ជាតិ
អាស៊ាន
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ប្រធានអាស៊ាន៖ យើងត្រូវរក្សា និងដឹងគុណដល់អ្វី ដែលយើងបានកសាង វាជាអាទិភាពចម្បងបំផុត
11, Nov 2022 , 9:18 am        
រូបភាព
សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រធានអាស៊ាន ថ្លែងក្នុងពិធីបើកដំណើរការកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤១ នៅសណ្ឋាគារសុខា រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១១ វិច្ឆិកា ២០២២
សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រធានអាស៊ាន ថ្លែងក្នុងពិធីបើកដំណើរការកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤១ នៅសណ្ឋាគារសុខា រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១១ វិច្ឆិកា ២០២២
នាពិធីបើកដំណើរការកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤១ នៅសណ្ឋាគារសុខា រាជធានីភ្នំពេញ សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រធានអាស៊ាន បានរំឮកឱ្យមេដឹកនាំក្នុងកិច្ចប្រជុំខិតខំរក្សាសមិទ្ធផល ដែលអាស៊ានបានកសាង ៥៥ឆ្នាំមកនេះ ព្រោះវាកិច្ចការងារអាទិភាព។

 
«យើងត្រូវរក្សា និងដឹងគុណដល់អ្វី ដែលយើងបានកសាង ។ ដូច្នេះការថែរក្សាឯកភាព សាមគ្គីភាព និងមជ្ឈភាពរបស់យើង គឺជាអាទិភាពចម្បងបំផុត ដើម្បីធានាឱ្យតំបន់យើងមានចីរភាព និងភាពធន់ សម្រាប់ព្រឹត្តិការណ៍ដែលអាចកើតមាននាពេលអនាគត»។ នេះជាការលើកឡើងរបស់សម្ដេច ហ៊ុន សែន។



ជាមួយគ្នានេះ សម្ដេច ហ៊ុន សែន បានសង្កត់ធ្ងន់ថា អាស៊ាន អាចធ្វើដំណើរទៅមុខបាន ក៏មិនត្រូវបំភ្លេចអតីតកាល និងគុណតម្លៃ ដែលបានកសាងនោះទេ ពោលគឺត្រូវរក្សាសមិទ្ធផលទាំងនោះ។ «សូមយើងទាំងអស់គ្នា ផ្ដោតលើគោលបំណងរួមនៃការអភិវឌ្ឍរួមគ្នា ដើម្បីសន្តិភាព ស្ថិរភាព និងឧត្តមភាពនៃតំបន់នេះ។ ទំនាក់ទំនងរបស់យើងទាំងអស់គ្នា មិនកើតឡើងដោយចៃដន្យនោះទេ ប៉ុន្តែតាមរយៈការប្រឹងប្រែង ការប្ដេជ្ញាចិត្ត និងការព្យាយាមជាច្រើនឆ្នាំ យើងត្រូវរក្សា និងដឹងគុណដល់អ្វីៗដែលយើងបានកសាង»។ នេះជាការបន្ថែមរបស់ប្រធានអាស៊ាន។
 
កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤១ ចាប់ផ្ដើមហើយនៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ដោយមានវត្តមានបណ្ដាមេដឹកនាំប្រទេសសមាជិក លើកលែងតែមីយ៉ាន់ម៉ាប៉ុណ្ណោះ ដែលមិនបញ្ជូនតំណាងមិនមែននយោបាយចូលរួមតាមការអញ្ជើញរបស់កម្ពុជា។
 
មេដឹកនាំអាស៊ានដែលមានវត្តមានក្នុងកិច្ចប្រជុំកំពូលមានសម្ដេចហ៊ុន សែន ដែលជាប្រធានកិច្ចប្រជុំ, ស៊ុលតង់ព្រុយណេ ហាសាណាល់ ប៊ុលគៀ, ប្រធានាធិបតីឥណ្ឌូណេស៊ី ចូកូ វីដូដូ, នាយករដ្ឋមន្រ្តីឡាវ ផនខាំ វិផាវ៉ាន់, ប្រធានាធិបតីហ្វីលីពីន ហ្វែដីណាន់ ម៉ាកូស ជូនៀ, នាយករដ្ឋមន្រ្តីសិង្ហបុរី លី សៀនឡុង, នាយករដ្ឋមន្រ្តីថៃ ប្រាយុទ្ធ ចន្ទអូចា និងនាយករដ្ឋមន្ត្រីវៀតណាម ផាម មិញឈិញ។
 
ចំពោះម៉ាឡេស៊ីវិញ នាយករដ្ឋមន្ត្រីប្រទេសនេះ អវត្តមានព្រោះរវល់ក្នុងការបោះឆ្នោតសភា ដោយបញ្ជូនប្រេសិតពិសេសចូលរួមជំនួសវិញ។ ឯមីយ៉ាន់ម៉ា មេដឹកនាំរបបយោធា មីន អ៊ុងឡាំង មិនត្រូវបានអញ្ជើញឡើយ ដោយម្ចាស់ផ្ទះអញ្ជើញតំណាងមិនមែននយោបាយឱ្យបានចូលរួម តែប្រទេសនេះក៏មិនបញ្ជូនមកដែរ។
 
បញ្ហាមីយ៉ាន់ម៉ានេះ ជាប្រធានបទក្ដៅក្នុងជំនួបកំពូលនេះទៀតផង ដោយមេដឹកនាំអាស៊ាននឹងជជែកពីផែនការដែលត្រូវធ្វើដើម្បីបញ្ចប់ជម្លោះក្នុងប្រទេសនេះ។ បញ្ហាសមុទ្រខាងត្បូង នុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ និងសង្រ្គាមអ៊ុយក្រែន ក៏ជាប្រធានបទសំខាន់ដែរ។
 
 
 

Tag:
 អាស៊ាន
  ហ៊ុន សែន
© រក្សាសិទ្ធិដោយ thmeythmey.com