថ្មីថា បញ្ហាមីយ៉ាន់ម៉ានៅតែមានភាពស្មុគស្មាញ លំបាក និងត្រូវការពេលវេលា ដើម្បីដោះស្រាយ។ យ៉ាងណាក៏ដោយ លោកគង់ ភោគ បានសង្កត់ធ្ងន់ថា កិច្ចព្រមព្រៀងឯកច្ឆន្ទ ៥ចំណុច ដែលដាក់ចេញដោយមេដឹកនាំអាស៊ាន នៅតែជាគោលគ្រឹះ សម្រាប់ដោះស្រាយបញ្ហានៅមីយ៉ាន់ម៉ា។
 
 
មកទល់ពេលនេះ វិបត្តិនយោបាយមីយ៉ាន់ម៉ានៅតែមិនទាន់មានច្រកចេញឡើយ ខណៈការព្រមព្រៀងឯកច្ឆន្ទ ៥ចំណុច មិនទាន់ត្រូវបានមីយ៉ាន់ម៉ា អនុវត្តឱ្យបានពេញលេញដែរ។ 
 
ក្នុងសន្និសីទសារព័ត៌មានមួយនាល្ងាចថ្ងៃទី១០ ខែវិច្ឆិកា លោក គង់ ភោគ អ្នកនាំពាក្យកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ បានយល់ថា បញ្ហាមីយ៉ាន់ម៉ា នៅតែមានភាពស្មុគស្មាញ លំបាក និងត្រូវការពេលវេលា ដើម្បីដោះស្រាយ។ 
 
«អ្វីដែលខ្ញុំអាចលើកឡើងនៅក្នុងពេលនេះគឺថា កិច្ចព្រមព្រៀងឯកច្ឆន្ទ ៥ចំណុចនៅតែជាគោលគ្រឹះនៃការដោះស្រាយបញ្ហានៅមីយ៉ាន់ម៉ា»។ លោកគង់ ភោគ បានបន្តថ្លែងបែបនេះ នៅចំពោះមុខអ្នកសារព័ត៌មានក្នុងស្រុក និងក្រៅស្រុកជាច្រើនរូប។ 
 
មិនតែប៉ុណ្ណោះ មន្រ្តីក្រសួងការបរទេសកម្ពុជារូបនេះ បានបន្តថា​ ការអនុវត្តរបស់កម្ពុជា ក្នុងនាមជាប្រធានអាស៊ានរយៈពេលជាង ១០ខែមកនេះ គឺមានការរីកចម្រើនច្រើន។ ការវាយតម្លៃបែបនេះ ធ្វើឡើងដោយផ្អែកលើភាពស្មុគស្មាញ ក៏ដូចជាការចូលរួមពីភាគីពាក់ព័ន្ធជាច្រើន។ 
 
ក្នុងសន្និសីទសារព័ត៌មានដដែល មន្រ្តីកម្ពុជារូបនេះ ក៏បានបង្ហាញក្តីសង្ឃឹមថា អាស៊ាននឹងអាចចេញឯកសារមួយ ដែលអាចមានប្រសិទ្ធភាពខ្ពស់ ដើម្បីចូលរួមចំណែកជួយដល់ការអនុវត្តកិច្ចព្រមព្រៀង ៥ចំណុច។ 
 
បើតាមលោក គង់ ភោគ ដោយសារការរីកចម្រើននៃស្ថានភាពមីយ៉ាន់ម៉ា មិនបានទៅដល់ការរំពឹងទុក កម្ពុជា ក្នុងនាមជាប្រធានផ្លាស់វេនអាស៊ានឆ្នាំ២០២២ បន្តអញ្ជើញតំណែងមិនមែននយោបាយមកពីមីយ៉ាន់ម៉ា ហើយមីយ៉ាន់ម៉ា ក៏មិនបានបញ្ជូនតំណាងខ្លួនមកដែរ។ ត្រង់ចំណុចនេះ អ្នកនាំពាក្យកិច្ចប្រជុំកំពូលអាស៊ាន បានអះអាងថា បើទោះអវត្តមានតំណាងមីយ៉ាន់ម៉ាក្តី ប៉ុន្តែកៅអី​ និងទង់ជាតិមីយ៉ាន់ម៉ា នៅតែរៀបចំទុកឱ្យដដែល៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com