ជាតិ
អាស៊ាន
កម្ពុជា និងឡាវសម្រេចបានការខណ្ឌសីមា និងបោះបង្គោល ៨៦ភាគរយនៃខែ្សព្រំដែនរួម
11, Nov 2022 , 7:33 pm        
រូបភាព
សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ជាមួយសមភាគីឡាវ លោក ផនខាំ វីផាវ៉ាន់ (ខាងឆ្វេង) និងភរិយារបស់លោក។ រូបភាពយកពីផេក Facebook របស់សម្តេច ហ៊ុន សែន
សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ជាមួយសមភាគីឡាវ លោក ផនខាំ វីផាវ៉ាន់ (ខាងឆ្វេង) និងភរិយារបស់លោក។ រូបភាពយកពីផេក Facebook របស់សម្តេច ហ៊ុន សែន
កម្ពុជា និងឡាវ សម្រេចបានការខណ្ឌសីមា និងបោះបង្គោល បានប្រមាណ៨៦ភាគរយនៃខ្សែព្រំដែនរួម។ នេះបើតាមសេចក្តីប្រកាសព័ត៌មានជុំវិញជំនួបពិភាក្សារវាងនាយករដ្ឋមន្រ្តីកម្ពុជា និងឡាវ ចេញដោយក្រសួងការបរទេសកម្ពុជា នៅថ្ងៃទី១១ ខែវិច្ឆិកា។


ក្នុងថ្ងៃទី១០ ខែវិច្ឆិកា នាយករដ្ឋមន្រ្តីកម្ពុជា សម្តេច ហ៊ុន សែន បានជួបជាមួយសមភាគីឡាវ លោក ផនខាំ វីផាវ៉ាន់ នៅក្រៅកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ។ នាជំនួបមួយនេះ មេដឹកនាំប្រទេសទាំងពីរ បានជជែកពីបញ្ហាជាច្រើន ក្នុងនោះរួមទាំងការរៀបចំខ្សែព្រំដែនផងដែរ។

«នាយករដ្ឋមន្រ្តីប្រទេសទាំងពីរ បានកត់សម្គាល់ដោយសោមនស្សរីករាយ ដែលភាគីទាំងពីរសម្រេចបានការខណ្ឌសីមា និងបោះបង្គោលប្រមាណ ៨៧ភាគរយនៃខ្សែព្រំដែនរួម»។ សេចក្តីប្រកាសព័ត៌មានចេញដោយក្រសួងការបរទេស បានសង្កត់ធ្ងន់បែបនេះ ដោយបន្តថា ប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរ បានឯកភាពប្រគល់ភារកិច្ចជូនគណៈកម្មាធិការចម្រុះព្រំដែនកម្ពុជា និងឡាវ (JBC) ឱ្យបញ្ចប់សេចក្តីព្រាងសន្ធិសញ្ញាកំណត់ព្រំដែនរវាងកម្ពុជា និងឡាវផង។

សេចក្តីប្រកាសព័ត៌មានដដែល បានបន្ថែមថា សេចក្តីព្រាងសន្ធិសញ្ញាកំណត់ព្រំដែនខាងលើ នឹងត្រូវបានចុះហត្ថលេខា ក្នុងអំឡុងទស្សនកិច្ចរបស់សម្តេចហ៊ុន សែនទៅឡាវ នៅឆ្នាំក្រោយ។ ទន្ទឹមនេះ មេដឹកនាំប្រទេសជិតខាងប្រទេសទាំងពីរ ក៏បានពិភាក្សាពីវិបត្តិនៅមីយ៉ាន់ម៉ាផង៕

© រក្សាសិទ្ធិដោយ thmeythmey.com