ជាតិ
អាស៊ាន
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
មេដឹកនាំអាស៊ាន យល់ព្រមជាគោលការណ៍ឱ្យទីម័រឡេស្តេ ចូលជាសមាជិកទី១១
11, Nov 2022 , 12:37 pm        
រូបភាព
មេដឹកនាំអាស៊ាន យល់ព្រមគ្នាជាគោលការណ៍សម្រេចឱ្យទីម័រឡេស្តេ ចូលជាសមាជិកទី១១។ នេះបើតាមសេចក្តីថ្លែងការណ៍រួមរបស់មេដឹកនាំអាស៊ាន ក្រោយកិច្ចប្រជុំពិភាក្សាលើសំណើសុំចូលជាសមាជិកអាស៊ាន របស់ទីម័រឡេស្តេ នៅព្រឹកថ្ងៃទី១១ វិច្ឆិកា នាសណ្ឋាគារសុខា។

តាមរយៈសេចក្តីថ្លែងការណ៍ដដែលនេះ មេដឹកនាំអាស៊ានសម្រេចផ្តល់ឋានៈទីម័រឡេស្តេ ជាប្រទេសសង្កេតការណ៍ និងអនុញ្ញាតឱ្យចូលរួមក្នុងកិច្ចប្រជុំអាស៊ានទាំងអស់ រួមបញ្ចូលទាំងសម័យប្រជុំពេញអង្គនៃកិច្ចប្រជុំកំពូលអាស៊ាន។
 
បន្ថែមពីនេះអាស៊ាន ក៏បង្កើតជាផែនទីបង្ហាញផ្លូវ ផ្អែកលើលក្ខណៈវិនិច្ឆ័យអព្យាក្រឹត្យ សម្រាប់ការចូលជាសមាជិកពេញសិទ្ធិរបស់ទីម័រឡេស្តេ រួមទាំងផ្អែកលើសមិទ្ធផលសំខាន់នានា ដែលកំណត់ដោយរបាយការណ៍ នៃបេសកកម្មស្វែងរកការពិតនៃសសរស្តម្ភ ទាំង៣ របស់អាស៊ាន និងបានប្រគល់ភារកិច្ច ជូនក្រុមប្រឹក្សាសម្របសម្រួលអាស៊ាន ក្នុងការបង្កើតផែនទីបង្ហាញផ្លូវនេះហើយ ត្រូវដាក់ជូនថ្នាក់ដឹកនាំអាស៊ានទាំងអស់ ឱ្យអនុម័ត ក្នុងឱកាសកិច្ចប្រជុំកំពូលអាស៊ានលើកទី៤២។
 
ប្រទេសសមាជិកអាស៊ានទាំងអស់ និងដៃគូខាងក្រៅ ត្រូវផ្តល់ការគាំទ្រដោយពេញលេញចំពោះ ទីម័រឡេស្តេ ក្នុងការឈានទៅសម្រេចបាននូវសមិទ្ធផល ដែលបានកំណត់ទាំងនោះ តាមរយៈការកសាងសមត្ថភាព និងផ្តល់ការគាំទ្រចាំបាច់នានាផ្សេងទៀត សម្រាប់ការចូលជាសមាជិកអាស៊ានពេញសិទ្ធិរបស់ទីម័រឡេស្តេ។ នេះបើតាមសេចក្តីថ្លែងការណ៍រួមរបស់មេដឹកនាំអាស៊ាន។

អត្ថបទទាក់ទង


ក្រោយទទួលបានឯករាជ្យពីឥណ្ឌូណេស៊ីនៅឆ្នាំ២០០២ ទីម័រឡេស្តេ ដែលមានឈ្មោះជាផ្លូវការថាសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ បានដាក់ពាក្យចូលជាសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍(អាស៊ាន) ជាផ្លូវការនៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០១១៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com