ជាតិ
បទយកការណ៍ / បទសម្ភាសន៍
បទសម្ភាសន៍
អក្សរសិល្ប៍​រឿង​«ផ្កា​ស្រពោន» នឹង​មាន​ភាព​រស់​រវើក​ឡើងវិញ តាម​រយៈ​ទស្សនីយភាពល្ខោននិយាយ
14, Nov 2022 , 1:59 pm        
រូបភាព
ការសម្ដែង​ល្ខោននិយាយរឿង​ផ្កាស្រពោន។ រូបភាពពី​លោក ណេន ភារឹទ្ធ
ការសម្ដែង​ល្ខោននិយាយរឿង​ផ្កាស្រពោន។ រូបភាពពី​លោក ណេន ភារឹទ្ធ
ភ្នំពេញ៖​ នៅ​ថ្ងៃទី​១៥-១៦​ ខែ​វិច្ឆិកា​នេះ នាយកដ្ឋាន​សិល្បៈទស្សនីយភាព នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ នឹង​រៀប​ចំ​ការ​សម្ដែង​ផ្ទាំង​ទស្សនីយភាព​ល្ខោននិយាយ​រឿង «ផ្កា​ស្រពោន» នៅ​សាលសន្និសទី​ចតុម្មុខ។ លោក ណេន ភារឹទ្ធ តួអង្គឈ្មោះ​ប៊ុន​ធឿន ដែល​ជា​តួអង្គ​ឯក​ក្នុង​ល្ខោន​និយាយ​រឿង​ «ផ្កា​ស្រពោន» ​​លើក​ឡើងថា តាមរយៈ​ការ​សម្ដែង​រឿងនេះ នឹង​អាច​ធ្វើ​ឱ្យ​ទម្រង់សិល្បៈនេះមានសកម្មភាពផុសផុលឡើងវិញ ជាពិសេស​ចូលរួម​ផ្សព្វផ្សាយ​ដល់​យុវជន​ឱ្យ​ចូលរួម​ស្វែង​យល់​ និង​​សិក្សា ខណៈ​ធនធាន​មនុស្ស​ក្នុង​ផ្នែក​នេះ​កំពុង​ខ្វះ​ខាត។


ដើម្បី​ជ្រាប​កាន់តែ​ច្បាស់​ សូម​អញ្ជើញ​ស្ដាប់​កិច្ច​សម្ភាស​រវាង​អ្នក​ស្រី ញឹក ស្រីល័ក្ខ ជាមួយ​លោក ណេន ភារឹទ្ធ តួអង្គ​ឯក​ ក្នុង​ល្ខោន​និយាយ​រឿង​ «ផ្កា​ស្រពោន» ដូចតទៅ៖





ល្ខោន​និយាយ គឺ​ជា​ទម្រង់​សិល្បៈ​ល្ខោន​មួយ​ ដែល​យក​ពាក្យ​សម្ដី​ជា​ធំ​ រួម​ផ្សំ​ជាមួយ​កាយវិការ​សម្ដែង​របស់​តួ​អង្គ​​។ ជាក់​ស្ដែង រឿង​«ផ្កាស្រពោន» ជាអក្សរសិល្ប៍ដ៏មានប្រជាប្រិយភាពមួយ ដែលនិពន្ធឡើងដោយកវី នូ ហាច ជាប្រភេទរឿងមនោសញ្ចេតនា-សោកនាដកម្ម ធ្វើឱ្យ​អ្នកអានមានភាពអណ្តែតអណ្តូង និងក្តុកក្តួលទៅតាមដំណើរនៃសាច់រឿង។​ ដើម្បី​ឱ្យ​អក្សរសិល្ប៍​រឿង​ផ្កា​ស្រពោន មាន​ភាព​រស់​រវើក​ឡើងវិញ​ នាយកដ្ឋាន​សិល្បៈទស្សនីយភាព បាន​ដក​ស្រង់ និង​ដំឡើង​រឿងនេះ មក​សម្ដែងជា​ទម្រង់​ល្ខោន​និយាយ​​ជូន​ទស្សនិកជន​នៅ​ថ្ងៃទី​១៥-១៦ ខែ​វិច្ឆិកានេះ។ 
 

   ការសម្ដែង​ល្ខោននិយាយរឿង​ផ្កាស្រពោន។ រូបភាពពី​លោក ណេន ភារឹទ្ធ
 
ក្នុង​កិច្ច​សម្ភាស​ជា​មួយ​សារព័ត៌មាន​ថ្មីៗ លោក ណេន ភារឹទ្ធ តួអង្គឯក​ឈ្មោះ ​ប៊ុន​ធឿន ក្នុង​រឿង​ «ផ្កាស្រពោន» បាន​លើកឡើងថា ការ​ដក​ស្រង់ និង​ដំឡើងរឿងនេះ ព្រោះ​ដើម​ឡើយអក្សរសិល្ប៍​រឿង​ផ្កា​ស្រពោនមិន​សូវបានសម្ដែងជា​ល្ខោននិយាយ​ឱ្យ​ទស្សនិកជនទស្សនា​​ឡើយ ដោយ​ទស្សនិក​ជន​ធ្លាប់អាន​តែ​តាម​សៀវភៅ ឬ​ស្ដាប់​តាម​វិទ្យុ។ ម៉្យាងវិញទៀត ក៏​ដើម្បី​រំឭក​ឡើងវិញដល់ស្នាដៃដ៏ល្អឯក និង​ជា​ការ​ធ្វើឲ្យទម្រង់សិល្បៈនេះមានសកម្មភាពផុសផុលឡើងវិញ។ 
 
ផ្ទាំង​ទស្សនីយភាព​រឿង​ផ្កា​ស្រពោននេះ មាន​សិល្បករ សិល្បការិនីសម្ដែង​ចំនួន ២៦នាក់ ដែល​៥០ភាគ​រយ មាន​ជំនាញ​ល្ខោន​និយាយ និង​៥០ភាគរយទៀត មក​ពី​ជំនាញ​ផ្សេង​ដូច​ជា ល្ខោន​បាសាក់, របាំ​ប្រពៃណី​, ចម្រៀង​ និង​ភ្លេង​ជាដើម។ ទម្រាំ​​​អាច​សម្ដែង​ទម្រង់​ល្ខោននិយាយ​រឿង​ផ្កា​ស្រពោន​ ជូន​ទស្សនិកជន​ទស្សនា គឺ​សិល្បករ​ សិល្បការិនី បាន​​ប្រើ​ពេល​ជាង៤​ខែ ដើម្បី​ហាត់​សម។ 
  

រូបភាពពី​លោក ណេន ភារឹទ្ធ
 
បើតាម​លោក ណេន ភារឹទ្ធ ការ​ហាត់សម​នេះ ពិត​ជា​មាន​ផល​លំបាក។ លំបាកត្រង់ ក្រុម​ការងារ​ ត្រូវ​ច្បិច​យក​ឈុត​ និង​ពាក្យ​ពេចន៍ យក​មក​ដាក់​ក្នុង​រឿង​។ បើ​ទោះ​ជា​មាន​ផល​លំបាកយ៉ាង​ណាក្ដី​ តែ​លោក ភារឹទ្ធ និង​ក្រុម​ការងារ​ នៅ​តែ​ព្យាយាម​ដក​ស្រង់​អក្សរសិល្ប៍​នេះយក​មក​សម្ដែង​ឱ្យ​ល្អ ជាពិសេសក៏​បាន​​​​ឆ្លង​យោបល់​ជាមួយ​ថ្នាក់​ដឹក​នាំ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈផង​ដែរ​។ 
 
សាច់​រឿង​ផ្កា​ស្រពោន មាន​ភាព​ទាក់ទាញ​ស្ទើរ​គ្រប់​ឈុត ប៉ុន្តែ​លោក ណេន ភារឹទ្ធ បង្ហាញ​ឈុត​ទាក់ទាញ​ចំនួន ៣​ គឺឈុត​ម្ដាយ​ ដែល​ព្យាយាម​​បញ្ចុះ​បញ្ចូល​កូនស្រី ឱ្យ​កាត់​ចិត្ត​ពី​ប៊ុន​ធឿន​។ ឈុត​ទី២ ជា​ឈុត​វិធាវី និង​ប៊ុន​ធឿន​ជួប​គ្នា​ និង​ឈុត​ទី​៣ ជា​ឈុត​ចុង​ក្រោយ​ ដែល​ធ្វើ​ឱ្យ​អ្នក​ទស្សនា​​ស្រណោះ​ នៅ​ពេល​វិធាវីទទួល​មរណភាព​។ 


  លោក ណេន ភារឹទ្ធ ​សម្ដែងនាពេល​កន្លងមក។
 
ដើម្បី​ជា​ការ​ចូលរួ​ម​គាំទ្រ​ការ​សម្ដែង​ផ្ទាំង​ទស្សនីយភាព​ទម្រង់​ល្ខោន​និយាយ​រឿង «ផ្កា​ស្រពោន» លោក ភារឹទ្ធ សំណូម​ពរ​ដល់​សាធារណជន​ចូលរួម​គាំទ្រ​ និង​ទស្សនា​ឱ្យ​បា​ន​ច្រើន​កុះ​ករ​ ដែល​ជា​កម្លាំង​ចិត្ត​ដល់​សិល្បករ សិល្បការិនី​។ តួ​អង្គ​ឯក​ ប៊ុនធឿន រូបនេះ ជឿជាក់ថា​សាធារណជន​ នឹង​មិន​ទុក​ឱ្យ​សិល្បករ សិល្បការិនី​​បែប​បុរាណនេះ​ឯកា​ឡើយ​ ដោយ​មក​ចូល​រួម​ទស្សនា​កាន់តែច្រើន។
 
សូម​បញ្ជាក់ថា ការ​សម្ដែង​ល្ខោន​និយាយ​រឿង «ផ្កា​ស្រពោន» នឹង​ចាប់​ផ្ដើម​នៅ​ថ្ងៃទី​១៥ វិច្ឆិកា វេលា​ម៉ោង ៦ល្ងាច និង​ថ្ងៃទី​១៦ វិច្ឆិកា វេលាម៉ោង ៣រសៀល និង​ម៉ោង ៦ ល្ងាច​  នៅ​សាល​សន្នី​សីទ​ចតុ​ម្មុខ ដោយ​សំបុត្រចូល​រួម​មាន​តម្លៃ ២ម៉ឺនរៀល និង​៤​ម៉ឺន​រៀល​៕​

Tag:
 ល្ខោន​និយាយ
© រក្សាសិទ្ធិដោយ thmeythmey.com