ជាតិ
ស្ត្រីទី១កូរ៉េខាងត្បូងទៅសួរសុខទុក្ខ និងផ្តល់កម្លាំងចិត្តកុមារខ្មែរម្នាក់ដល់ផ្ទះ
13, Nov 2022 , 4:29 pm        
រូបភាព
ដោយ: ធីតា
ស្ត្រីទី១កូរ៉េខាងត្បូង លោកស្រី Kim Keon-hee កាលពីថ្ងៃសៅរ៍ បានទៅសួរសុខទុក្ខកុមារខ្មែរម្នាក់ដែលមានជំងឺបេះដូង ដល់ផ្ទះ។ កាយវិការបែបនេះ គឺលោកស្រីចង់ផ្តល់កម្លាំងចិត្តចំពោះក្រុមគ្រួសារអ្នកជំងឺ កុំបោះបង់ការព្យាយាមទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ។
 
ទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូង Yonhap ដែលដកស្រង់ប្រភពពីការិយាល័យប្រធានាធិបតី បានបញ្ជាក់ថា កុមារអាយុ១៤ឆ្នាំរូបនោះ មានជំងឺបេះដូងពីកំណើត។ តាមការគ្រោងទុក គេត្រូវជួបលោកស្រី Kim Keon-hee នៅមន្ទីរពេទ្យ Hebron Medical Center ក្នុងរាជធានីភ្នំពេញ ដែលកសាងដោយវេជ្ជបណ្ឌិតកូរ៉េខាងត្បូង Kim Woo-jung កាលពីឆ្នាំ២០០៧។
 
ដោយសារកុមាររូបនោះ មិនសូវស្រួលខ្លួន ទើបលោកស្រី Kim បានសម្រេចចិត្តទៅផ្ទះរបស់គេដោយផ្ទាល់។ 
 
«សូមឆាប់ជាសះស្បើយ ហើយចាំជួបគ្នានៅកូរ៉េខាងត្បូង»។ លោកស្រីបាននិយាយបែបនេះទៅកាន់កុមារដែលជាអ្នកជំងឺ ដោយទៅថែមទាំងនិយាយទៅកាន់ក្រុមគ្រួសារកុមារថា៖ «ក្តីសង្ឃឹមនៅតែមាន សូមកុំបោះបង់ក្នុងកាលៈទេសៈណាក៏ដោយ ហើយបន្តទៅមុខ»។


 
តាមការផ្សាយរបស់ការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង ឪពុករបស់កុមារនោះ បានស្លាប់មុនពេលគេកើត ហើយម្តាយ និងបងប្រុសសុទ្ធតែមានសុខភាពមិនល្អទេ។ កុមារកម្សត់ស្ថិតក្រោមការមើលថែទាំពីបងស្រីសាច់ថ្លែម្នាក់ ដែលមានរបរជាអ្នកអនាម័យ។
 
លោកស្រី Kim បានមកដល់រាជធានីភ្នំពេញ កាលពីថ្ងៃសុក្រ ដោយអមដំណើរជាមួយលោកប្រធានាធិបតី Yoon Suk-yeol ដែលជាស្វាមី សម្រាប់កិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ។
 
ទាក់ទងនឹងមន្ទីរពេទ្យ Hebron Medical Center អ្នកនាំពាក្យរងការិយាល័យប្រធានាធិបតីលោក Lee Jae-myoung បានបញ្ជាក់ថា លោកប្រធានាធិបតី Yoon Suk-yeol ចាប់អារម្មណ៍យ៉ាងខ្លាំងដោយសារតែជាគំនិតផ្តួចផ្តើមរបស់វេជ្ជបណ្ឌិតកូរ៉េខាងត្បូង។
 
ដោយឡែកលោកស្រី Kim បានអះអាងថា គាត់នឹងជួយផ្សព្វផ្សាយពីមន្ទីរពេទ្យមួយនេះ។ បើតាម Yonhap លោកស្រីបានលើកឡើងថា៖ «ពេលនេះ ខ្ញុំមកដល់ទីនេះ ខ្ញុំមើលឃើញថា មិនមែនជាមន្ទីរពេទ្យធម្មតាឡើយ ប៉ុន្តែជាកន្លែងនៃក្តីសង្ឃឹម និងជាកន្លែងនៃសុបិន។ នៅពេលខ្ញុំត្រឡប់ទៅវិញ ខ្ញុំនឹងនិយាយអំពី Hebron»។


 
ក្នុងដំណើរទស្សនកិច្ចនៅដដែល ស្ត្រីទីមួយកូរ៉េខាងត្បូងក៏បានទៅកាន់មន្ទីរពេទ្យអង្គឌួង ផងដែរ។ លោកស្រីបានបញ្ជាក់ពីទំនាក់ទំនងដ៏ស៊ីជម្រៅរវាងកម្ពុជា និងកូរ៉េខាងត្បូង តាមរយៈសហប្រតិបត្តិការពង្រឹងវិស័យសុខាភិបាល។
 
លោកស្រី Kim Keon-hee ក៏បានទៅកាន់ហាង Smateria ផងដែរ។ Smateria ជាហាងលក់វត្ថុ និងសម្ភារអនុស្សាវរីយ៍ ដែលបានផ្តល់ឱកាសការងារដល់ស្ត្រីខ្មែរជាច្រើននាក់។ នៅទីនោះ លោកស្រីបានទិញវត្ថុអនុស្សារីយ៍ផ្ញើជូនដល់គ្រួសារយោធាកូរ៉េខាងត្បូងមួយគូ ដែលទើបកើតបានកូនភ្លោះ៥នាក់។
 
លោកស្រីបានសរសេរលិខិតដោយផ្ទាល់ដៃទៅគូស្វាមីភរិយា។ វត្ថុអនុស្សារីយ៍ជាប្រដាប់លេងកុមារធ្វើពីឈើ ដោយលោកស្រីជូនពរឲ្យកូនភ្លោះទាំង៥ធំធាត់ជាមួយសុខភាពល្អ និងកក់ក្តៅដូចជាឈើដ៏រឹងមាំ។ នេះជាលើកដំបូងក្នុងរយៈពេល៣៤ឆ្នាំ ដែលគ្រួសារនៅកូរ៉េខាងត្បូង កើតបានកូនភ្លោះ៥៕




 

Tag:
 កូរ៉េខាងត្បូង
  Kim Keon-hee
© រក្សាសិទ្ធិដោយ thmeythmey.com