ជាតិ
អាស៊ាន
សម្ដេច ហ៊ុន សែន ប្រកាសថា​មិន​ធ្វើជា​ប្រធាន​អាស៊ាន​​លើក​ទី​៤​ឡើយ
13, Nov 2022 , 6:45 pm        
រូបភាព
សម្ដេច ហ៊ុន សែន ធ្វើសន្និសីទសារព័ត៌មាននៅវិមានសន្តិភាព នាល្ងាចថ្ងៃទី១៣ វិច្ឆិកានេះ។ រូបភាព៖ ឈន សុផាត
សម្ដេច ហ៊ុន សែន ធ្វើសន្និសីទសារព័ត៌មាននៅវិមានសន្តិភាព នាល្ងាចថ្ងៃទី១៣ វិច្ឆិកានេះ។ រូបភាព៖ ឈន សុផាត
​ភ្នំពេញ​៖ សម្ដេច ហ៊ុន សែន អះអាងថា នឹងមិន​ធ្វើជា​ប្រធាន​អាស៊ាន​ជា​លើក​ទី​៤​ឡើយ ក្រោយ​សម្ដេច​ធ្វើជា​ប្រធាន​អាស៊ាន​លើក​ទី​៣ នៅ​ឆ្នាំ​២០២២​នេះ​។ សម្ដេច ថ្លែង​បែបនេះ​នៅក្នុង​សន្និសីទ​សារព័ត៌មាន​នា​ល្ងាច​ថ្ងៃទី​១៣ វិច្ឆិកា នា​វិមាន​សន្តិភាព​។​


«​ខ្ញុំ​អាច​នឹង​ប្រកាសថា ខ្ញុំ​មិន​ឈាន​ឆ្ពោះទៅរក​ការធ្វើជា​ប្រធាន​អាស៊ាន​លើក​ទី​៤​ទេ​។ ព្រោះ​វា​ល្មម​ដល់​អាស៊ាន​លើក​ទី​៤ ខ្ញុំ​ត្រូវ​អាយុ​៨០​ឆ្នាំ​ហើយ ដូច្នេះ វា​ល្មម​គ្រប់គ្រាន់​ហើយ​»​។ សម្ដេច ហ៊ុន សែន បន្តថា ការធ្វើជា​ប្រធាន​អាស៊ាន​មិនមែនជា​រឿង​ងាយស្រួល​ដោយ ប្រសិនបើ​មិនមាន​រដ្ឋមន្ត្រីការបរទេស​វ័យឆ្លាត ជំនួយការ​វ័យឆ្លាត អត់ធ្មត់ នោះ​ប្រហែលជា​ប្រធាន​អាស៊ាន​ដួល​កណ្ដាលផ្លូវ​។ 
 
​ជុំវិញ​អំណោយ​នាឡិកាដៃ​អាស៊ាន​ចំនួន​២៥​គ្រឿង ដែល​សម្តេច ហ៊ុន សែន រៀបចំឡើង​សម្រាប់​ថ្នាក់ដឹកនាំ​កំពូល​អាស៊ាន​ទាំង​១០​ប្រទេស និង​ថ្នាក់ដឹកនាំ​កំពូល​ពិភពលោក ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៤០ និង​៤១  គឺជា​ការបង្ហាញ​ពិភពលោក​ឱ្យឃើញថា កូន​ខ្មែរ​អាចធ្វើ​បាន​។ បើតាម​ប្រសាសន៍ សម្តេច កម្ពុជា បាន​ចែកជូន​នាឡិកាដៃ​អាស៊ាន​នោះ ដល់​ថ្នាក់ដឹកនាំ​ទៅតាម​បណ្តា​ប្រទេស​រួចហើយ ដោយមាន​ថ្នាក់ដឹកនាំ​ខ្លះ​បាន​ពាក់​ហើយ និង​ថ្នាក់ដឹកនាំ​ខ្លះ​ក៏​មិនទាន់បាន​ពាក់​។​


 
​​ក្រៅពីនេះ ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា ក៏បាន​សរសើរ​ពី​សមត្ថភាព​រដ្ឋមន្ត្រីការបរទេស​លោក ប្រាក់ សុខុន និង​ឧ​ត្ត​ម​មន្ត្រី រួមទាំង​មន្ត្រី​ពាក់ព័ន្ធ​របស់​កម្ពុជា ដែល​ធ្វើឱ្យ​កិច្ចប្រជុំ​អាស៊ាន​នៅ​កម្ពុជា​ប្រព្រឹត្ត​ទៅដោយ​ជោគជ័យ​។ ទន្ទឹមនឹងនោះ​សម្ដេច ហ៊ុន សែន ក៏​អរគុណ​ដល់​ពលរដ្ឋរ​ស់​នៅ​រាជធានី​ភ្នំពេញ ដែល​ចូលរួម​ថែរក្សា​សន្តិសុខ ក្នុងអំឡុងពេល​រៀបចំ​កិច្ចប្រជុំ​អាស៊ាន​។​
 
​សូមបញ្ជាក់ថា កិច្ចប្រជុំ​កំពូល​អាស៊ាន និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ ដែល​កម្ពុជា​ធ្វើជា​ប្រធាន​អាស៊ាន បាន​បិទ​បញ្ចប់​ដោយ​ជោគជ័យ​។ កិច្ចប្រជុំ​អាស៊ាន​នៅ​ឆ្នាំ​២០២៣ ប្រទេស​ឥណ្ឌូណេស៊ី នឹង​ធ្វើជា​ម្ចាស់ផ្ទះ បន្ទាប់ពី​សម្ដេច ហ៊ុន សែន ប្រគល់​ញញួរ​ប្រធាន​អាស៊ាន​ឱ្យ​លោក ចូ​កូ វី​ដូ​ដូ​៕

© រក្សាសិទ្ធិដោយ thmeythmey.com