ជាតិ
អាស៊ាន
សម្ដេច ហ៊ុន សែន ប្រាប់សហភាពអឺរ៉ុបថា ជំហរកម្ពុជាគឺប្រឆាំងការគំរាមកំហែងការប្រើអា វុធនុយក្លេអ៊ែរ
13, Nov 2022 , 3:59 pm        
រូបភាព
ជំនួបទ្វេភាគីរវាងសម្ដេច ហ៊ុន សែន ជាមួយលោក Charles Michel ប្រធានក្រុមប្រឹក្សាសហភាពអឺរ៉ុប នៅថ្ងៃទី១២ វិច្ឆិកា។ រូបភាពពី SPM
ជំនួបទ្វេភាគីរវាងសម្ដេច ហ៊ុន សែន ជាមួយលោក Charles Michel ប្រធានក្រុមប្រឹក្សាសហភាពអឺរ៉ុប នៅថ្ងៃទី១២ វិច្ឆិកា។ រូបភាពពី SPM
ភ្នំពេញ៖ ក្នុងជំនួបទ្វេភាគីជាមួយលោក Charles Michel ប្រធានក្រុមប្រឹក្សាសហភាពអឺរ៉ុប នៅថ្ងៃទី១២ វិច្ឆិកា សម្ដេច ហ៊ុន សែន បានសង្កត់ធ្ងន់អំពីជំហររបស់កម្ពុជា ប្រឆាំងនឹងការគំរាមកំហែង ការប្រើប្រាស់អាវុធនុយក្លេអ៊ែរ។ ជាមួយគ្នានេះ សម្ដេច ហ៊ុន សែន ក៏រំលេចពីការត្រៀមខ្លួនរបស់កម្ពុជា ក្នុងការបញ្ជូនអ្នកដោះមីន ទៅជួយបណ្តុះបណ្តាលអ្នកដោះមីនរបស់អ៊ុយក្រែន នៅប្រទេសប៉ូឡូញ ក្រោមកិច្ចសហការជាមួយរដ្ឋាភិបាលជប៉ុនផងដែរ។
 
សម្តេច ហ៊ុន សែន លើកឡើងថា វត្តមានរបស់ប្រធានក្រុមប្រឹក្សាសហភាពអឺរ៉ុប ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធលើកទី៤០ និង៤១ នៅថ្ងៃទី១២ វិច្ឆិកា នារាជធានីភ្នំពេញ បានឆ្លុះបញ្ចាំងពីភាពរឹងមាំ នៃទំនាក់ទំនង អាស៊ាន-សហភាពអឺរ៉ុប។ ក្នុងជំនួបខាងលើ មេដឹកនាំកម្ពុជា និងប្រធានក្រុមប្រឹក្សាសហភាពអឺរ៉ុប បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការអាស៊ាន-សហភាពអឺរ៉ុប ជាពិសេសកិច្ចប្រជុំកំពូលរំឭកខួបអនុស្សាវរីយ៍អាស៊ាន-សហភាពអឺរ៉ុបលើកទី៤៥ ដែលនឹងធ្វើនៅទីក្រុងព្រុចសែល នៅខែធ្នូ។ ក្នុងកិច្ចប្រជុំខាងមុខនេះ សម្ដេច ហ៊ុន សែន និងប្រធានក្រុមប្រឹក្សាអឺរ៉ុប នឹងធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំ។
 
ក្រៅពីពិភាក្សាពីកិច្ចសហប្រតិបត្តិការផ្សេងៗ សម្ដេច ហ៊ុន សែន និងប្រធានក្រុមប្រឹក្សាអឺរ៉ុប ក៏បានផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់ និងអន្តរជាតិមួយចំនួនផងដែរ។ បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្នុងជំនួបនោះ សម្តេចបានសង្កត់ធ្ងន់អំពីជំហររបស់កម្ពុជាប្រឆាំងនឹងការគំរាមកំហែងការប្រើប្រាស់អាវុធនុយក្លេអ៊ែរ។ 
 
ទន្ទឹមនឹងនេះ សម្ដេច ហ៊ុន សែន ក៏រំលេចពីសកម្មភាពមនុស្សធម៌របស់កម្ពុជា តាមរយៈការចែករំលែកបទពិសោធន៍នៃការបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ក្រោមកម្មវិធីរបស់អង្គការសហប្រជាជាតិ នៅក្នុងប្រទេសមួយចំនួនជុំវិញពិភពលោក។ លើសពីនេះ កម្ពុជាត្រៀមខ្លួនរួចជាស្រេច ក្នុងការបញ្ជូនអ្នកដោះមីនទៅជួយបណ្តុះបណ្តាលអ្នកដោះមីនរបស់អ៊ុយក្រែននៅប្រទេសប៉ូឡូញ ក្រោមកិច្ចសហការជាមួយរដ្ឋាភិបាលជប៉ុន។
 
ដោយឡែក សម្រាប់ប្រធានក្រុមប្រឹក្សាសហភាពអឺរ៉ុបវិញ បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការជំរុញការអនុវត្ត 5PCs ស្តីពីបញ្ហាមីយ៉ាន់ម៉ា និងគំនិតផ្តួចផ្តើមរបស់កម្ពុជា និងជប៉ុន ដើម្បីជួយដោះមីននៅអ៊ុយក្រែន។ 
 
ក្នុងជំនួបខាងលើ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ក៏បានអរគុណសហភាពអឺរ៉ុប ចំពោះការបន្តកិច្ចសហប្រតិបត្តិការ និងការផ្តល់ជំនួយដល់កម្ពុជា ចាប់តាំងពីឆ្នាំ១៩៩២។ ជំនួយរបស់សហភាពអឺរ៉ុប បានរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ហេដ្ឋារចនាសម្ព័ន្ធ អប់រំ និងសុខាភិបាល ជាពិសេសការផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ តាមរយៈយន្តការ COVAX៕

Tag:
 អាស៊ាន
  អឺរ៉ុប
© រក្សាសិទ្ធិដោយ thmeythmey.com