ជាតិ
អាស៊ាន
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
អគ្គលេខាធិការអង្គការ SCO បង្ហាញក្តីសង្ឃឹមថា កម្ពុជានឹងក្លាយជាអ្នកសង្កេតការណ៍
12, Nov 2022 , 7:33 am        
រូបភាព
សម្តេច ហ៊ុន សែន ជួបជាមួយលោក Zhang Ming អគ្គលេខាធិការនៃអង្គការកិច្ចសហប្រតិបត្តិការសៀងហៃ នៅថ្ងៃទី១១ ខែវិច្ឆិកា។ រូបភាពយកពីផេក Facebook របស់សម្តេច ហ៊ុន សែន
សម្តេច ហ៊ុន សែន ជួបជាមួយលោក Zhang Ming អគ្គលេខាធិការនៃអង្គការកិច្ចសហប្រតិបត្តិការសៀងហៃ នៅថ្ងៃទី១១ ខែវិច្ឆិកា។ រូបភាពយកពីផេក Facebook របស់សម្តេច ហ៊ុន សែន
សម្តេច ហ៊ុន សែន ប្រមុខរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី១១ ខែវិច្ឆិកា បានជួបពិភាក្សាជាមួយអគ្គលេខាធិការនៃអង្គការសហប្រតិបត្តិការក្រុងសៀងហៃ (SCO) លោក Zhang Ming ជុំវិញការដាក់បេក្ខភាពកម្ពុជា ជាអ្នកសង្កេតការណ៍នៃអង្គការ SCO។ ជាការឆ្លើយតប អគ្គលេខាធិការអង្គការ SCO បង្ហាញក្តីសង្ឃឹមថា កម្ពុជានឹងក្លាយជាអ្នកសង្កេតការណ៍ដូចបំណង។
 
អង្គការសហប្រតិបត្តិការក្រុងសៀងហៃ ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ ២០០១ ដោយមានសមាជិកចំនួន ៨ប្រទេស ក្នុងនោះមានដូចជា ចិន រុស្ស៊ី ឥណ្ឌា ប៉ាគីស្ថាន កាហ្សាក់ស្ថាន កៀហ្ស៊ីស៊ីស្ថាន តាហ្ស៊ីគីស្ថាន និងអ៊ូសប៊េគីស្ថាន។ នៅក្នុងឆ្នាំ២០១៥ កម្ពុជាបានក្លាយជាដៃគូសន្ទនា របស់អង្គការសហប្រតិបត្តិការក្រុងសៀងហៃ ជាមួយរដ្ឋផ្សេងទៀតដូចជា ស្រីលង្កា អាមេនី អាស៊ែបៃហ្សង់ នេប៉ាល់ និងតួកគី។ 
 
ក្នុងឱកាសកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ សម្តេច ហ៊ុន សែន ប្រមុខរដ្ឋាភិបាលកម្ពុជា បានជួបពិភាក្សាជាមួយ លោក Zhang Ming អគ្គលេខាធិការនៃអង្គការសហប្រតិបត្តិការសៀងហៃ ជុំវិញការដាក់បេក្ខភាពរបស់កម្ពុជា ជាអ្នកសង្កេតការណ៍របស់អង្គការ SCO។ 
 
នាជំនួបទ្វេភាគីនេះ សម្តេច ហ៊ុន សែន បានលើកឡើងពីការចូលរួមយ៉ាងសកម្មរបស់កម្ពុជា ក្នុងការជំរុញកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និង​ SCO រួមទាំងសកម្មភាពរបស់កម្ពុជានានា នៅក្នុងអង្គការអន្តរជាតិ និងតំបន់ផ្សេងៗ។ 
 
«ឯកឧត្តមអគ្គលេខាធិការ បានកោតសរសើរកម្ពុជា ចំពោះការចូលរួមយ៉ាងសកម្ម លើការលើកកម្ពស់ទំនាក់ទំនងរវាងអាស៊ាន និង SCO​ ...និងបានបង្ហាញក្តីសង្ឃឹមថា កម្ពុជានឹងក្លាយជាអ្នកសង្កេតការណ៍ នៃអង្គការសហប្រតិបត្តិការក្រុងសៀងហៃ»។ សេចក្តីប្រកាសព័ត៌មាន ជុំវិញកិច្ចពិភាក្សាថ្នាក់ដឹកនាំទាំង២ ដែលចេញដោយក្រសួងការបរទេសកម្ពុជា នៅថ្ងៃទី១១ ខែវិច្ឆិកា បានបញ្ជាក់បែបនេះ។ 
 
មិនតែប៉ុណ្ណោះ សម្តេច ហ៊ុន សែន និងប្រមុខអង្គការ SCO​ ក៏បានពិភាក្សា និងបានប្តេជ្ញាចិត្តរួមគ្នា ក្នុងការពង្រឹងបន្ថែមទៀត នូវកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងអង្គការសហប្រតិបត្តិការសៀងហៃ។ 
 
សូមបញ្ជាក់ថា អង្គការសហប្រតិបត្តិការសៀងហៃ គឺផ្តោតលើបញ្ហាសន្តិសុខក្នុងតំបន់ ប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម និងក្រុមសាសនាជ្រុលនិយមជាដើម៕ 
 

Tag:
 អាស៊ាន
  SCO
© រក្សាសិទ្ធិដោយ thmeythmey.com