ជាតិ
បទយកការណ៍ / បទសម្ភាសន៍
បទសម្ភាសន៍
អក្សរសិល្ប៍រឿង«ផ្កាស្រពោន» នឹងមានភាពរស់រវើកឡើងវិញ តាមរយៈទស្សនីយភាពល្ខោននិយាយ 14, Nov 2022 , 1:59 pm

ការសម្ដែងល្ខោននិយាយរឿងផ្កាស្រពោន។ រូបភាពពីលោក ណេន ភារឹទ្ធ
×![]()
ភ្នំពេញ៖ នៅថ្ងៃទី១៥-១៦ ខែវិច្ឆិកានេះ នាយកដ្ឋានសិល្បៈទស្សនីយភាព នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ នឹងរៀបចំការសម្ដែងផ្ទាំងទស្សនីយភាពល្ខោននិយាយរឿង «ផ្កាស្រពោន» នៅសាលសន្និសទីចតុម្មុខ។ លោក ណេន ភារឹទ្ធ តួអង្គឈ្មោះប៊ុនធឿន ដែលជាតួអង្គឯកក្នុងល្ខោននិយាយរឿង «ផ្កាស្រពោន» លើកឡើងថា តាមរយៈការសម្ដែងរឿងនេះ នឹងអាចធ្វើឱ្យទម្រង់សិល្បៈនេះមានសកម្មភាពផុសផុលឡើងវិញ ជាពិសេសចូលរួមផ្សព្វផ្សាយដល់យុវជនឱ្យចូលរួមស្វែងយល់ និងសិក្សា ខណៈធនធានមនុស្សក្នុងផ្នែកនេះកំពុងខ្វះខាត។
ដើម្បីជ្រាបកាន់តែច្បាស់ សូមអញ្ជើញស្ដាប់កិច្ចសម្ភាសរវាងអ្នកស្រី ញឹក ស្រីល័ក្ខ ជាមួយលោក ណេន ភារឹទ្ធ តួអង្គឯក ក្នុងល្ខោននិយាយរឿង «ផ្កាស្រពោន» ដូចតទៅ៖
ល្ខោននិយាយ គឺជាទម្រង់សិល្បៈល្ខោនមួយ ដែលយកពាក្យសម្ដីជាធំ រួមផ្សំជាមួយកាយវិការសម្ដែងរបស់តួអង្គ។ ជាក់ស្ដែង រឿង«ផ្កាស្រពោន» ជាអក្សរសិល្ប៍ដ៏មានប្រជាប្រិយភាពមួយ ដែលនិពន្ធឡើងដោយកវី នូ ហាច ជាប្រភេទរឿងមនោសញ្ចេតនា-សោកនាដកម្ម ធ្វើឱ្យអ្នកអានមានភាពអណ្តែតអណ្តូង និងក្តុកក្តួលទៅតាមដំណើរនៃសាច់រឿង។ ដើម្បីឱ្យអក្សរសិល្ប៍រឿងផ្កាស្រពោន មានភាពរស់រវើកឡើងវិញ នាយកដ្ឋានសិល្បៈទស្សនីយភាព បានដកស្រង់ និងដំឡើងរឿងនេះ មកសម្ដែងជាទម្រង់ល្ខោននិយាយជូនទស្សនិកជននៅថ្ងៃទី១៥-១៦ ខែវិច្ឆិកានេះ។
ការសម្ដែងល្ខោននិយាយរឿងផ្កាស្រពោន។ រូបភាពពីលោក ណេន ភារឹទ្ធ
ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗ លោក ណេន ភារឹទ្ធ តួអង្គឯកឈ្មោះ ប៊ុនធឿន ក្នុងរឿង «ផ្កាស្រពោន» បានលើកឡើងថា ការដកស្រង់ និងដំឡើងរឿងនេះ ព្រោះដើមឡើយអក្សរសិល្ប៍រឿងផ្កាស្រពោនមិនសូវបានសម្ដែងជាល្ខោននិយាយឱ្យទស្សនិកជនទស្សនាឡើយ ដោយទស្សនិកជនធ្លាប់អានតែតាមសៀវភៅ ឬស្ដាប់តាមវិទ្យុ។ ម៉្យាងវិញទៀត ក៏ដើម្បីរំឭកឡើងវិញដល់ស្នាដៃដ៏ល្អឯក និងជាការធ្វើឲ្យទម្រង់សិល្បៈនេះមានសកម្មភាពផុសផុលឡើងវិញ។
ផ្ទាំងទស្សនីយភាពរឿងផ្កាស្រពោននេះ មានសិល្បករ សិល្បការិនីសម្ដែងចំនួន ២៦នាក់ ដែល៥០ភាគរយ មានជំនាញល្ខោននិយាយ និង៥០ភាគរយទៀត មកពីជំនាញផ្សេងដូចជា ល្ខោនបាសាក់, របាំប្រពៃណី, ចម្រៀង និងភ្លេងជាដើម។ ទម្រាំអាចសម្ដែងទម្រង់ល្ខោននិយាយរឿងផ្កាស្រពោន ជូនទស្សនិកជនទស្សនា គឺសិល្បករ សិល្បការិនី បានប្រើពេលជាង៤ខែ ដើម្បីហាត់សម។

រូបភាពពីលោក ណេន ភារឹទ្ធ
បើតាមលោក ណេន ភារឹទ្ធ ការហាត់សមនេះ ពិតជាមានផលលំបាក។ លំបាកត្រង់ ក្រុមការងារ ត្រូវច្បិចយកឈុត និងពាក្យពេចន៍ យកមកដាក់ក្នុងរឿង។ បើទោះជាមានផលលំបាកយ៉ាងណាក្ដី តែលោក ភារឹទ្ធ និងក្រុមការងារ នៅតែព្យាយាមដកស្រង់អក្សរសិល្ប៍នេះយកមកសម្ដែងឱ្យល្អ ជាពិសេសក៏បានឆ្លងយោបល់ជាមួយថ្នាក់ដឹកនាំក្រសួងវប្បធម៌ និងវិចិត្រសិល្បៈផងដែរ។
សាច់រឿងផ្កាស្រពោន មានភាពទាក់ទាញស្ទើរគ្រប់ឈុត ប៉ុន្តែលោក ណេន ភារឹទ្ធ បង្ហាញឈុតទាក់ទាញចំនួន ៣ គឺឈុតម្ដាយ ដែលព្យាយាមបញ្ចុះបញ្ចូលកូនស្រី ឱ្យកាត់ចិត្តពីប៊ុនធឿន។ ឈុតទី២ ជាឈុតវិធាវី និងប៊ុនធឿនជួបគ្នា និងឈុតទី៣ ជាឈុតចុងក្រោយ ដែលធ្វើឱ្យអ្នកទស្សនាស្រណោះ នៅពេលវិធាវីទទួលមរណភាព។
លោក ណេន ភារឹទ្ធ សម្ដែងនាពេលកន្លងមក។
ដើម្បីជាការចូលរួមគាំទ្រការសម្ដែងផ្ទាំងទស្សនីយភាពទម្រង់ល្ខោននិយាយរឿង «ផ្កាស្រពោន» លោក ភារឹទ្ធ សំណូមពរដល់សាធារណជនចូលរួមគាំទ្រ និងទស្សនាឱ្យបានច្រើនកុះករ ដែលជាកម្លាំងចិត្តដល់សិល្បករ សិល្បការិនី។ តួអង្គឯក ប៊ុនធឿន រូបនេះ ជឿជាក់ថាសាធារណជន នឹងមិនទុកឱ្យសិល្បករ សិល្បការិនីបែបបុរាណនេះឯកាឡើយ ដោយមកចូលរួមទស្សនាកាន់តែច្រើន។
សូមបញ្ជាក់ថា ការសម្ដែងល្ខោននិយាយរឿង «ផ្កាស្រពោន» នឹងចាប់ផ្ដើមនៅថ្ងៃទី១៥ វិច្ឆិកា វេលាម៉ោង ៦ល្ងាច និងថ្ងៃទី១៦ វិច្ឆិកា វេលាម៉ោង ៣រសៀល និងម៉ោង ៦ ល្ងាច នៅសាលសន្នីសីទចតុម្មុខ ដោយសំបុត្រចូលរួមមានតម្លៃ ២ម៉ឺនរៀល និង៤ម៉ឺនរៀល៕
© រក្សាសិទ្ធិដោយ thmeythmey.com