ជាតិ
អាស៊ាន
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ប្រធានអាស៊ានថា ការគាំទ្រពីអាម៉េរិកគឺសំខាន់ ខណៈលោក បៃឌិន ថា អាស៊ានជាបេះដូង
12, Nov 2022 , 6:01 pm        
រូបភាព
(រាប់ពីឆ្វេង ទី៣) លោក ចូ បៃឌិន ប្រធានាធិបតីអាម៉េរិក និងមេដឹកនាំអាស៊ាន ក្នុងកិច្ចប្រជុំកំពូលអាស៊ាន-អាម៉េរិក នៅថ្ងៃទី១២ វិច្ឆិកា ២០២២ នៅសណ្ឋាគារសុខា រាជធានីភ្នំពេញ។
(រាប់ពីឆ្វេង ទី៣) លោក ចូ បៃឌិន ប្រធានាធិបតីអាម៉េរិក និងមេដឹកនាំអាស៊ាន ក្នុងកិច្ចប្រជុំកំពូលអាស៊ាន-អាម៉េរិក នៅថ្ងៃទី១២ វិច្ឆិកា ២០២២ នៅសណ្ឋាគារសុខា រាជធានីភ្នំពេញ។
មេដឹកនាំអាស៊ាន ជួបជាមួយប្រធានាធិបតីអាម៉េរិក ចូ បៃឌិន នៅថ្ងៃទី១២ ខែវិច្ឆិកានាជំនួបកំពូលអាស៊ាន-អាម៉េរិកលើកទី១០ ស្របពេលដែលទំនាក់ទំនងរវាងភាគីទាំង២ ឈានដល់ឆ្នាំទី៤៥។ ថ្លែងក្នុងកិច្ចប្រជុំ សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងថា ការគាំទ្ររបស់អាម៉េរិកពិតជាសំខាន់សម្រាប់អាស៊ាន ខណៈលោក បៃឌិន ថា អាស៊ានជាបេះដូង។

 
«ជំនួបប្រវត្តិសាស្រ្តនេះ ឆ្លុះបញ្ចាំងពីការគាំទ្ររបស់រដ្ឋបាលលោក បៃឌិន លើមជ្ឈភាពអាស៊ាន។» ប្រមុខរដ្ឋាភិបាលកម្ពុជា សម្ដេច ហ៊ុន សែន ថ្លែងបែបនេះនាកិច្ចប្រជុំកំពូលអាស៊ាន-អាម៉េរិកលើកទី១០ នៅថ្ងៃទី១២ ខែវិច្ឆិកា ស្របគ្នានឹងកិច្ចប្រជុំអាស៊ានដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ 
 
ជាប្រធានកិច្ចប្រជុំផង មេដឹកនាំកម្ពុជា ក៏បង្ហាញការរីករាយចំពោះជំនួបដោយផ្ទាល់នេះជាថ្មីម្ដងទៀត បន្ទាប់ពីជំនួបពិសេសនេះនៅសេតវិមានកាលពីខែឧសភា។ បើតាមសម្ដេច ហ៊ុន សែន ការគាំទ្ររបស់អាម៉េរិកចំពោះអាស៊ាន មានសារសំខាន់ណាស់ ជាពិសេសក្នុងស្ថានភាពក្រោយវិបត្តិជំងឺកូវីដ-១៩។ 
 
ប្រមុខរដ្ឋាភិបាលកម្ពុជា រំពឹងថា កិច្ចប្រជុំពេលនេះ នឹងមានការផ្លាស់ប្ដូរទស្សនៈនានា ដើម្បីសម្រេចឱ្យបានលទ្ធផលជាក់ស្ដែង សម្រាប់រយៈពេលទៅមុខទៀត។ 
 
ឯលោកប្រធានាធិបតី ចូ បៃឌិន វិញ ក៏បង្ហាញការរីករាយចំពោះការជួបគ្នាដោយផ្ទាល់នេះដែរ។ នេះជាលើកទី៣ ដែលលោក បៃឌិន ចូលរួមជំនួបជាមួយមេដឹកនាំអាស៊ាន។ ក្នុងសុន្ទរកថារបស់ខ្លួន ប្រធានាធិបតីអាម៉េរិក លើកឡើងពីតួនាទីរបស់អាស៊ានក្នុងគោលនយោបាយការបរទេសរបស់ទីក្រុងវ៉ាស៊ីនតោន។ 
 
«អាស៊ាន ជាបេះដូងនៃយុទ្ធសាស្រ្តឥណ្ឌូប៉ាស៊ីហ្វិករបស់អាម៉េរិក។» លោក បៃឌិន បញ្ជាក់បែបនេះទៅកាន់បណ្ដាមេដឹកនាំអាស៊ានទាំង៩។ កៅអីមីយ៉ាន់ម៉ា ត្រូវទុកទំនេរដោយគ្មានតំណាងចូលរួម។ មេដឹកនាំអាម៉េរិករូបនេះ រំពឹងធ្វើការជាមួយអាស៊ាន ដើម្បីដោះស្រាយបញ្ហាប្រឈមនានា ដូចជាជម្លោះសមុទ្រចិនខាងត្បូង និងវិបត្តិនៅមីយ៉ាន់ម៉ាជាដើម។
 
ក្នុងកិច្ចប្រជុំ លោក បៃឌិន ក៏បញ្ជាក់ពីការដំឡើងកម្រិតទំនាក់ទំនងទ្វេភាគីទៅជាភាពជាដៃគូសន្ទនាយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយដែរ៕
 

Tag:
 អាស៊ាន
  អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com