អន្តរជាតិ
អាស៊ាន
សម្ដេច ហ៊ុន សែន ប្រគល់ញញួរប្រធានអាស៊ានឱ្យប្រធានាធិបតីឥណ្ឌូណេស៊ី
13, Nov 2022 , 2:11 pm        
រូបភាព
សម្ដេច ហ៊ុន សែន នៅថ្ងៃទី១៣ ខែវិច្ឆិកា ប្រគល់ញញួរប្រធានអាស៊ានឱ្យលោក ចូកូ វីដូដូ សម្រាប់ឆ្នាំ២០២៣។ ឥណ្ឌូណេស៊ី នឹងកាន់កាប់តំណែងប្រធានចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៣។
 
កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤១ និងកិច្ចប្រជុំពាក់ព័ន្ធដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ បានបិទបញ្ចប់ហើយនៅថ្ងៃទី១៣ ខែវិច្ឆិកា។ នាយករដ្ឋមន្រ្តីកម្ពុជា សម្ដេច ហ៊ុន សែន ដែលដឹកនាំអាស៊ានចាប់ពីថ្ងៃទី១ ខែមករា បានផ្ទេរតំណែងប្រធានទៅលោក ចូកូ វីដូដូ ។
 
ក្នុងពិធីបិទ សម្ដេច ហ៊ុន សែន ក៏បានប្រគល់ញញួរប្រធានអាស៊ានឱ្យលោក វីដូដូ ។ នាយករដ្ឋមន្រ្តីកាណាដា ចាស្ទីន ទ្រូដូ ក៏មានវត្តមានក្នុងពិធីបិទដែរ។
 
ក្នុងអាណត្តិជាប្រធានរបស់កម្ពុជា អាស៊ានសម្រេចសមិទ្ធផលគួរឱ្យកត់សម្គាល់ជាច្រើន។ ប្រទេសដល់ទៅ៧ ចូលជាសមាជិកសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ (TAC) ដែលមានទាំងអ៊ុយក្រែនផងដែរ។ លើសពីនោះ អាស៊ាន ក៏សម្រេចដំឡើងកម្រិតទំនាក់ទំនងភាពជាដៃគូសន្ទនាយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយជាមួយឥណ្ឌា និងអាម៉េរិក។ ទីម័រវិញ ក៏ទទួលជាគោលការណ៍ឋានៈសមាជិកទី១១ ហើយត្រូវបានផ្ដល់កៅអីអ្នកសង្កេតការណ៍ដែលអាចចូលប្រជុំរបស់អាស៊ាន។
 
ជុំវិញបញ្ហាមីយ៉ាន់ម៉ា អាស៊ាននៅតែប្រកាន់ខ្ជាប់កិច្ចព្រមព្រៀង៥ចំណុចដដែល តែក៏ព្រមានពីការរឹតត្បិតវត្តមានមីយ៉ាន់ម៉ាបន្ថែមទៀតផងដែរ។
 
ថ្លែងក្នុងពិធីបិទ សម្ដេច ហ៊ុន សែន និយាយថា មួយឆ្នាំអាណត្តិជាប្រធាន ពោរពេញដោយអនុស្សាវរីយ៍ជាច្រើន ហើយអាស៊ានធ្វើដំណើរទៅមុខជាមួយការជម្នះបញ្ហាប្រឈមនានា។ សម្ដេចថ្លែងថា៖ យើងមានបញ្ជីនៃសមិទ្ធផលជាច្រើនដែលមានមោទកភាព។»
 
ជាមួយគ្នានេះ ប្រមុខរដ្ឋាភិបាលកម្ពុជា ក៏បង្ហាញការជឿជាក់ថា ឥណ្ឌូណេស៊ីដែលជាប្រធានផ្លាស់វេននៅឆ្នាំ២០២៣ បន្តនាំផ្លូវអាស៊ានទៅមុខទៀតជាមួយនឹងវិបុលភាព និងភាពធន់ក្នុងតំបន់។ សម្ដេចក៏ជូនពរលោក វីដូដូ ក្នុងការដឹកនាំអាស៊ាននៅឆ្នាំក្រោយ។ ជាមួយគ្នានេះ សម្ដេចក៏អញ្ជើញមេដឹកនាំទាំងអស់ចូលរួមពិធីបើកព្រឹត្តិការណ៍កីឡាស៊ីហ្គេមឆ្នាំ២០២៣ ដែរ។
 
នាពិធីដដែល មេដឹកនាំកម្ពុជា ក៏បំពាក់មេដាយសហមេត្រីថ្នាក់មហាសេនាដល់លោក Lim Jock Hoi ដែលត្រូវបញ្ចប់អាណត្តិជាអគ្គលេខាធិការអាស៊ានចំពោះស្នាដៃរបស់លោក។
 
ថ្លែងក្រោយទទួលញញួរប្រធាន លោក វីដូដូ លើកឡើងថា អាស៊ានក្លាយជាតំបន់ដែលមានសន្តិភាព ហើយមិនក្លាយជាកូនអុករបស់មហាអំណាចណាឡើយ។ លោក វីដូដូ ក៏ថ្លែងពីការពង្រឹងសមត្ថភាពរបស់អាស៊ានក្នុងការដោះស្រាយបញ្ហានានាដោយមានប្រសិទ្ធភាពតាមរយៈមាគ៌ាអាស៊ាន។
 
ប្រធានាធិបតីឥណ្ឌូណេស៊ី ក៏រំពឹងរង់ចាំទទួលបណ្ដាមេដឹកនាំអាស៊ាននៅឥណ្ឌូណេស៊ីនៅឆ្នាំ២០២៣៕

© រក្សាសិទ្ធិដោយ thmeythmey.com