ជាតិ
អាស៊ាន
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
មីយ៉ាន់ម៉ា នៅតែជាផ្នែកមួយរបស់អាស៊ាន ហើយកិច្ចព្រមព្រៀង៥ចំណុច នៅតែជាអាទិភាព
11, Nov 2022 , 3:53 pm        
រូបភាព
មីយ៉ាន់ម៉ា នៅតែជាផ្នែកមួយរបស់អាស៊ាន ។ តែអាស៊ាននៅបន្តអនុវត្តលើកិច្ចព្រមព្រៀងឯកច្ឆ័ន្ទ៥ចំណុច លើមីយ៉ាន់ម៉ា។ នេះបើតាមការវាយម្លៃ និងសម្រេចចិត្តរបស់មេដឹកនាំអាស៊ាន លើស្ថានភាពមីយ៉ាន់ម៉ា នាថ្ងៃទី១១ វិច្ឆិកា នៅសណ្ឋាគារសុខា។

 
មេដឹកនាំអាស៊ាន បានពិនិត្យឃើញថា ស្ថានភាពមីយ៉ាន់ម៉ា នៅតែធ្ងន់ធ្ងរ និងផុយស្រួយ  ជាមួយការកើនឡើងនូវអំពើហិង្សា ដែលមិនត្រឹមតែប៉ះពាល់ដល់មីយ៉ាន់ម៉ានោះទេ តែវាថែមទាំងធ្វើឱ្យប៉ះពាល់ដល់ការខិតខំប្រឹងប្រែងរបស់អាស៊ាន ក្នុងការជួយដោះស្រាយបញ្ហាប្រទេសសមាជិកមួយនេះដែរ។
 
«កិច្ចព្រមព្រៀងឯកច្ឆ័ន្ទ៥ចំណុច នៅតែជាឯកសារយោង ដែលមានសក្ដានុពលរបស់យើង និងគួរតែត្រូវបានអនុវត្តទាំងស្រុង»។ នេះបើតាមការសម្រេចចិត្តរបស់មេដឹកនាំអាស៊ាន ដែលនឹងត្រៀមផែនការអនុវត្តរឹងមាំ និងវាស់វែងបាន តាមពេលវេលាកំណត់ជាក់លាក់ ដើម្បីគាំទ្រដល់ការអនុវត្តលើកិច្ចព្រមព្រៀងនេះ។
 
មេដឹកនាំអាស៊ាន ប្រគល់ភារកិច្ចជូនមន្ត្រីការបរទេសអាស៊ាន រៀបចំផែនការអនុវត្តនេះ។ មេដឹកនាំអាស៊ានបញ្ជាក់ជាថ្មីថា ៖« កិច្ចប្រជុំកំពូលអាស៊ាន គឺជាស្ថាប័នសម្រេចចិត្តខ្ពស់បំផុត ហើយនឹងធ្វើការសម្រេចចុងក្រោយលើការអនុវត្តកិច្ចព្រមព្រៀងឯកច្ឆ័ន្ទ៥ចំណុច រួមទាំងនៅពេលដែលកុងសង់ស៊ីស មិនអាចសម្រេចបាន ស្របតាមធម្មនុញ្ញអាស៊ាន»។
 
បន្ថែមពីនេះ អាស៊ាន ក៏អំពាវនាវឱ្យអង្គការសហប្រជាជាតិ និងដៃគូខាងក្រៅ ជួយគាំទ្រដល់អាស៊ាន ក្នុងការអនុវត្តកិច្ចព្រមព្រៀងឯកច្ឆ័ន្ទ៥ចំណុច។ នេះបើតាមខ្លឹមសារសេចក្តីសម្រេចចិត្ត១៥ចំណុចរបស់មេដឹកនាំអាស៊ាន។

អត្ថបទទាក់ទង


កិច្ចព្រមព្រៀងឯកច្ឆ័នទាំង៥ចំណុច របស់អាស៊ានលើវិបត្តិនយោបាយមីយ៉ាន់ម៉ា រួមមាន៖ ទី១៖ អំពើហិង្សាទាំងអស់នៅមីយ៉ាន់ម៉ា  ត្រូវបញ្ឈប់ជាបន្ទាន់ ហើយគ្រប់ភាគីទាំងអស់ ត្រូវរក្សាការអត់ធ្មត់បំផុត។ ទី២ ភាគីជម្លោះនៅមីយ៉ាន់ម៉ា គួរស្វែងរកដំណោះស្រាយដោយសន្តិវិធី តាមរយៈកិច្ចពិភាក្សាប្រកបដោយការស្ថាបនា ដើម្បីជាប្រយោជន៍ដល់ប្រជាជន។ ទី៣៖ បេសកជនពិសេសរបស់ប្រធានអាស៊ាន ត្រូវសម្របសម្រួលកិច្ចសន្ទនា ដោយមានជំនួយពីអគ្គលេខាធិការអាស៊ាន។ ទី៤៖ អាស៊ានផ្តល់ជំនួយមនុស្សធម៌ដល់មីយ៉ាន់ម៉ា តាមរយៈមជ្ឈមណ្ឌលផ្ដល់ជំនួយមនុស្សធម៌អាស៊ាន AHA។ ទី៥៖ បេសកជនពិសេស និងគណៈប្រតិភូ ត្រូវធ្វើដំណើរទៅប្រទេសមីយ៉ាន់ម៉ា ដើម្បីជួបសន្ទនាជាមួយភាគីពាក់ព័ន្ធទាំងអស់៕
 

Tag:
 អាស៊ាន
  នយោបាយ
  មីយ៉ាន់ម៉ា
© រក្សាសិទ្ធិដោយ thmeythmey.com