អន្តរជាតិ
អាស៊ាន
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
អាស៊ាន-អាម៉េរិក នឹងប្រកាសដំឡើងទំនាក់ទំនងទៅជា «ដៃគូសន្ទនាយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ»
12, Nov 2022 , 7:50 am        
រូបភាព
លោក គង់ ភោគ អ្នកនាំពាក្យកិច្ចប្រជុំកំពូលអាស៊ាន។ រូបថតដោយ ឡាយ សុភាវតី
លោក គង់ ភោគ អ្នកនាំពាក្យកិច្ចប្រជុំកំពូលអាស៊ាន។ រូបថតដោយ ឡាយ សុភាវតី
អាស៊ាន និងអាម៉េរិក នឹងប្រកាសដំឡើងទំនាក់ទំនងទៅជាកម្រិតដៃគូសន្ទនាយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ដែលជាកម្រិតខ្ពស់បំផុតមួយនៃទំនាក់ទំនងទ្វេភាគី។ នេះបើតាមការបញ្ជាក់របស់លោក គង់ ភោគ អ្នកនាំពាក្យកិច្ចប្រជុំកំពូលអាស៊ាននៅថ្ងៃទី១២​ ខែវិច្ឆិកា។
 
មេដឹកនាំអាស៊ាន-អាម៉េរិក នឹងចូលរួមកិច្ចប្រជុំកំពូលលើកទី១០ នៅថ្ងៃទី១២ ខែវិច្ឆិកានេះ។ លោក គង់ ភោគ រំពឹងថា ភាគីទាំង២ នឹងប្រកាសដំឡើងទំនាក់ទំនងតាមផែនការ ហើយភាគីទាំងអស់នឹងរីករាយជាមួយនឹងការបង្កើនទំនាក់ទំនងដល់កម្រិតជ្រុងជ្រោយ។ បើតាមលោក គង់ ភោគ អាស៊ាន និងអាម៉េរិក មានសក្ដានុពលក្នុងទំនាក់ទំនងទ្វេភាគីមានវិសាលភាពធំទាំងវិស័យនយោបាយ សេដ្ឋកិច្ច និងសង្គម។
 
អ្នកនាំពាក្យដដែល បន្តថា ការដំឡើងកម្រិតទំនាក់ទំនង នឹងនាំដល់ការស្វែងរកកិច្ចសហការថ្មីៗបន្ថែមទៀតដូចជាគម្រោងជួបគ្នាលើកដំបូងរវាងរដ្ឋមន្រ្តីអាស៊ាន និងអាម៉េរិកលើបញ្ហាបម្រែបម្រួលអាកាសធាតុ និងបរិស្ថាន។
 
«ទាំងអស់នេះ ជាលទ្ធផលនៃការលើកកម្ពស់ទំនាក់ទំនងរបស់យើងទៅជាដៃគូសន្ទនាយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ហើយគឺជាសមិទ្ធផលមួយដែលកើតមានឡើងចំពេលដែលយើងធ្វើជាប្រធានអាស៊ានក្នុងឆ្នាំនេះផងដែរ។» លោក គង់ ភោគ អះអាងបែបនេះ។
 
កាលពីជំនួបពិសេសនៅសេតវិមានក្នុងខែឧសភា មេដឹកនាំអាស៊ាន និងប្រធានាធិបតីអាម៉េរិក ចូ បៃឌិន​ បញ្ជាក់ការប្ដេជ្ញាចិត្តដំឡើងទំនាក់ទំនងជាភាពដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយអាស៊ាន-អាម៉េរិក ដែលនឹងផ្ដល់ប្រយោជន៍ឱ្យគ្នាទៅវិញទៅមកពេលកម្ពុជាដឹកនាំកិច្ចប្រជុំ។ 
 
កន្លងមក អាស៊ានមានកម្រិតទំនាក់ទំនងដៃគូសន្ទនាយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយជាមួយចិនដែលប្រកាសនៅឆ្នាំ២០២១ និងអូស្ត្រាលីក្នុងឆ្នាំ២០០៣ ក្នុងចំណោមដៃគូដ៏ច្រើនរបស់ខ្លួន។ អាម៉េរិកក្លាយជាដៃគូសន្ទនារបស់អាស៊ាននៅឆ្នាំ១៩៧៧។
 
ទាក់ទំនងកិច្ចប្រជុំថ្ងៃទី១២ ខែវិច្ឆិកា ក្រៅពីជួបប្រធានាធិបតីអាម៉េរិក មេដឹកនាំអាស៊ាន នឹងជួបជាមួយនាយករដ្ឋមន្រ្តីជប៉ុន អូស្ត្រាលី និងអនុប្រធានាធិបតីឥណ្ឌា។ មេដឹកនាំអាស៊ាន ក៏មានជំនួបជាមួយមេដឹកនាំជប៉ុន កូរ៉េខាងត្បូង និងចិនផងដែរ៕
 

Tag:
 អាស៊ាន
  អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com