ជាតិ
អាស៊ាន
ពីកម្ពុជា ប្រមុខ UN ស្នើឱ្យមីយ៉ាន់ម៉ាដោះលែងអ្នកទោស និងវិលរកប្រជាធិបតេយ្យវិញ
11, Nov 2022 , 6:35 pm        
រូបភាព
លោក អាន់តូនីញ៉ូ ហ្គូតេរ៉េស ថ្លែងក្នុងកិច្ចប្រជុំអាស៊ាន-អង្គការសហប្រជាជាតិ។
លោក អាន់តូនីញ៉ូ ហ្គូតេរ៉េស ថ្លែងក្នុងកិច្ចប្រជុំអាស៊ាន-អង្គការសហប្រជាជាតិ។
អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) លោក អាន់តូនី​ ហ្គូតេរ៉េស នៅថ្ងៃទី១១ ខែវិច្ឆិកា ស្នើឱ្យរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាដោះលែងអ្នកទោស ហើយវិលរកផ្លូវប្រជាធិបតេយ្យវិញ។ លោក ហ្គូតេរ៉េស​ ថ្លែងបែបនេះពីអំឡុងពេលចូលរួមកិច្ចប្រជុំអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនៅកម្ពុជា។


ចំពោះមុខមេដឹកនាំអាស៊ាននាកិច្ចប្រជុំអាស៊ាន-អង្គការសហប្រជាជាតិនៅទីក្រុងភ្នំពេញ លោក អា ន់តូនីញ៉ូ ហ្គូតេរ៉េស ប្រមុខ UN បានលើកឡើងពីវិបត្តិនៅមីយ៉ាន់ម៉ាដែលលោកចាត់ទុកថា មានសភាពកាន់តែធ្ងន់ធ្ងរ។

ជាការស្វែងរកច្រកចេញ លោក ហ្គូតេរ៉េស ស្នើឱ្យអាជ្ញាធរមីយ៉ាន់ម៉ាដោះលែងអ្នកទោស និងផ្លាស់ប្ដូរជំហរទៅរកប្រជាធិបតេយ្យវិញ។ លោក ហ្គូតេរ៉េស ក៏បង្ហាញពីការគាំទ្រយន្តការ៥ចំណុចរបស់អាស៊ានក្នុងការដោះស្រាយបញ្ហានេះ។ លើសពីនេះ ប្រមុខ UN ក៏ចង់ឃើញអាស៊ានមានជំហររួមលើវិបត្តិនេះដែរ។

មីយ៉ាន់ម៉ា ធ្លាក់ចូលវិបត្តិក្រោយរដ្ឋប្រហារខែកុម្ភៈ ឆ្នាំ២០២១ ។ អាស៊ាន ក៏ដាក់ចេញកិច្ចព្រមព្រៀង៥ចំណុចដើម្បីដោះស្រាយវិបត្តិនេះ ប៉ុន្តែនៅតែមិនអាចរកច្រកចេញបាន។ ទោះជាយ៉ាងណា មេដឹកនាំអាស៊ាន នៅតែប្រកាន់ខ្ជាប់កិច្ចព្រមព្រៀង៥ចំណុចដដែល។

បើតាមការប្រកាសថ្ងៃទី១១ ខែវិច្ឆិកាក្រោយជំនួបកំពូល មេដឹកនាំអាស៊ាន បានពិនិត្យឃើញថា ស្ថានភាពមីយ៉ាន់ម៉ា នៅតែធ្ងន់ធ្ងរ និងផុយស្រួយ  ជាមួយការកើនឡើងនូវអំពើហិង្សា ដែលមិនត្រឹមតែប៉ះពាល់ដល់មីយ៉ាន់ម៉ានោះទេ តែវាថែមទាំងធ្វើឱ្យប៉ះពាល់ដល់ការខិតខំប្រឹងប្រែងរបស់អាស៊ាន ក្នុងការជួយដោះស្រាយបញ្ហាប្រទេសសមាជិកមួយនេះដែរ។ មេដឹកនាំអាស៊ាន ប្រគល់ភារកិច្ចជូនមន្ត្រីការបរទេសអាស៊ាន រៀបចំផែនការអនុវត្តនេះ។

«កិច្ចប្រជុំកំពូលអាស៊ាន គឺជាស្ថាប័នសម្រេចចិត្តខ្ពស់បំផុត ហើយនឹងធ្វើការសម្រេចចុងក្រោយលើការអនុវត្តកិច្ចព្រមព្រៀងឯកច្ឆ័ន្ទ៥ចំណុច រួមទាំងនៅពេលដែលកុងសង់ស៊ីស មិនអាចសម្រេចបាន ស្របតាមធម្មនុញ្ញអាស៊ាន»។ សេចក្ដីថ្លែងការណ៍បញ្ជាក់បែបនេះ៕

© រក្សាសិទ្ធិដោយ thmeythmey.com