អន្តរជាតិ
អាស៊ាន
អង់គ្លេស ចង់សាងទំនាក់ទំនងឱ្យកាន់តែរឹងមាំជាមួយអាស៊ាន ដោយផ្ដោតលើការអភិវឌ្ឍនិងសន្តិសុខតំបន់
11, Nov 2022 , 11:13 am        
រូបភាព
លោក Greg Hands រដ្ឋមន្រ្តីទទួលបន្ទុកគោលនយោបាយពាណិជ្ជកម្មអង់គ្លេស។ រូបថត AFP
លោក Greg Hands រដ្ឋមន្រ្តីទទួលបន្ទុកគោលនយោបាយពាណិជ្ជកម្មអង់គ្លេស។ រូបថត AFP
រដ្ឋមន្ត្រី​​គោលនយោបាយពាណិជ្ជកម្មអង់គ្លេស ​នៅថ្ងៃទី​១០ ខែវិច្ឆិកា បាន​និយាយ​ថា ​អង់គ្លេស​ចង់​បង្កើនទំនាក់ទំនងជាមួយបណ្ដាប្រទេសជាសមាជិកអាស៊ានឱ្យកាន់តែរឹងមាំឡើង ដោយចូលរួមជួយជំរុញកំណើន​សេដ្ឋកិច្ច​​តំបន់ ក៏ដូចជាពង្រឹងសន្តិសុខក្នុងតំបន់។


អង់គ្លេសសង្ឃឹមថានឹងអាចកសាងទំនាក់ទំនងកាន់តែរឹងមាំជាមួយបណ្តាប្រទេសអាស៊ីអាគ្នេយ៍ ព្រមទាំងមានមានផែនការពង្រីកការអភិវឌ្ឍ និងទំនាក់ទំនងសន្តិសុខនៅក្នុងតំបន់ដ៏មានសក្ដានុពលមួយនេះ។ នេះបើតាមការអះអាងរបស់ រដ្ឋមន្ត្រីគោលនយោបាយពាណិជ្ជកម្មអង់គ្លេស លោក Greg Hands។
 
«អាស៊ាន ជាដៃគូពាណិជ្ជកម្មដ៏សំខាន់របស់អង់គ្លេស។ យើង​កំពុងសង្ឃឹម​ថា​នឹង​អាចបង្កើត​ទំនាក់​ទំនង​ដ៏​ស៊ី​ជម្រៅ​មួយ»។ លោក Greg Hands បានលើកឡើងបែបនេះ ក្នុងបទសម្ភាសរបស់ទូរទស្សន៍ CNA ស្របពេលពេលលោក មកចូលរួមកិច្ចកំពូលអាស៊ានលើកទី៤០ និង៤១ នៅកម្ពុជា នាថ្ងៃទី១០ ខែវិច្ឆិកា ។
 
លើសពីនេះ លោក Hands លើកឡើងថា ជាមួយកំណើនសេដ្ឋកិច្ចជាច្រើនដែលកំពុងកើតឡើងនៅក្នុង និងជុំវិញតំបន់អាស៊ីអាគ្នេយ៍ អង់គ្លេសកំពុងស្វែងរកឱកាសដើម្បីចូលរួមជាផ្នែកមួយនៃសកម្មភាពនោះ។ 
 
បើតាមរដ្ឋមន្ត្រីដដែល វាមានរឿងជាច្រើនដែលអង់គ្លេសអាចផ្តល់ឱ្យតំបន់អាស៊ីអាគ្នេយ៍ ជាឧទាហរណ៍រួមមានដូចជា ការផ្លាស់ប្តូរដោយប្រើបច្ចេកវិទ្យាឌីជីថល វិស័យហេដ្ឋារចនាសម្ព័ន្ធ វិស័យថាមពលកកើតឡើងវិញ ក៏ដូចជាការអប់រំ។ ដូច្នេះ វាលើសពីការធ្វើពាណិជ្ជកម្ម។ ពាណិជ្ជកម្មគឺជាផ្នែកដ៏ធំមួយនៃរឿងនោះ ប៉ុន្តែវាក៏ជាការផ្តល់ជូនកាន់តែទូលំទូលាយដល់តំបន់ទាំងមូលផងដែរ។ 
 
គួរបញ្ជាក់ថា អង់គ្លេសបានក្លាយ​ជា​ដៃគូ​សន្ទនា​ក្នុងតំបន់អាស៊ីអាគ្នេយ៍ក្នុងឆ្នាំ២០២២នេះ។ ក្រោមភាពជាដៃគូនេះ អង់គ្លេសនឹងផ្តោតការយកចិត្តទុកដាក់ខ្ពស់ទៅកាន់តំបន់អាស៊ី ហើយតំបន់នេះនឹងមានបណ្ដារដ្ឋមន្ត្រីអង់គ្លេសធ្វើដំណើរមកទស្សនកិច្ចជាញឹកញាប់។ មិនត្រឹមប៉ុណ្ណោះ លោក Hands បន្ថែមថា ការធ្វើបែបនោះជារឿងសំខាន់សម្រាប់អង់គ្លេស ដើម្បីបង្ហាញថាអង់គ្លេសពិតជាមានឆន្ទៈចូលរួមជាមួយអាស៊ាន និងប្រទេសដែលមានសេដ្ឋកិច្ចធំៗផ្សេងទៀតនៃតំបន់អាស៊ីប៉ាស៊ីហ្វិក៕ 
 

Tag:
 អង់គ្លេស
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com