ជាតិ
អាស៊ាន
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
អគ្គលេខាធិការUN រំពឹងថា ឥណ្ឌូណេស៊ី អាចដោះស្រាយបញ្ហាមីយ៉ាន់ម៉ា ក្រោមគំនិតផ្ដួចផ្ដើមថ្មី
12, Nov 2022 , 3:51 pm        
រូបភាព
អគ្គលេខាធិការអង្គការសហប្រជាជាតិ (UNក អា) លោន់តូនីញូ ហ្គូតេរ៉េស ធ្វើសន្និសីទកាសែត ក្រោយបញ្ចប់កិច្ចប្រជុំកំពូលអាស៊ាន-UN នាព្រឹកថ្ងៃទី១២ វិច្ឆិកា ២០២២ នៅសណ្ឋាគារសុខា រាជធានីភ្នំពេញ។
អគ្គលេខាធិការអង្គការសហប្រជាជាតិ (UNក អា) លោន់តូនីញូ ហ្គូតេរ៉េស ធ្វើសន្និសីទកាសែត ក្រោយបញ្ចប់កិច្ចប្រជុំកំពូលអាស៊ាន-UN នាព្រឹកថ្ងៃទី១២ វិច្ឆិកា ២០២២ នៅសណ្ឋាគារសុខា រាជធានីភ្នំពេញ។
ដោយ៖ តេង យ៉ាលីរូហ្ស៊ី

អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អាន់តូនីញូ ហ្គូតេរ៉េស រំពឹងថា ឥណ្ឌូណេស៊ី ដែលនឹងក្លាយជាប្រធានអាស៊ាន ឆ្នាំ២០២៣ អាចដោះស្រាយបញ្ហាមីយ៉ាន់ម៉ា ក្រោមគំនិតផ្ដួចផ្ដើមថ្មី លើសពីអ្វីដែលមានបច្ចុប្បន្ន។


សម្រាប់លោក ហ្គូតេរ៉េស កិច្ចព្រមព្រៀងឯកច្ឆ័ន្ទ៥ចំណុច សម្រាប់ដាក់ឱ្យមីយ៉ាន់ម៉ាអនុវត្តនេះ គឺសុទ្ធតែសំខាន់ ដែលលោកគាំទ្រឱ្យបន្តអនុវត្តបែបនេះទៅមុខថែមទៀត។ «ហើយខ្ញុំជឿជាក់ថា នៅពេលឥណ្ឌូណេស៊ី ជាប្រធានអាស៊ានឆ្នាំក្រោយនោះ អាចដោះស្រាយបញ្ហាមីយ៉ាន់ម៉ា ក្រោមគំនិតផ្ដើមផ្ដើមថ្មី តាមអ្វីដែលខ្ញុំបានលើកឡើង(ក្នុងជំនួបកំពូលអាស៊ាន) ដើម្បីរកដំណោះស្រាយបញ្ចប់ដោយជោគជ័យ»។ នេះជាការលើកឡើងរបស់អគ្គលេខាធិការ UN។
 
ថ្លែងក្នុងសន្និសីទកាសែត ស្របពេលមេដឹកនាំអាស៊ាន កំពុងបើកកិច្ចប្រជុំជាមួយដៃគូនានា នៅព្រឹកថ្ងៃទី១២ វិច្ឆិកា នោះ លោក ហ្គូតេរ៉េស ក៏បានសង្កត់ធ្ងន់ថា សិទ្ធិមនុស្សនៅមីយ៉ាន់ម៉ា មានការរំលោភធ្ងន់ធ្ងរ ខណៈលំហស៊ីវិលកាន់តែរួមតូច និងបង្កជាសោកនាកម្មជាច្រើន ក្រោយពេលរបបសឹកយោធាកាន់កាប់ប្រទេស។
 
«ការរំលោភសិទ្ធិមនុស្សជាប្រព័ន្ធ គឺមិនអាចទទួលយកបានទេ និងបង្កឱ្យមានការឈឺចាប់យ៉ាងសម្បើម ដល់ប្រជាជនមីយ៉ាន់ម៉ា»។ លោកបានថ្លែងបែបនេះ ដោយបន្ថែមថា ប្រជាធិបតេយ្យនៅមីយ៉ានម៉ា កំពុងដើរថយក្រោយ ហើយត្រូវការដោះស្រាយជាបន្ទាន់។
 
លោក ហ្គូតេរ៉េស បានថ្កោលទោសចំពោះស្ថានការណ៍សិទ្ធិមនុស្ស ក្នុងប្រទេសមីយ៉ាន់ម៉ា និងបានអំពាវនាវម្តងហើយម្តងទៀត ឱ្យអាជ្ញាធររបស់ប្រទេសនេះ ដោះលែងអ្នកទោសនយោបាយទាំងអស់ ។ ជាពិសេសចាប់ផ្តើមដំណើរការរួមមួយ ដើម្បីត្រឡប់ទៅការផ្លាស់ប្តូរវិលមកលទ្ធិប្រជាធិបតេយ្យ។
 
ជាមួយគ្នានេះ អាស៊ាន ក៏បានថ្កោលទោសរាល់អំពើទាំងឡាយណា ជាអំពើហិង្សានៅមីយ៉ាន់ម៉ា។ ត្រង់ចំណុចនេះ លោក គង់ ភោគ អ្នកនាំពាក្យកិច្ចប្រជុំកំពូលអាស៊ាន បានសង្កត់ធ្ងន់ថា គ្រប់ភាគីទាំងអស់ ដែលមានកម្លាំងប្រដាប់អាវុធ និងបង្កអំពើហិង្សា ដែលនាំទៅដល់ការបាត់បង់ជីវិតប្រជាជនស្លូតត្រង់ គឺត្រូវទទួលខុសត្រូវ និងរងការថ្កោលទោសស្មើៗគ្នា។
 
តែយ៉ាងណា មីយ៉ាន់ម៉ា នៅតែជាផ្នែកមួយរបស់អាស៊ាន  ហើយអាស៊ាននៅបន្តអនុវត្តលើកិច្ចព្រមព្រៀងឯកច្ឆ័ន្ទ៥ចំណុច លើមីយ៉ាន់ម៉ា។
 
កិច្ចព្រមព្រៀងឯកច្ឆ័នទាំង៥ចំណុច របស់អាស៊ានលើវិបត្តិនយោបាយមីយ៉ាន់ម៉ា រួមមាន៖ ទី១៖ អំពើហិង្សាទាំងអស់នៅមីយ៉ាន់ម៉ា  ត្រូវបញ្ឈប់ជាបន្ទាន់ ហើយគ្រប់ភាគីទាំងអស់ ត្រូវរក្សាការអត់ធ្មត់បំផុត។ ទី២ ភាគីជម្លោះនៅមីយ៉ាន់ម៉ា គួរស្វែងរកដំណោះស្រាយដោយសន្តិវិធី តាមរយៈកិច្ចពិភាក្សាប្រកបដោយការស្ថាបនា ដើម្បីជាប្រយោជន៍ដល់ប្រជាជន។ ទី៣៖ បេសកជនពិសេសរបស់ប្រធានអាស៊ាន ត្រូវសម្របសម្រួលកិច្ចសន្ទនា ដោយមានជំនួយពីអគ្គលេខាធិការអាស៊ាន។ ទី៤៖ អាស៊ានផ្តល់ជំនួយមនុស្សធម៌ដល់មីយ៉ាន់ម៉ា តាមរយៈមជ្ឈមណ្ឌលផ្ដល់ជំនួយមនុស្សធម៌អាស៊ាន AHA។ ទី៥៖ បេសកជនពិសេស និងគណៈប្រតិភូ ត្រូវធ្វើដំណើរទៅប្រទេសមីយ៉ាន់ម៉ា ដើម្បីជួបសន្ទនាជាមួយភាគីពាក់ព័ន្ធទាំងអស់៕
 
 
 

Tag:
 អាស៊ាន
  UN
© រក្សាសិទ្ធិដោយ thmeythmey.com