អន្តរជាតិ
អាស៊ាន
រដ្ឋមន្រ្តីការបរទេសអ៊ុយក្រែន ចង់លើកយកបញ្ហាពីរមកពិភាក្សានៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន
10, Nov 2022 , 10:14 pm        
រូបភាព
រដ្ឋមន្រ្តីការបរទេសអ៊ុយក្រែន លោក Dmytro Kuleba។ រូបភាព៖ ថ្មីៗ
រដ្ឋមន្រ្តីការបរទេសអ៊ុយក្រែន លោក Dmytro Kuleba។ រូបភាព៖ ថ្មីៗ
ប្រមុខការទូតអ៊ុយក្រែន លោក Dmytro Kuleba បានលើកឡើងថា អ៊ុយក្រែន ចង់លើកយកបញ្ហាពីរមកពិភាក្សានៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន ដោយក្នុងនោះរួមបញ្ហា្ ការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន និងការបង្កើនទំហំពាណិជ្ជកម្មជាមួយរដ្ឋអាស៊ាន រួមទាំងបញ្ហាសន្តិសុខស្បៀង។
 
ជាច្រើនខែមកហើយ រុស្ស៊ីមិនទាន់បញ្ឈប់ការឈ្លានពានរបស់ខ្លួនលើអ៊ុយក្រែនឡើយ ខណៈបញ្ហាជាច្រើនកំពុងដរចេញពីជម្លោះមួយនេះ។ ក្នុងកិច្ចសម្ភាសន៍ជាមួយទូរទស្សន៍ BTV Cambodia ដែលត្រូវបានចេញផ្សាយនៅថ្ងៃទី១០ ខែវិច្ឆិកា លោក Dmytro Kuleba រដ្ឋមន្រ្តីការបរទេសអ៊ុយក្រែន បានបញ្ជាក់ថា លោកគ្រោងលើកយកបញ្ហាពីរមកជជែកនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន។ 
 
«បញ្ហាទីមួយ គឺជំហររបស់ប្រទេសនៅតំបន់អាស៊ីបូព៌ាលើការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន»។ ប្រមុខការទូតអ៊ុយក្រែន បានសង្កត់ធ្ងន់បែបនេះ ដោយបន្តថា វាមិនមែនជាការប្រកាន់យកភាគីណាមួយឡើយ មិនថារុស្ស៊ី ឬក៏អ៊ុយក្រែន ប៉ុន្តែវាជាការជ្រើសយកភាពល្អ ឬភាពអាក្រក់, ការគោរពព្រំដែន រួមទាំងច្បាប់អន្តរជាតិ ឬការប្រើកម្លាំងទ័ព។ 
 
ដោយទទួលស្គាល់ពីភាពជោគជ័យរបស់អាស៊ានក្នុងការរក្សាសន្តិភាពបានរយៈពេលជាច្រើនឆ្នាំ លោក Kuleba បានបន្ថែមថា អ៊ុយក្រែន មិនឃើញមានហេតុផលអ្វីដែលអាស៊ានមិនគាំទ្រការគោរពច្បាប់អន្តរជាតិ ព្រំដែន និងសន្តិភាព ដែលអ៊ុយក្រែនកំពុងការពារឡើយ។ 
 
ចំណែកបញ្ហាទីពីរ គឺការពង្រីកទំហំពាណិជ្ជកម្ម ឬទាំងការគ្រប់គ្រងវិបត្តិសន្តិសុខស្បៀងអាហារនៅលើពិភពលោក។ ត្រង់ចំណុចនេះ លោក Kuleba បានពន្យល់ថា អ្វីដែលលោកកំពុងពិភាក្សានៅក្នុងក្រុងភ្នំពេញ គឺការស្វែងរកដំណោះស្រាយជុំវិញការពង្រីកទំហំពាណិជ្ជកម្ម និងការបង្កើតឱ្យមានការតភ្ជាប់ផ្នែកធុរកិច្ចរវាងអ៊ុយក្រែន និងប្រទេសក្នុងតំបន់អាស៊ាន។
 
រដ្ឋមន្រ្តីការបរទេសរូបនេះ បានប្តេជ្ញាថា អ៊ុយក្រែននឹងបន្តនាំចេញគ្រាប់ធញ្ញជាតិ ប្រេងផ្កាឈូករ័ត្ន មកក្នុងទីផ្សារសកល ដើម្បីធានាថា តម្លៃស្បៀងអាហារស្ថិតនៅកម្រិតទាប និងមិនធ្វើឱ្យប្រជាជនជាច្រើននាក់ប្រឈមនឹងបញ្ហាខ្វះស្បៀងអាហារ។ ប្រមុខការទូតរូបនេះ ក៏បានជំរុញឱ្យរុស្ស៊ីបញ្ឈប់បិទការនាំចេញផលិតផលកសិកម្មរបស់អ៊ុយក្រែនផងដែរ ដើម្បីធានាលើសន្តិសុខស្បៀងសកល៕
 

Tag:
 អ៊ុយក្រែន
  រុស្ស៊ី
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com